More

    អត្ថប្រយោជន៍បួនយ៉ាងនៃដំណាំគម្របដីកសិករមិនគួររំលង

    ដំណាំគម្របដីគឺជាប្រភេទដំណាំដែលត្រូវបានដាំដុះសម្រាប់គោលបំណងកែលម្អសុខភាពដី ជាជាងការប្រមូលផលសម្រាប់លក់។ ការប្រើប្រាស់ដំណាំគម្របដី​គឺជាវិធីសាស្រ្តកសិកម្មប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងការស្តារ និងរក្សាគុណភាពដីកសិកម្ម។

    ១. ការកាត់បន្ថយសំណឹកដី និងការរក្សាសំណើម

    ឫស និងស្លឹករបស់ដំណាំគម្របដីបង្កើតបានជាគម្របការពារលើផ្ទៃដី។ គម្របនេះជួយកាត់បន្ថយការបោកបក់ដោយផ្ទាល់ពីទឹកភ្លៀង ឬខ្យល់ ដែលជាកត្តាចម្បងបង្កឲ្យមានសំណឹកដី។

    ដំណាំគម្របដីជួយកាត់បន្ថយការហួតទឹកពីផ្ទៃដីដោយសារកម្ដៅថ្ងៃ។ ការណ៍​នេះជួយរក្សាសំណើមដីឲ្យបានយូរអង្វែង ដែលមានសារៈសំខាន់ខ្លាំងក្នុងរដូវប្រាំង ឬពេលអាក់ខានភ្លៀង។

    - Advertisement -

    ២. ការកែលម្អរចនាសម្ព័ន្ធដី

    នៅពេលដំណាំគម្របដីត្រូវបានភ្ជួរលប់ចូលទៅក្នុងដី ឬត្រូវបានទុកចោលឲ្យរលួយ វានឹងក្លាយជាប្រភពសារធាតុសរីរាង្គដ៏សម្បូរបែប។ សារធាតុសរីរាង្គជួយធ្វើឲ្យដីធូរ ហើយបង្កើនសមត្ថភាពដីក្នុងការរក្សាទឹក និងសារធាតុចិញ្ចឹម។

    ឫសរបស់ដំណាំគម្របដីជាច្រើនមានលក្ខណៈជ្រៅ និងរឹងមាំដែលអាចចាក់​ចូលទៅ​ក្នុង​ដីដែល​រឹងខះ​។ ការណ៍​នេះជួយបង្កើនរន្ធខ្យល់ និងការជ្រាបទឹកចូលក្នុងដី។

    ៣. ការគ្រប់គ្រងជីជាតិដី

    ដំណាំគម្របដីត្រកូលសណ្តែកដូចជា សណ្តែកបាយ ឬសណ្តែកសៀងមានសមត្ថភាពពិសេស​អាចទាញយកអាសូតពីបរិយាកាសចូលទៅក្នុងដី ។ ការណ៍​នេះជួយកាត់បន្ថយការចំណាយលើជីគីមីអាសូត។

    ដំណាំគម្របដីអាចស្រូបយកសារធាតុចិញ្ចឹមដែលរលាយ ជ្រាបចូលទៅក្នុងស្រទាប់ដីជ្រៅ ហើយរក្សាទុកនៅក្នុងជីវម៉ាសរបស់វា។ នៅពេលដំណាំទាំងនោះរលួយ សារធាតុចិញ្ចឹមនឹងត្រូវបានបញ្ចេញមកវិញ សម្រាប់ដំណាំសំខាន់បន្តបន្ទាប់។

    ៤. ការទប់ស្កាត់ស្មៅ និងជំងឺ

    ដំណាំគម្របដីក្រាស់ៗជួយបាំងពន្លឺព្រះអាទិត្យ ធ្វើឱ្យស្មៅមិនអាចដុះលូតលាស់បាន ដែលកាត់បន្ថយតម្រូវការប្រើប្រាស់ថ្នាំកម្ចាត់ស្មៅ។

    បន្ថែម​ពីនេះការដាំដំណាំគម្របដីមួយចំនួនអាចបន្សល់ទុកសារធាតុនៅក្នុងដីដែលមិនអនុគ្រោះដល់ការលូតលាស់របស់មេរោគ ឬពពួកណេម៉ាតូត​(ដង្កូវមូលតូចៗដែលស៊ីឫស)។ ដំណាំគម្របដី​​អាច​មាន​ដូច​ជា​ពពួក​សណ្ដែក និង​ចង្រង់ស្វាជា​ដើម​។​

    ប្រភព៖ SARE
    ដោយ៖ ចាន់ តារា