ជំងឺ និងសត្វល្អិតចង្រៃលើដំណាំឳឡឹក

ឳឡឹកជាដំណាំដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ប៉ុន្តែវាងាយរងផលប៉ះពាល់ពីជំងឺ និងសត្វល្អិតចង្រៃជាច្រើនប្រភេទ។ ការយល់ដឹងអំពីរោគសញ្ញា លក្ខខណ្ឌកើតជំងឺ និងវិធានការការពារនិង​កម្ចាត់ គឺជាគន្លឹះសំខាន់ក្នុងការរក្សាទិន្នផល និងគុណភាពផលឳឡឹក។

ជំងឺលើដំណាំឳឡឹក

ក. ជំងឺអុជស្លឹកពណ៌លឿង

ជំងឺអុចស្លឹកពណ៌លឿង ជាជំងឺបង្កដោយ​ផ្សិតដែលច្រើនចាប់ផ្តើមរាតត្បាតលើស្លឹក​ឳឡឹក​ចា​ស់​​ៗ​​ជាមុន។ រោគសញ្ញាដំបូងអាចសង្កេតឃើញជាចំណុចរាងជ្រុងពណ៌លឿងខ្ចីលើស្លឹក បន្ទាប់មកវិវត្តទៅជាពណ៌បៃតងប្រលែត និងពង្រីកពីចំណុចតូចទៅធំ។ នៅដំណាក់កាលជំងឺធ្ងន់ធ្ងរ ចំណុចទាំងនេះនឹងប្រែជាពណ៌ត្នោត ហើយស្លឹកនឹងស្ងួត និងជ្រុះ។

ជំងឺនេះកើតឡើងខ្លាំងនៅពេលមានអ័ព្ទ សន្សើមច្រើន ភ្លៀងធ្លាក់ញឹកញាប់ ធ្វើឱ្យស្លឹកសើម​រយៈ​ពេល ៥–៦ ម៉ោង ជាពិសេសនៅសីតុណ្ហភាពប្រហែល ២៥–៣០ អង្សាសេ។ វាបង្កឱ្យដើមឳឡឹកលូតលាស់មិនល្អ ដើមក្រិន និងបណ្តាលឱ្យទិន្នផលថយចុះយ៉ាងច្រើន។

វិធីការពារ

  • ជ្រើសរើសពូជឳឡឹកដែលធន់នឹងជំងឺ
  • ដាំឱ្យមានគម្លាតសមស្របរវាងគុម្ពមួយ​ទៅ​គុម្ពមួយ ដើម្បីឱ្យពន្លឺ និងខ្យល់ចេញចូលល្អ
  • មិនស្រោចទឹកពីលើស្លឹក និងជៀសវាងស្រោចទឹកពេលល្ងាច
  • សម្អាតកាកសំណល់ដំណាំ ឬបន្លែបន្ទាប់ពីប្រមូលផល
  • មិនដាំឳឡឹកនៅជិតចម្ការដែលមានជំងឺប្រភេទដូចគ្នា
  • បាញ់ថ្នាំកំចាត់ផ្សិតរៀងរាល់ ៥–១០ ថ្ងៃម្តង។ ប្រឹក្សា​ជាមួយ​មន្ត្រី​កសិកម្មឃុំ​ដើម្បី​បាន​បច្ចេកទេស​ត្រឹមត្រូវ​។

វិធីកម្ចាត់

  • កាត់ស្លឹកដែលមានជំងឺយកទៅកប់ ឬដុតចោល មិនទុកនៅក្នុងចម្ការ
  • ប្រើថ្នាំបាញ់។

ខ. ជំងឺរួញស្លឹក

ជំងឺរួញស្លឹក​បណ្តាលឱ្យស្លឹកឳឡឹកប្រែពណ៌ពីបៃតងធម្មតា ទៅបៃតងចាស់ និងក្រាស់ បន្ទាប់មករួញ និងក្តោបចុះក្រោម។ នៅវគ្គចេញផ្កា និងចេញផ្លែ ផ្លែឳឡឹកនឹងក្រិន និងមិនលូតលាស់ល្អ​។ ជំងឺនេះបង្កឡើងដោយវីរុស ហើយត្រូវបានចម្លងដោយចៃជញ្ជក់រុក្ខរស។

វិធីការពារ

  • ប្រើពូជធន់នឹងជំងឺ
  • រក្សាអនាម័យចម្ការ
  • ការពារនិងកម្ចាត់ចៃជញ្ជក់រុក្ខរសឱ្យបានទាន់ពេល

គ. ជំងឺរលួយឫស

ជំងឺរលួយឫសបង្កឡើងដោយមេរោគ Fusarium oxysporum ដែលច្រើនកើតមានក្នុងរដូវក្តៅ និងមានសំណើមខ្ពស់។ នៅវគ្គកូនដំណាំ វាធ្វើឱ្យគល់ពុក ឫសរលួយ ដំណាំស្រពោន និងឈប់លូតលាស់។

វិធីការពារ និងកម្ចាត់

  • ប្រើថ្នាំគ្រប់គ្រង​ជំងឺផ្សិត​។ ប្រឹក្សា​ជាមួយ​មន្ត្រី​កសិកម្មឃុំ​ដើម្បី​បាន​ព័ត៌មាន​ច្បាស់​លាស់​។

សត្វល្អិតចង្រៃលើដំណាំឳឡឹក

ក. ទ្រីប

ទ្រីបជាសត្វល្អិតតូចៗដែលចូលចិត្តវាយប្រហារត្រួយឳឡឹក ធ្វើឱ្យត្រួយឈប់លូតលាស់។ គួរពិនិត្យឆែករកជាញឹកញាប់ ជាពិសេសនៅផ្នែកត្រួយ។

វិធីការពារ

  • ដាំដោយប្រើគម្របប្លាស្ទិក
  • ស្រោចទឹកឱ្យចំត្រួយ (បើអាចធ្វើបាន ១ថ្ងៃ ២ដង)

វិធីកំចាត់

  • បន្ថយការប្រើជីអ៊ុយរ៉េ (៤៦-០-០)
  • ប្រើថ្នាំ​ប្រភេទ​ថ្នាំ​បាញ់ឆ្លាស់គ្នា តាមការណែនាំ​

ខ. ចៃជញ្ជក់រុក្ខរស

ចៃជញ្ជក់រុក្ខរស​ជាសត្វល្អិតដែលរស់នៅខាងក្រោមស្លឹក និងជាភ្នាក់ងារចម្លងជំងឺវីរុស បណ្តាល​ឱ្យស្លឹក និងត្រួយឳឡឹករួញ។

វិធីការពារ

  • ដាំឳឡឹកឱ្យមានចម្ងាយសមស្រប
  • កំចាត់ស្មៅ និងដំណាំជម្រកនៅក្នុងចម្ការ
  • ស្រោចថ្នាំការពារសត្វល្អិតលើកូនឳឡឹកមុនដាំ
  • កប់កាកសំណល់ឳឡឹកបន្ទាប់ពីប្រមូលផល

វិធីកំចាត់

  • កាត់ស្លឹកដែលមានចៃយកទៅកប់ ឬដុតចោល
  • ប្រើថ្នាំបាញ់ឆ្លាស់គ្នា និងបាញ់ពេលអាកាសត្រជាក់ តាមការណែនាំ​។

ដោយ៖ សែន តុលា
ប្រភព៖ ឯកសារក្រសួងកសិកម្ម / UMD