More

    កត្តាបីសំខាន់អាចធ្វើ​ឲ្យ​ដំណាំ​ត្រសក់​ស្ពោត​ស្វិតខូច​រូបរាង​

    ត្រសក់​គឺ​ជា​ដំណាំ​ចាំ​បាច់​ និង​មាន​ទីផ្សារ​មួយ​ដែរ ព្រោះ​តែ​តម្រូវ​ការ​នៅ​ក្នុង​ការ​ហូប​ចុក​របស់​ប្រជាជន​ទូទៅ​ជា​រៀង​រាល់​ថ្ងៃ​។

    ដំណាំ​ត្រសក់​ ​ងាយស្រួល​នៅ​ក្នុង​ការ​ដាំ​ដុះ​ ប៉ុន្តែ​នៅ​ក្នុង​ពេល​ដាំ​ ក៏​តែង​ទទួល​បាន​លទ្ធផល​ខុស​ប្រក្រតី​មួយ​ចំនួន​ ដោយ​ដំណាំ​នេះ​ប្រែ​ទៅ​ជា​ស្ពោត​ស្វិត​ និង​ខូច​រូប​រាង​។

    មូលហេតុ​ចម្បង​ៗ​ ដែល​គេ​ដឹងថា​ត្រសក់​មាន​បញ្ហា​ស្ពោត​ស្វិត​ ខូច​រូបរាង​បែប​នេះ​ព្រោះ​តែ​កត្តា​ធំ​ៗ​ដូច​ជា​ ខ្វះ​ជីវជាតិ​ ខ្វះ​ទឹក​ និង​ដំណាំ​ទទួល​រង​កម្ដៅ​ខ្លាំង​ពេក​។

    - Advertisement -

    ដំណាំ​ត្រសក់​គឺ​ជា​ដំណាំ​ ដែល​ត្រូវ​ការការ​មើល​ថែ​ដាក់​ជី​ជា​ប្រចាំ​ ដោយ​ដំណាំ​នេះ​ត្រូវ​ការ​ជី​ច្រើន​ ត្រូវការ​បន្ថែម​ជី​រាល់​ ២-៣សប្ដាហ៍​ម្ដង​។ បើ​មិន​ដូច្នេះ​ទេ​នោះ​ ដំណាំ​នេះ​នឹង​ប្រែ​ពណ៌​ និង​ចាប់​ផ្ដើម​ស្វិត​។

    មួយ​វិញ​ទៀត​គឺ​អាច​បណ្ដាល​មក​ពី​បញ្ហា​កង្វះ​ទឹក​ ដោយថា​ត្រសក់​ជា​ដំណាំ​ ដែល​ផ្សំ​ពី​សារធាតុ​ទឹក​រហូត​ទៅ​ដល់​ ៩៥% ម្ល៉ោះ​ហើយ​គឺ​ដំណាំ​នេះ​ទាមទារ​ទឹក​ច្រើន​បំផុត​។ កាល​ណា​ ដែល​អាកាសធាតុ​ក្ដៅ​កាន់​តែ​ខ្លាំងធ្វើឲ្យត្រសក់លូតលាស់មិនល្អ​ ហេតុ​នេះកសិករ​ត្រូវ​​ថែមទឹក​ជា​ប្រចាំ​។

    លើស​ពី​នេះ​គឺ​បញ្ហា​មក​ពី​កម្ដៅ​ខ្លាំង​ពេក​។ តាម​ពិត​ទៅ​ផ្លែ​ត្រសក់​គឺ​លូតលាស់​បាន​ល្អ​បំផុត​នៅ​ចន្លោះ​សីតុណ្ហភាព​ ២៤-២៩អង្សារ​ បើ​សីតុណ្ហភាព​ខ្ពស់ជាង​​នេះខ្លាំង​​គឺ​ផ្កា​ត្រសក់​នឹង​ខូច​រូបរាង​ ហើយ​រូប​រាង​ត្រសក់​លូតលាស់​មក​គឺ​ខូច​ ស្វិត​។ ដើម្បី​ការពារ​បញ្ហា​ទាំង​នេះ​គឺ​ត្រូវ​គ្របគុម្ព​ និង​ធានា​ថា​ដំណាំ​នេះ​មិន​ទទួល​រង​កម្ដៅ​ខ្លាំង​ពេក​។

    ដោយ៖​​ សែន តុលា
    ប្រភព៖ Gardening Knowledge