More

    របៀបថែទាំកូនមាន់កុំឲ្យងាប់ដោយសាររងា

    កូនមាន់ទើបនឹងញាស់ (អាយុ ០-៤ សប្ដាហ៍) គឺជារយៈពេលដែលងាយរងគ្រោះបំផុត។ បញ្ហាធំបំផុតដែលបណ្ដាលឲ្យកូនមាន់ងាប់ច្រើនគឺដោយសារការរងាឬការបាត់បង់កម្ដៅ។ ការថែទាំកម្ដៅបានត្រឹមត្រូវ គឺជាគន្លឹះនៃភាពជោគជ័យក្នុងការចិញ្ចឹម។

    ខាងក្រោមនេះជាវិធានការសំខាន់ៗដែលបងប្អូនត្រូវអនុវត្តដើម្បីរក្សាកូនមាន់ឲ្យមានសុខភាពល្អ។

    ១. ការរៀបចំជម្រក និងសម្ភារៈផ្ដល់កម្ដៅ

    កូនមាន់ត្រូវការកម្ដៅពីខាងក្រៅដើម្បីរស់រានព្រោះវាគ្មានសមត្ថភាពគ្រប់គ្រងកម្ដៅខ្លួនឯងបានល្អដូចមាន់ធំទេ។

    - Advertisement -
    • កន្លែង​បិទ​ជិត
      • ត្រូវរៀបចំកន្លែងចិញ្ចឹមកូនមាន់ឲ្យមានជញ្ជាំងបិទបាំងជុំវិញ ឬប្រើរបាំងដើម្បីការពារកុំឲ្យខ្យល់ត្រជាក់បក់ចូលដោយផ្ទាល់ និងដើម្បីប្រមូលផ្ដុំកម្ដៅឲ្យបានល្អ។
      • ទំហំនៃរបាំងនេះត្រូវមានលក្ខណៈសមាមាត្រទៅនឹងចំនួនកូនមាន់ (កុំតូចពេក អាចធ្វើឲ្យមាន់ប្រមូលផ្ដុំគ្នាថប់ដង្ហើម)។
    • ប្រភពកម្ដៅ​ចាំបាច់
      • ប្រើអំពូលកម្ដៅឬឧបករណ៍ផ្ដល់កម្ដៅផ្សេងៗ (ដូចជា ចង្ក្រានកម្ដៅ ឬចង្ក្រានធ្យូង)។
      • ត្រូវដំឡើងអំពូលកម្ដៅឲ្យមានកម្ពស់សមស្រប ដែលអាចផ្ដល់កម្ដៅបានគ្រប់គ្រាន់ដល់កូនមាន់ដែលនៅពីក្រោមអំពូល។
    • កម្រាលទ្រុង
      • ប្រើចំបើងស្ងួត ឬស្រកីដូងស្ងួត ក្រាលកម្រាលទ្រុងឲ្យបានក្រាស់ល្មម (ប្រហែល ៥-៧ សង់ទីម៉ែត្រ)។ កម្រាលស្ងួតជួយរក្សាកម្ដៅនិងការពារកុំឲ្យកូនមាន់ត្រជាក់ពីសំណើម។

    ២. ការគ្រប់គ្រង និងកែតម្រូវសីតុណ្ហភាព

    កូនមាន់មានតម្រូវការសីតុណ្ហភាពខុសៗគ្នាទៅតាមអាយុ៖

    • សប្ដាហ៍ទី ១ សីតុណ្ហភាព​សម្រាប់កូន​មាន់​ប្រហែល​​៣២ទៅ​៣៥​អង្សា
    • សប្ដាហ៍ទី ២ សីតុណ្ហភាព​សម្រាប់កូន​មាន់​ប្រហែល​​២៩​ទៅ​៣២​អង្សា
    • សប្ដាហ៍ទី ៣ សីតុណ្ហភាព​សម្រាប់កូន​មាន់​ប្រហែល​​២៦​ទៅ​២៩​អង្សា
    • សប្ដាហ៍ទី ៤ សីតុណ្ហភាព​សម្រាប់កូន​មាន់​ប្រហែល​​២៣​ទៅ​២៦​អង្សា

