More

    វិធីសង្គ្រោះផ្កាស្វាយចន្ទីក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់

    នៅពេលខ្យល់ជំនោរត្រជាក់ធ្លាក់មកចំពេលស្វាយចន្ទីកំពុងបញ្ចេញផ្កា វាអាច​ធ្វើ​ឲ្យ​ចន្ទីជួប​បញ្ហា​ស្ត្រេស​នឹ​ងអាកាសធាតុ​ត្រជាក់ ដែល​នេះប៉ះពាល់​យ៉ាងធ្ងន់ធ្ងរដល់ដើមចន្ទី​។ ដើម្បីការពារ​កុំឱ្យផ្កាក្រៀម និងដើម្បីធានាបាននូវទិន្នផលខ្ពស់ បងប្អូនត្រូវយល់ដឹងពីបច្ចេកទេសថែទាំពិសេសមួយ​ចំនួន​។ ប្រឹក្សា​ជាមួយ​មន្ត្រី​ជំនាញ​កសិកម្ម ដើម្បី​បាន​ព័ត៌មាន​កាន់​តែ​ច្បាស់​។​

    ១. ហេតុអ្វីបានជាភាពត្រជាក់បង្កគ្រោះថ្នាក់ដល់ស្វាយចន្ទី?

    យោងតាម សមាគមស្វាយចន្ទីកម្ពុជា និងអ្នកជំនាញកសិកម្ម នៅពេលសីតុណ្ហភាពចុះទាប រុក្ខជាតិនឹងជួបប្រទះបញ្ហា ៣ យ៉ាង៖

    • ឫសឈប់ធ្វើការ៖ ឫសមិនអាចស្រូបយកជីពីដីបានល្អឡើយ ទោះបីបងប្អូនដាក់ជីដីច្រើនយ៉ាងណាក៏ដោយ។
    • ដំណើរការរស្មីសំយោគយឺត៖ កម្តៅថ្ងៃមិនគ្រប់គ្រាន់ធ្វើឱ្យដើមឈើគ្មានថាមពលចិញ្ចឹមផ្កា។
    • ការបង្កកំណើតបរាជ័យ៖ ភាពត្រជាក់ធ្វើឱ្យលម្អងផ្កាឈ្មោលមិនសូវសកម្ម ដែលនាំឱ្យផ្កាចេញមកហើយតែមិនកាន់ផ្លែ (ផ្កាខ្យល់)។

    ២. វីតាមីន ចាំបាច់សម្រាប់បាញ់សង្គ្រោះផ្កា

    ក្នុងកាលៈទេសៈនេះ ការបាញ់ថ្នាំបំប៉នតាមស្លឹកគឺជាវិធីសាស្ត្រសង្គ្រោះបន្ទាន់ដ៏មានប្រសិទ្ធភាពបំផុត។ សារធាតុដែលបងប្អូនគួរប្រើរួមមាន៖

    • Seaweed (សារាយសមុទ្រ) និង អាមីណូអាស៊ីត (Amino Acid)៖ ប្រៀបដូចជាភេសជ្ជៈប៉ូវកម្លាំង ដែលជួយឱ្យរុក្ខជាតិមានកម្លាំងតស៊ូនឹងភាពត្រជាក់។
    • ស័ង្កសី (Zn) និងម៉ង់ហ្គាណែស (Mn)៖ ជួយជំរុញអ័រម៉ូនលូតលាស់ និងជួយឱ្យផ្កាចេញមកបានស្រុះគ្នា។
    • ម៉ាញ៉េស្យូម (Mg)៖ ជួយឱ្យស្លឹកនៅតែអាចផលិតអាហារបាន ទោះបីពន្លឺថ្ងៃខ្សោយ។
    • បូរុន (B)៖ សំខាន់បំផុត ជួយឱ្យលម្អងផ្កាមានជីវិត និងជួយឱ្យការបង្កកំណើតបានជោគជ័យ ទោះបីមេឃត្រជាក់ក៏ដោយ។

    ៣. ការពារជំងឺផ្សិត (ខ្មៅកញ្ចុំផ្កា)

    អាកាសធាតុត្រជាក់លាយឡំសន្សើម គឺជាបរិយាកាសដែល​ជំងឺអង់ត្រាក់ណូស (Anthracnose) ចូល​ចិត្តបំផុត។

    • រោគសញ្ញា៖ កញ្ចុំផ្កាចាប់ផ្តើមមានស្នាមអុជខ្មៅ រួចក្រៀមខ្លោចដូចត្រូវភ្លើងឆេះ។
    • វិធានការ៖ សមាគមស្វាយចន្ទីកម្ពុជាណែនាំឱ្យលាយថ្នាំការពារផ្សិត រួមជាមួយសារធាតុចិញ្ចឹមខាងលើ ដើម្បីបាញ់ការពារក្នុងពេលតែមួយ។

    យោងតាម Directorate of Cashew Research (DCR) នៃប្រទេសឥណ្ឌា ដែលជាស្ថាប័នស្រាវជ្រាវស្វាយចន្ទីឈានមុខគេ បានផ្តល់អនុសាសន៍បន្ថែមថា៖

    1. ការគ្រប់គ្រងទឹក៖ ប្រសិនបើអាច បងប្អូនគួរស្រោចទឹកនៅគល់ក្នុងបរិមាណសមល្មម។ ការ​ផ្តល់​សំណើមដល់ដីជួយរក្សាសីតុណ្ហភាពជុំវិញឫស មិនឱ្យត្រជាក់ខ្លាំងពេក។
    2. ពេលវេលាបាញ់ថ្នាំ៖ គួរបាញ់នៅ​ពេលព្រឹកព្រលឹម​បន្ទាប់ពីសន្សើមចាប់ផ្តើមស្ងួត។ ជៀសវាងការបាញ់នៅពេលយប់ ឬពេលមេឃស្រទុំខ្លាំង ដែលអាចធ្វើឱ្យសំណើមជាប់ផ្កាយូរពេក បង្កជា​ជំងឺផ្សិត។
    3. កម្រិតប្រើប្រាស់៖ មិនត្រូវប្រើជីបំប៉នក្នុងកម្រិតលើសការណែនាំឡើយ ព្រោះក្នុងពេលត្រជាក់ ស្លឹកបឺតស្រូបបានយឺត ប្រសិនបើដាក់កំហាប់ខ្ពស់ពេក អាចបណ្តាលឱ្យខ្លោចផ្កាវិញ។

    ការប្រើប្រាស់ល្បាយ Seaweed + Amino + មីក្រូធាតុ (Zn, Mg, B) គឺជាខែលការពារដ៏រឹងមាំសម្រាប់ផ្កាចន្ទីក្នុងខែត្រជាក់នេះ។ វាមិនត្រឹមតែការពារផ្កាមិនឱ្យស្វិតប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយ​ឱ្យចន្ទីកាន់ផ្លែបានច្រើន និងមានគ្រាប់ធំល្អទៀតផង។

    ដោយ៖ ចាន់ តារា
    ប្រភព៖ សមាគមនស្វាយចន្ទី / Research Gate​/ឯកសារ​ក្រសួងកសិកម្ម