More

    ហេតុ​អ្វី​ដំណាំ​ចេញ​ផ្កា​ច្រើន​​តែ​មិន​ចេញ​ក្ដឹប?

    កសិករ​យើងប្រហែលជា​ធ្លាប់ជួប​ករណី​ដំណាំចេញផ្កាច្រើន​ តែចុងក្រោយបែរជាជ្រុះអស់​ឬមិន​ជាប់ផ្លែ ហើយ​នេះ​គែ​ជាបញ្ហាដ៏សោកស្តាយបំផុត​មួយ​។ បញ្ហានេះមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែវាមានមូលហេតុច្បាស់លាស់ដែលយើងអាចកែខៃបាន។

    យោងតាមឯកសារបច្ចេកទេសរបស់ សាកលវិទ្យាល័យ Purdue (Purdue University) និងស្ថាប័​នកសិកម្មអន្តរជាតិ ខាងក្រោមនេះគឺជាមូលហេតុចម្បងៗ និងដំណោះស្រាយ។​

    ១. បញ្ហាបង្កាត់លម្អង

    បញ្ហា​លើការ​បង្កាត់​លម្អង​​គឺជាមូលហេតុដំបូងគេបង្អស់មួយ​។ ប្រសិនបើផ្កាមិនបានបង្កកំណើតទេ វានឹងជ្រុះទៅវិញក្នុងរយៈពេល ២-៣ ថ្ងៃ។

    • មូលហេតុ៖ ខ្វះសត្វល្អិតជួយ​នាំ​លម្អងដូចជា ឃ្មុំ ឬមេអំបៅ។ ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតច្រើនហួសហេតុ ធ្វើឱ្យសត្វល្អិតមានប្រយោជន៍ទាំងនេះងាប់អស់។
    • ដំណោះស្រាយ៖ កាត់បន្ថយការបាញ់ថ្នាំពុលនៅពេលព្រឹក ពេលឃ្មុំដើររកស៊ី។
      • ដាំផ្កាចម្រុះជុំវិញចំការដើម្បីទាក់ទាញសត្វល្អិត។
      • សម្រាប់ដំណាំខ្លះ ដូចជា ត្រសក់ ឪឡឹក អាចជួយលម្អងដោយដៃ។

    ២. កង្វះ ឬលើសសារធាតុចិញ្ចឹម

    • លើសអាសូត (N)៖ ការដាក់ជីអ៊ុយរ៉េ ឬជីដែលមានអាសូតខ្ពស់ពេក ធ្វើឱ្យរុក្ខជាតិ បំប៉ន​ស្លឹក​ជាង​ផ្កាផ្លែ។ វាបញ្ចេញថាមពលទាំងអស់ទៅចិញ្ចឹមស្លឹក និងមែក តែបែរជាបោះបង់ផ្កាចោល។
    • ខ្វះផូស្វ័រ (P) ប៉ូតាស្យូម (K) និងបូរុន (B)៖ ទាំងនេះគឺជាធាតុគ្រឹះសម្រាប់បង្កើតផ្កា និងផ្លែ។ ជាពិសេសបូរុន បើខ្វះវា លម្អងផ្កានឹងមិនមានជីវិតដើម្បីបង្កកំណើតបានឡើយ។
    • ដំណោះស្រាយ៖ កាត់បន្ថយជីអាសូតនៅពេលជិតចេញផ្កា ហើយបន្ថែមជីដែលមានជាតិប៉ូតាស្យូម និងបូរុន

    ៣. ស្ត្រេសដោយសារអាកាសធាតុ

    រុក្ខជាតិក៏ចេះតានតឹតដូចមនុស្សដែរ​នៅពេលជួបការ​ប្រែប្រួល​អាកាសធាតុខ្លាំងពេក៖

    • កម្តៅខ្លាំង៖ សីតុណ្ហភាពលើសពី៣៥អង្សាសេ​អាចធ្វើឱ្យលម្អងផ្កាងាប់។
    • ត្រជាក់ខ្លាំង ឬសន្សើមខ្លាំង៖ ភាពត្រជាក់ធ្វើឱ្យការវិវត្តផ្កានៅទ្រឹង​មិន​អាច​បង្កាត់​បាន​។
    • ដំណោះស្រាយ៖ ប្រើប្រាស់សំណាញ់បាំងកម្តៅបើ​ដំណាំ​តិច​តួច​ ឬការស្រោចទឹកដើម្បីកាត់បន្ថយកម្តៅក្នុងចំការ​។

    ៤. ការគ្រប់គ្រងទឹកមិនត្រឹមត្រូវ

    • មូលហេតុ៖ ការបណ្តោយឱ្យដីស្ងួតខ្លាំង រួចស្រោចទឹកជោកភ្លាមៗ ធ្វើឱ្យរុក្ខជាតិបន្សាំខ្លួន​មិន​ទាន់​និងជ្រុះផ្កា ឬការស្រោចទឹកច្រើនពេកបណ្តាលឱ្យរលួយឫសក៏ធ្វើឱ្យផ្កាជ្រុះដែរ។
    • ដំណោះស្រាយ៖ ត្រូវរក្សាសំណើមដីឱ្យបានទៀងទាត់។ ចៀសវាងការស្រោចទឹកជោកជាំខ្លាំងនៅពេលល្ងាច ដែលអាចបង្កជាជំងឺផ្សិតលើផ្កា។

    យោងតាមអង្គការ FAO (Food and Agriculture Organization) រុក្ខជាតិមានយន្តការការពារខ្លួន​។ នៅពេលវាមានអារម្មណ៍ថាមិនមានសុវត្ថិភាព ដូច​ជាខ្វះទឹក ខ្វះអាហារ ឬក្តៅពេក វានឹងជ្រើសរើសការរស់រានរបស់ដើម ជាជាងការបង្កើតផ្លែផ្កា។ ដូច្នេះវាត្រូវតែជម្រុះផ្កាចោលដើម្បីសន្សំថាមពល។

    ការចេញផ្កា គឺគ្រាន់តែជាដំណាក់កាល​ពាក់កណ្តាលផ្លូវនៃជោគជ័យប៉ុណ្ណោះ។ ដើម្បីបានផល បងប្អូនត្រូវធានាថាគ្មាន​សត្វល្អិតបំផ្លាញ មាន​សារធាតុចិញ្ចឹមគ្រប់ (ជាពិសេសបូរុន) និងទឹកទៀងទាត់។

    ដោយ៖ ចាន់ តារា
    ប្រភព៖ Home & Garden /Purdue University /FAO