More

    ហេតុអ្វីការបំផ្លាញដីមិនមែនជាបញ្ហាបណ្ដោះអាសន្ន?

    កសិករជាច្រើនគិតថា បញ្ហាដីអាចជួសជុលបានឆាប់រហ័ស បើបញ្ឈប់ការប្រើប្រាស់ជី ឬផ្អាក​ប្រើ​ថ្នាំគីមី។ តែជាក់ស្តែង​ដី​អាច​ជួសជុល​បាន​ភ្លាមៗ​នោះទេ ព្រោះការបំផ្លាញដីមិនត្រឹមតែប៉ះពាល់បណ្ដោះអាសន្នទេ ប៉ុន្តែបំប្លែង​រចនាសម្ព័ន្ធ រូបសាស្រ្ត​ គីមី និងជីវសាស្រ្តរបស់ដីក្នុងរយៈពេលវែង​។

    យោងតាម Food and Agriculture Organization (FAO) ការគ្រប់គ្រងដីមិនល្អអាចបង្កឲ្យដីខ្សោយជាយូរអង្វែង ហើយការស្ដារឡើងវិញត្រូវការពេលវេលាច្រើនឆ្នាំ។

    បញ្ហារចនាសម្ព័ន្ធ

    ការធ្វើចម្ការដោយភ្ជួរដីជាបន្តបន្ទាប់ ការបង្ហាប់ដីដោយម៉ាស៊ីនធ្ងន់ និងការ​សឹក​រេចរឹល​នៃ​ដីអាច​បំផ្លាញរចនាសម្ព័ន្ធដី។
    ពេលដុំដីត្រូវបានបំបែក ការជ្រាបនៃទឹក​និងការលូតលាស់ឫសដំណាំ នឹងអន់ថយរយៈពេលច្រើនឆ្នាំ ទោះបីកសិករ​បញ្ឈប់ការបំផ្លាញណា​មួយ​​ក៏ដោយ។

    USDA Natural Resources Conservation Service បញ្ជាក់ថា ដីដែលត្រូវបានបង្ហាប់ខ្លាំង អាចចំណាយពេលពី ៥–១០ ឆ្នាំ ឬច្រើនជាងនេះ ដើម្បីស្ដាររចនាសម្ព័ន្ធវិញ។

    អតុល្យភាព​ថ្នាំគីមី

    ការប្រើជីគីមី ថ្នាំសម្លាប់សត្វល្អិត និងដី​មាន​ជាតិ​ប្រៃ​ច្រើនពេក ធ្វើ​ឲ្យ​ប្រែប្រួល pH និងតុល្យភាព​សារធាតុចិញ្ចឹមក្នុងដី។ សារធាតុខ្លះអាចនៅសល់ក្នុងដីរយៈពេលយូរ ហើយបន្តប៉ះពាល់ដល់ដំណាំ ទោះបីបញ្ឈប់ការប្រើប្រាស់ក៏ដោយ។

    International Plant Nutrition Institute បញ្ជាក់ថា ការប្រើជីមិនសមស្រប អាចបង្កការបាត់បង់សារធាតុចិញ្ចឹម និងបង្កអតុល្យភាព​ដីក្នុងរយៈពេលវែង។

    ជីវិតក្នុងដីត្រូវបានបាត់បង់

    ដីល្អគឺជាដីមានជីវិត មានជន្លេន ផ្សិត និងបាក់តេរី​ល្អជាច្រើនទៀត​​។ ការបំផ្លាញដីធ្វើឲ្យសត្វ​តូចៗ និងបាក់តេរីល្អទាំងនេះងាប់​។ ការកសាងបណ្ដាញជីវិតក្នុងដីឡើងវិញ ត្រូវការរយៈ​ពេល​ច្រើន​រដូវ​ មិនមែនត្រឹមសប្ដាហ៍ទេ។

    CGIAR បង្ហាញថា ជីវចម្រុះក្នុងដីគឺជាគន្លឹះសំខាន់សម្រាប់ផលិតភាព និងសុខភាពដំណាំ។

    ការបាត់បង់សារធាតុសរីរាង្គ

    ការធ្វើកសិកម្មខ្លាំងក្លាដោយមិនបន្ថែមជីសរីរាង្គ ធ្វើឲ្យដីបាត់បង់កាបូន។ ដីដែលមានសារធាតុសរីរាង្គទាប នឹងមានជីជាតិអន់ ជាប់​ទឹកមិនល្អ និងងាយរងគ្រោះពីគ្រោះរាំងស្ងួត និងទឹកជំនន់​។

    FAO បញ្ជាក់ថា ការបង្កើនសារធាតុសរីរាង្គក្នុងដី ជួយបង្កើនផលដំណាំ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

    ការហូរច្រោះដី

    ពេលស្រទាប់ដីខាងលើត្រូវបានហូរចេញគឺ​ជា​ការ​បាត់បង់​ជីជាតិ​ ព្រោះថា​ស្រទាប់ដី​លើ​សម្បូរជីជាតិ និងសត្វល្អិត​មាន​ជីវិតបំផុត។ ធម្មជាតិមិនអាចបង្កើតដីឡើងវិញបានឆាប់ទេ ព្រោះដី ១សង់ទីម៉ែត្រ អាចចំណាយពេលរាប់រយ​ឆ្នាំក្នុងការបង្កើត។

    European Environment Agency បញ្ជាក់ថា ការហូរច្រោះដីគឺជាបញ្ហាធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់សន្តិសុខស្បៀងអាហារ។

    ដីផ្តល់ផល​ដល់អ្នក​ចេះថែរក្សាវា និងដាក់ទណ្ឌកម្មដល់អ្នក​មិនចេះយកចិត្តទុកដាក់លើ​វា​ដូច​គ្នា​។
    ទោះជាយ៉ាងណា ដីក៏អាចកែលម្អ​វិញ​បានដែរ ប៉ុន្តែត្រូវការពេលវេលា និងការអនុវត្តល្អៗ ដូចជា៖

    ការថែរក្សាដីថ្ងៃនេះ គឺជាការធានាផលដំណាំ និងជីវភាពកសិករនៅថ្ងៃស្អែក។

    ដោយ៖ ទូច សុខា
    ប្រភព៖ EdenGreen /Pollution