More

    គន្លឹះសំខាន់ៗក្នុងការដាំនិងថែទាំដើមល្ហុង

    ការថែទាំដើមល្ហុង គឺជាដំណាក់កាលសំខាន់បំផុតមួយក្នុងការដាំដុះ ដែលជួយឲ្យដើមល្ហុងលូតលាស់បានល្អ មានសុខភាពរឹងមាំ និងអាចផ្តល់ផលបានច្រើន មានគុណភាពល្អ។ បន្ទាប់ពីដាំកូនល្ហុងរួចហើយ កសិករត្រូវយកចិត្តទុកដាក់លើការថែទាំជាបន្តបន្ទាប់ ដោយអនុវត្តតាមជំហានមួយចំនួន។

    ដំបូងយើង​ត្រូវផ្តោតសំខាន់លើការការពារសត្វល្អិត ដែលអាចបំផ្លាញកូនល្ហុងនៅវ័យក្មេង។ កសិករគួរបាញ់ថ្នាំការពារសត្វល្អិតលើកូនល្ហុង ដើម្បីការពារកុំឲ្យសត្វល្អិតស៊ី ឬកាត់ដើមល្ហុងចោល។ ការបាញ់ថ្នាំនេះ គួរធ្វើរៀងរាល់ ៥ ទៅ ៧ ថ្ងៃម្តង រហូតដល់ដើមល្ហុងមានកម្ពស់​ប្រហែល​ដល់ចង្កេះ។ ប្រឹក្សា​ជាមួយ​មន្ត្រី​កសិកម្ម​ឃុំ​ដើម្បី​ដឹង​ពី​ប្រភេទ​ថ្នាំ និង​វិធី​ប្រើប្រាស់​ត្រឹមត្រូវ​។

    បន្ទាប់ពីដាំបានប្រហែល ១ ខែ ប្រសិនបើមានស្មៅដុះជុំវិញគល់ល្ហុង ត្រូវដកស្មៅទាំងនោះចេញឲ្យអស់ ព្រោះស្មៅអាចដណ្ដើមជីជាតិចិញ្ចឹម និងទឹក ធ្វើឲ្យដើមល្ហុងលូតលាស់យឺត។ ក្រោយពេលសម្អាតស្មៅរួចហើយ ត្រូវធ្វើការជ្រុំ និងពូនគល់ល្ហុងម្តង ដើម្បីជួយឲ្យឫសរឹងមាំ និងរក្សាសំណើមដីឲ្យបានល្អ។

    នៅរយៈពេលប្រហែល ២ ខែបន្ទាប់ពីដាំ ដើមល្ហុងមានកំពស់ប្រហែលត្រឹមជង្គង់ ហើយជិតឈានចូលដំណាក់កាលចេញផ្កា។ ក្នុងដំណាក់កាលនេះ ត្រូវធ្វើស្មៅតាមគល់ និងជ្រុំពូនគល់ម្តងទៀត។ បន្ទាប់ពីជ្រុំពូនគល់លើកទី២រួច ត្រូវស្រោចទឹកឲ្យសើមជោគសិន ហើយបន្ទាប់មកបាញ់ជី​បន្ថែមដើម្បីជួយឲ្យដើមល្ហុងធំរឹងមាំ ជំរុញការចេញផ្កា ធ្វើឲ្យផ្កាច្រើន មិនរុះ កាន់ផ្លែល្អ និងធ្វើឲ្យផ្លែល្ហុងមានរសជាតិផ្អែម។ ជីត្រូវបាញ់ឲ្យសព្វត្រួយ ដើម និងគល់ល្ហុងឲ្យសើមជោក​។

    នៅអាយុប្រហែល ២ ខែកន្លះ ទៅ ៣ ខែ ដើមល្ហុងចាប់ផ្តើមចេញផ្កា។ ក្នុងដំណាក់កាលនេះ កសិករអាចសម្គាល់ និងជ្រើសរើសដើមដែលមានសក្ដានុពលផ្តល់ផ្លែល្អ។ ប្រសិនបើផ្កាល្ហុងមានរាងទ្រវែង ដូចកដប គួរទុកដើមនោះបន្ត។ ផ្ទុយទៅវិញ បើផ្កាមានរាងមូល ខ្លី និងធំ គួរកាប់ដើមនោះចេញ ដើម្បីឲ្យក្នុងចម្ការមានតែល្ហុងផ្លែវែងដែលមានគុណភាពល្អ។ ក្នុងមួយគុម្ព គួរទុកតែដើមល្ហុងមួយដើមប៉ុណ្ណោះ។

    លើសពីនេះ នៅពេលដើមល្ហុងចេញក្ដិប ជាញឹកញាប់នឹងមានត្រួយល្ហុងដុះចេញតាមធាងនៃដើម។ ត្រូវបេះត្រួយទាំងនោះចេញ ដើម្បីឲ្យជាតិចិញ្ចឹមត្រូវបានផ្ដោតទៅលើផ្លែ ធ្វើឲ្យផ្លែល្ហុងរីកធំ មានទំហំស្អាត និងផ្តល់ផលបានច្រើនជាងមុន។

    ការថែទាំត្រឹមត្រូវ និងទាន់ពេលវេលា នឹងជួយឲ្យដើមល្ហុងមានអាយុកាលយូរ ផ្តល់ផលស្ថិរភាព និងជួយបង្កើនចំណូលដល់កសិករបានយ៉ាងមានប្រសិទ្ធភាព៕

    ដោយ៖ សែន តុលា
    ប្រភព៖ ឯកសារក្រសួងកសិកម្ម / BigHaat