ជំងឺអុតក្តាម​ជាហានិភ័យមួយរបស់កសិករ

ជំងឺអុតក្តាម គឺជាជំងឺឆ្លងដ៏សាហាវមួយ ដែលកើតមានលើសត្វដែលមាន​ចង្វែក​ជើងពីរ​​ដូចជា គោ ក្របី ជ្រូក ពពែ និងចៀម។ ជំងឺនេះមានការរីករាលដាលនៅទូទាំងពិភពលោក ហើយបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើកម្លាំងអូសទាញ សុខភាពសត្វ សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិទាំងមូល។

ជំងឺអុតក្តាមមិនត្រឹមតែធ្វើឱ្យសត្វឈឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តាលឱ្យការផលិតកម្មសត្វធ្លាក់ចុះ ការលូតលាស់យឺត និងការខាតបង់ចំណូលរបស់កសិករផងដែរ។

ការឆ្លង និងការរីករាលដាលនៃជំងឺ

ជំងឺអុតក្តាមអាចឆ្លងពីសត្វមួយទៅសត្វមួយទៀតយ៉ាងឆាប់រហ័ស តាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយសត្វឈឺ មនុស្ស ឬសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូសដោយមេរោគ។ មេរោគអុតក្តាមអាចហើរតាមខ្យល់ ហូរតាមទឹក និងរស់នៅលើវត្ថុជាច្រើនប្រភេទ។

ការឆ្លងអាចកើតមានតាមរយៈ៖

  • ការប្រើប្រាស់ខោអាវ ស្បែកជើង ឬសម្ភារៈដែលមានមេរោគទៅប៉ះពាល់សត្វ
  • ការផ្តល់ចំណី និងទឹកដែលប្រឡាក់ប្រឡូសមេរោគ
  • ការដឹកជញ្ជូនសត្វដោយមធ្យោបាយដែលមិនបានសម្អាត
  • ការនាំសត្វដែលផ្ទុកមេរោគចូលក្នុងហ្វូង
  • ការដាក់សត្វទៅកន្លែងដែលធ្លាប់មានផ្ទះជំងឺ

រោគសញ្ញានៃជំងឺអុតក្តាម

រយៈពេលសម្ងំរបស់មេរោគមានចន្លោះពី ១៨ ម៉ោង ដល់ ៣ សប្តាហ៍។ នៅពេលជំងឺផ្ទុះឡើង សត្វអាចបង្ហាញរោគសញ្ញាដូចជា៖

  • សត្វមានអាការៈគ្រុនក្តៅ ជាពិសេសសត្វវ័យក្មេង ហើយសីតុណ្ហភាពអាចថយចុះវិញក្រោយ ៤៨ម៉ោង។
  • កើតពងដរ និងដំបៅនៅលើអណ្តាត បបូរមាត់ និងមាត់ បណ្តាលឱ្យហូរទឹកមាត់ច្រើន មានពពុះមាត់ និងពិបាកស៊ីចំណី។
  • កើតពងដរ និងដំបៅនៅចុងដោះ ចន្លោះចង្វែកជើង ធ្វើឱ្យសត្វពិបាកឈរ និងធ្វើចលនា។
  • ពងបែកហូរទឹករងៃថ្លា ឬខាប់ ហើយបន្សល់ស្នាមរបួស
  • ការរលូតកូនអាចកើតមានជាញឹកញាប់

ជំងឺអុតក្តាមកម្របណ្តាលឱ្យសត្វងាប់ ប៉ុន្តែការធំធាត់ និងការស្ដារឡើងវិញបន្ទាប់ពីឈឺមានការយឺតយ៉ាវ។ ករណីងាប់អាចកើតមានចំពោះកូនសត្វទើបកើត និងជួនកាលក៏អាចកើតមានលើសត្វចាស់ផងដែរ។

វិធានការការពារ និងគ្រប់គ្រងជំងឺ

នៅពេលមានការសង្ស័យថាសត្វឆ្លងជំងឺអុតក្តាម ត្រូវអនុវត្តវិធានការបន្ទាន់ដូចជា៖

  • រាយការណ៍ជូនមន្ត្រីបសុពេទ្យ ឬភ្នាក់ងារសុខភាពសត្វភូមិជាបន្ទាន់
  • បំបែកសត្វឈឺចេញពីហ្វូង
  • ធ្វើអនាម័យកន្លែងចិញ្ចឹមសត្វជាប្រចាំ
  • ផ្តល់ចំណីអាហារទន់ៗ និងទឹកស្អាត
  • លាងសម្អាតរបួសដោយទឹកម្ជូរ និងលាបថ្នាំ(ប្រឹក្សាជាមួយពេទ្យ​សត្វ)
  • ហាមឃាត់ការចលនាសត្វចេញ-ចូល ឬឆ្លងកាត់តំបន់ផ្ទះជំងឺ
  • ហាមទិញ លក់ ឬដឹកជញ្ជូនសត្វដែលមានជំងឺ ឬផ្ទុកមេរោគ

អត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម

វិធានការដែលមានប្រសិទ្ធភាពបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអុតក្តាម គឺការចាក់ថ្នាំការពារ (វ៉ាក់សាំង) ជាមុន។ ការចាក់វ៉ាក់សាំងមិនត្រឹមតែការពារសត្វមិនឱ្យឈឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនទៀត ដូចជា៖

  • សត្វមិនឈឺ និងមិនឆ្លងជំងឺពីសត្វដទៃ ទោះស្ថិតនៅក្នុងតំបន់ផ្ទះជំងឺក្តី
  • សត្វមានសុខភាពល្អ និងការលូតលាស់ប្រក្រតី
  • វ៉ាក់សាំងមានតម្លៃថោក ងាយស្រួលប្រើប្រាស់
  • កាត់បន្ថយការចំណាយថវិកាក្នុងការព្យាបាល
  • បង្កើនផលិតភាព និងប្រាក់ចំណូលរបស់កសិករ

វ៉ាក់សាំងការពារជំងឺអុតក្តាមអាចផ្តល់ភាពស៊ាំមានស្ថិរភាពរយៈពេលប្រហែល ១០–១២ ខែ។ ដូច្នេះ ដើម្បីការពារសត្វ និងរក្សាស្ថិរភាពសេដ្ឋកិច្ចគ្រួសារ កសិករគួរចាក់វ៉ាក់សាំងការពារសត្វឱ្យបានទៀងទាត់តាមប្រតិទិនដែលណែនាំដោយមន្ត្រីបសុពេទ្យ៕

ដោយ៖ សែន តុលា
ប្រភព៖ ឯកសារក្រសួងកសិកម្ម / MSD Vet manual