    ចំណាំ: ត្រូវបន្ថយកម្ដៅប្រហែល ៣អង្សារៀងរាល់សប្ដាហ៍។

    ៣. តាមដានឥរិយាបថកូនមាន់

    កូនមាន់នឹងបង្ហាញសញ្ញាប្រាប់យើងថាតើសីតុណ្ហភាពដែលយើងផ្ដល់ឲ្យនោះត្រឹមត្រូវ ឬអត់​។ យើង​អាច​សង្កេត​ល់​សញ្ញា​មួយ​ចំនូន​ដូច​ខាង​ក្រោម​។

    • កូនមាន់ប្រមូលផ្ដុំគ្នា បាន​ន័យ​ថាត្រជាក់ខ្លាំង មិនគ្រប់កម្ដៅ។ ដូច​នេះ​យើង​ត្រូវ​បន្ថយកម្ពស់អំពូលកម្ដៅ ឬបន្ថែមប្រភពកម្ដៅ។
    • កូនមាន់ដេកនៅគែមឆ្ងាយ មានន័យ​ថា​ក្ដៅខ្លាំងពេក​ពេល​នៅក្រោមអំពូលកម្ដៅ។ ហេតុ​នេះ​យើង​ត្រូវ​លើកអំពូលកម្ដៅឲ្យខ្ពស់ឡើងបន្តិច​ ឬកាត់បន្ថយកម្ដៅ។
    • កូនមាន់រត់ទៅមក និងហត់ អាច​​មានន័យ​ថា​ខ្យល់ចេញចូលមិនល្អ មានជាតិពុល (អាម៉ូញាក់) ឬសើម។ យើង​អាច​បើកច្រកឲ្យមានខ្យល់ចេញចូលបានខ្លះហើយសម្អាតកម្រាល​ទ្រុង។
    • កូនមាន់បែកខ្ញែកគ្នាស្មើ មាន​ន័យ​ថា​សីតុណ្ហភាពល្អ គ្រប់គ្រាន់ និងមានផាសុកភាព។ យើង​អាច​រក្សាកម្ដៅឲ្យនៅដដែល។

    ៤. អនាម័យ និងចំណីអាហារ

    • ទឹកស្អាត៖ ត្រូវផ្តល់ទឹកស្អាត​ដល់កូនមាន់ជាពិសេសនៅពេលព្រឹកព្រលឹម ដើម្បីជួយរក្សាកម្ដៅក្នុងខ្លួននិងជំរុញឲ្យវាផឹកទឹក។
    • អនាម័យ៖ រក្សាកម្រាលទ្រុង និងឧបករណ៍ដាក់ទឹក/ចំណីឲ្យនៅស្ងួត និងស្អាតជានិច្ច ដើម្បីការពារជំងឺរាករូសដែលធ្វើឲ្យកូនមាន់កាន់តែចុះខ្សោយ។

    ការគ្រប់គ្រងកម្ដៅគឺជាកាតព្វកិច្ចចម្បងក្នុងអំឡុងពេលចិញ្ចឹមកូនមាន់។ ត្រូវតាមដានមើលឥរិយាបថរបស់វា ហើយកែតម្រូវកម្ដៅតាមតម្រូវការ នោះទើបកូនមាន់របស់បងប្អូនលូតលាស់រឹងមាំ និងមានអត្រារស់រានខ្ពស់។

    ប្រភព៖ Chicken heat schedule
    ដោយ៖ ចាន់ តារា

    អត្ថបទគួរអាន៖
    ១. ឃើញចំណុចទាំងនេះគឺទ្រុងមាន់គ្មានអនាម័យ
    ២. កុំរំលងវ៉ាក់សាំងបីមុខនេះ បើមិនចង់ឃើញកូនមាន់ងាប់ពាយ
    ៣. កម្ចាត់មូស​និង​ជម្រក​មូស​ជួយ​ការពារ​មាន់​ពី​ជំងឺ​​អុត​