ការចិញ្ចឹមមាន់ឱ្យមានសុខភាពល្អ និងធំធាត់លឿន មិនមែនទាល់តែប្រើចំណីថ្លៃៗជានិច្ចនោះទេ។ ស្រូវបណ្ដុះ គឺជាបច្ចេកទេសកែច្នៃគ្រាប់ស្រូវធម្មតា ឱ្យក្លាយជាប្រភពវីតាមីន និងអង់ស៊ីមដ៏ខ្ពស់ ដែលជួយឱ្យមាន់លូតលាស់បានយ៉ាងអស្ចារ្យ។
១. គុណសម្បត្តិ និងអត្ថប្រយោជន៍នៃស្រូវបណ្ដុះ
នៅពេលគ្រាប់ស្រូវចាប់ផ្ដើមដុះពន្លក ដំណើរការជីវគីមីក្នុងគ្រាប់ធញ្ញជាតិផ្លាស់ប្តូរ ដែលផ្ដល់នូវអត្ថប្រយោជន៍ដូចជា៖
- បង្កើនវីតាមីន និងជាតិរ៉ែ៖ ស្រូវបណ្ដុះសម្បូរទៅដោយវីតាមីន A, B, C, និង E រួមទាំងជាតិដែក និងស័ង្កសី ខ្ពស់ជាងស្រូវធម្មតា។
- ជួយដល់ប្រព័ន្ធរំលាយអាហារ៖ វាផ្ទុកទៅដោយ អង់ស៊ីមធម្មជាតិ ដែលជួយឱ្យក្រពះមាន់ស្រូបយកសារធាតុចិញ្ចឹមបានល្អជាងមុន និងកាត់បន្ថយបញ្ហាហើមពោះ ឬរាក។
- ពង្រឹងភាពស៊ាំ៖ ជួយឱ្យមាន់មានសុខភាពរឹងមាំ ធន់នឹងអាកាសធាតុប្រែប្រួល និងមិនងាយឆ្លងជំងឺ។
- បង្កើនគុណភាពស៊ុត និងសាច់៖ សម្រាប់មាន់ពង វានឹងជួយឱ្យពងមានទំហំធំ សំបកក្រាស់ និងផ្នែកលឿងមានពណ៌ស្អាត។ សម្រាប់មាន់សាច់ វានឹងជួយឱ្យសាច់រឹងមាំ និងមានជាតិខ្លាញ់ទាប។
- កាត់បន្ថយការចំណាយ៖ ស្រូវបណ្ដុះជួយឱ្យមាន់ឆាប់ឆ្អែត និងទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ ដែលកាត់បន្ថយការប្រើប្រាស់ចំណីផ្សំពីផ្សារ។

២. របៀបធ្វើស្រូវបណ្ដុះ
ដើម្បីទទួលបានស្រូវបណ្ដុះដែលមានគុណភាព បងប្អូនអាចអនុវត្តតាមជំហានខាងក្រោម៖
- ការត្រាំ៖ យកស្រូវទៅលាងជម្រះឱ្យស្អាត (រើសគ្រាប់ស្កកចេញ) រួចត្រាំក្នុងទឹកស្អាតរយៈពេល ១២ ទៅ២៤ម៉ោង។
- ការផ្អាប់៖ ស្រង់ស្រូវដែលត្រាំរួច ដាក់ក្នុងបាវ កញ្ជើ ឬធុងដែលមានប្រហោងខ្យល់ចេញចូល។ គ្របវាឱ្យជិតដើម្បីរក្សាសំណើម និងកម្ដៅ រួចទុកក្នុងកន្លែងម្លប់។
- ការដុះពន្លក៖ រង់ចាំរយៈពេល ២៤ ទៅ ៤៨ ម៉ោង។ នៅពេលបងប្អូនឃើញមានដុះពន្លកសៗតូចៗ (ប្រវែងប្រហែល ២-៥ មីលីម៉ែត្រ) នោះគឺជាពេលដែលស្រូវមានសារធាតុចិញ្ចឹមខ្ពស់បំផុត។
ការប្រុងប្រយ័ត្ន៖ កុំទុកឱ្យស្រូវដុះវែងពេកក្លាយជាកូនដើមស្រូវ (លើសពី ៣ ថ្ងៃ) ព្រោះសារធាតុចិញ្ចឹមមួយចំនួននឹងថយចុះ ហើយត្រូវប្រយ័ត្នកុំឱ្យមានដុះផ្សិត ឬមានក្លិនស្អុយឬផ្អួរ ដែលអាចធ្វើឱ្យមាន់ពុល។
៣. របៀបប្រើប្រាស់សម្រាប់មាន់
បងប្អូនអាចផ្ដល់ស្រូវបណ្ដុះឱ្យមាន់ស៊ីតាមវិធីខាងក្រោម៖
- ផ្ដល់ឱ្យស៊ីផ្ទាល់៖ បងប្អូនអាចបាចស្រូវបណ្ដុះឱ្យមាន់ស៊ីនៅពេលព្រឹក ឬពេលល្ងាចជាចំណីបន្ថែម។
- លាយជាមួយចំណីផ្សេងៗ៖ បងប្អូនអាចយកស្រូវបណ្ដុះទៅលាយជាមួយកន្ទក់ បន្លែហាន់ ឬត្រីកិន ដើម្បីបង្កើនរសជាតិ និងអាហារូបត្ថម្ភ។
- កម្រិតនៃការផ្ដល់ឱ្យ៖ អាចផ្ដល់ឱ្យមាន់ស៊ីប្រហែល ២០% ទៅ ៣០% នៃបរិមាណចំណីសរុបប្រចាំថ្ងៃ។
- សម្រាប់កូនមាន់៖ គួរកិន ឬបំបែកគ្រាប់ស្រូវបណ្ដុះឱ្យតូចបន្តិច ដើម្បីឱ្យកូនមាន់ងាយស្រួលស៊ី។
ស្រូវបណ្ដុះគឺជាបច្ចេកទេសចំណាយតិច បានផលច្រើន ដែលកសិករគ្រប់រូបគួរអនុវត្ត។ ចំបទពិសោធបងប្អូនយ៉ាងម៉េចដែរ? ចង់ចែករំលែកទាក់ទងមកក្រុមការងារកសិ។
ដោយ៖ ចាន់ តារា
ប្រភព៖ Chicken-Chick / Get strong animal
