More

    ចិញ្ចឹម​​​ឆ្កែ ឬឆ្មា​ជួយ​ឲ្យ​ខួរ​ក្បាល​រក្សា​​​ការ​ចង​ចាំ​បាន​ល្អ

    ការសិក្សាមួយនៅប្រទេសអង់គ្លេសបានបង្ហាញថា ការចិញ្ចឹមឆ្កែ ឬឆ្មាអាចជួយការពារមុខងារខួរក្បា​លជាពិសេសគឺជួយឲ្យការចចាំបានល្អ នៅពេលយើង​ចាស់ទៅ។

    ការស្រាវជ្រាវនេះបានតាមដានមនុស្សពេញវ័យដែលមានអាយុ ៥០ឆ្នាំឡើងទៅ ដោយធ្វើការអង្កេតមើលរយៈពេល ១៨ឆ្នាំ ហើយបានពិនិត្យមើលពីរបៀបដែលសត្វចិញ្ចឹមផ្សេងៗ មានឥទ្ធិពល​ដល់ការចងចាំ និងជំនាញគិតរបស់ខួរក្បាលជាពិសេសទៅលើក្រុមមនុស្សវ័យ​ចំណាស់​។

    លទ្ធផលបានបង្ហាញពីភាពខុសគ្នាយ៉ាងច្បាស់រវាងសត្វចិញ្ចឹម។ អ្នកដែលមានឆ្កែច្រើន អាចរក្សាការចងចាំបានល្អជាង ទាំងរយៈពេលខ្លី និងរយៈពេលវែង បើ​ធៀបទៅ​នឹង​សត្វចិញ្ចឹម​ផ្សេង​ទៀត​។ ចំពោះការចិញ្ចឹមឆ្មាបានបង្ហាញពីការធ្លាក់ចុះយឺតនៃជំនាញប្រើប្រាស់ពាក្យសំដី ដូចជាការស្វែងរក និងការប្រើប្រាស់ពាក្យត្រឹមត្រូវក្នុងការនិយាយ និងគិត។ ចំពោះអ្នកដែលមានត្រី ឬសត្វស្លាប ជាសត្វចិញ្ចឹមមិនបានបង្ហាញពីអត្ថប្រយោជន៍ច្បាស់លាស់ណាមួយជួយដល់ប្រព័ន្ធខួរក្បាលនោះទេ។

    - Advertisement -

    អ្នកស្រាវជ្រាវជឿថា ឆ្កែ និងឆ្មាជួយដល់​សុខភាព​ខួរក្បាលរបស់​អ្នកចិញ្ចឹម​ ពីព្រោះពួកវាត្រូវការប្រលែងលេង ប្រាស្រ័យទាក់ទង និងការតភ្ជាប់អារម្មណ៍ច្រើន។ ការដើរលេងជាមួយឆ្កែ ជាមួយឆ្មា ការថែទាំពួកវា ផ្តល់នូវការរំញោចផ្លូវចិត្ត និងលើកទឹកចិត្តឲ្យមានទម្លាប់សកម្មជាប្រចាំថ្ងៃ។ ឆ្កែក៏ជួយម្ចាស់ឱ្យបង្កើតទំនាក់ទំនងសង្គមកាន់តែច្រើនផងដែរ ខណៈពេលដែលឆ្មាអាចផ្តល់ភាពជាដៃគូ ជាពិសេសសម្រាប់មនុស្សដែលរស់នៅតែម្នាក់ឯង។

    ផ្ទុយទៅវិញ ត្រី និងសត្វស្លាបជាធម្មតាមិនសូវមានប្រាស្រ័យទាក់ទងជាមួយមនុស្ស ដែលជាម្ចាស់នោះទេ។ ត្រីមានអាយុកាលខ្លីក្នុងការរស់នៅ ខណៈពេលដែលសត្វស្លាបអាចរំខានដល់ការគេងដោយសំឡេង ដែលអាចប៉ះពាល់ដល់សុខភាពខួរក្បាល។

    គួរបញ្ជាក់ផងដែរថា ការសិក្សានេះបានបង្ហាញថា ការចិញ្ចឹមសត្វឆ្កែ ឬឆ្មាអាចជាមធ្យោបាយដ៏រីករាយ និងមានអត្ថន័យមួយ ដើម្បីគាំទ្រដល់សុខភាពខួរក្បាល ក៏ដូចជាមនុស្ស ដែលមាន​វ័យ​ចាស់ជរា ឲ្យមានសុខភាពល្អ ខណៈពេលដែលសង្គមក្នុងពេលនេះកំពុងប្រឈមមុខនឹងអត្រា​កើនឡើងនៃជំងឺវង្វេង៕

    ដោយ៖ សែន តុលា
    ប្រភព៖ The Guardian