More

    តើការដាក់ជីគល់​និង​បាញ់ស្លឹកមួយណា​មានប្រសិទ្ធភាពជាង?

    ដើម្បី​ជំរុញការលូតលាស់ដំណាំ​គួរ​ដាក់ជីគល់ ឬ​បាញ់ជំនួយ​តាមស្លឹក? នេះជាសំនួរ​មួយ​ដែលបងប្អូនកសិករមួយ​ចំនួន​តែងតែងឿងឆ្ងល់។ ជាការពិតណាស់ គ្មានវិធីណាមួយដែល «ល្អដាច់គេ» នោះទេ ប៉ុន្តែវាអាស្រ័យលើ គោលបំណង និងស្ថានភាពជាក់ស្តែងរបស់ដំណាំ។

    ដើម្បីឱ្យងាយយល់ បងប្អូនអាចប្រៀបធៀបការដាក់ជីដីទៅនឹង «ការបរិភោគបាយ» ហើយការបាញ់តាមស្លឹកទៅនឹង «ការចាក់សេរ៉ូម ឬផឹកវីតាមីន»។

    ១. ការដាក់ជីតាមដី ឬដាក់គល់

    នេះគឺជាប្រភពអាហារចម្បងបំផុតសម្រាប់រុក្ខជាតិ។

    • ប្រសិទ្ធភាព៖ ផ្តល់សារធាតុចិញ្ចឹមក្នុងបរិមាណច្រើន​នៃ​ជីជាតិ​ធាតុចម្បងៗដូចជា អាសូត (N) ផូស្វ័រ (P) និងប៉ូតាស្យូម (K)។
    • គុណសម្បត្តិ៖ រុក្ខជាតិស្រូបយកបានយូរអង្វែង ជួយកែលម្អគុណភាពដី និងមានតម្លៃថោកជាង​ជីបាញ់តាមស្លឹក។
    • គុណវិបត្តិ៖ ប្រើរយៈពេលយូរទើបរុក្ខជាតិស្រូបយកបាន ត្រូវរង់ចាំការរលាយក្នុងដី និងសំណើម។ ប្រសិនបើដីខូច ឬឫសមានជំងឺ រុក្ខជាតិនឹងមិនអាចបឺតស្រូបជីនេះបានឡើយ។

    ២. ការបាញ់ជីតាមស្លឹក

    ការ​បាញ់ជី​តាម​ស្លឹក(Foliar Application)​​គឺជាវិធីសាស្ត្រជំនួយដែលផ្តល់អាហារទៅដល់កោសិការុក្ខជាតិដោយផ្ទាល់។

    • ប្រសិទ្ធភាព៖ ផ្តល់សារធាតុចិញ្ចឹមក្នុងបរិមាណតិចតួចពិសេស​ពពួកមីក្រូធាតុ​ ប៉ុន្តែរហ័ស​ដូចជា ស័ង្កសី (Zn) បូរុន (B) និង ជាតិដែក (Fe)។
    • គុណសម្បត្តិ៖ រុក្ខជាតិស្រូបយកបានភ្លាមៗ ក្នុងរយៈពេល ២០នាទីទៅ ២-៣ ម៉ោង។ ល្អបំផុតសម្រាប់ប្រើនៅពេលដំណាំជួប «អាសន្ន» ដូចជា ឫសរលួយ ដីស្ងួតខ្លាំង ឬអាកាសធាតុត្រជាក់ពេកដែលឫសឈប់ធ្វើការ។
    • គុណវិបត្តិ៖ មិនអាចផ្តល់អាហារបានច្រើនដូចជីដាក់ដីឡើយ។ បើបាញ់ច្រើនពេក ឬកំហាប់ខ្លាំងពេក អាចបណ្តាលឱ្យ ឆេះស្លឹក។

    យោងតាមការសិក្សារបស់ សាកលវិទ្យាល័យ Michigan State (MSU) ឫសគឺជាច្រកសំខាន់​របស់​ដំណាំ​។ ឫសត្រូវបានបង្កើតឡើងដើម្បីស្រូបជី ឯស្លឹកត្រូវបានបង្កើតឡើងដើម្បីការពារ និងធ្វើរស្មីសំយោគ។ ដូច្នេះ បងប្អូនមិនអាចបោះបង់ជីដាក់ដី(ជីគល់) ហើយប្រើតែជីបាញ់តាមស្លឹកបានឡើយ។ វិធីដែលល្អបំផុតគឺ «ដាក់ជីដីជាគ្រឹះ បាញ់តាមស្លឹកជាជំនួយ»។ ការបាញ់ជីតាមស្លឹកក្នុងវគ្គសំខាន់ៗ (ដូចជា មុនចេញផ្កា ឬពេលដាក់ទឹកដោះ) អាចជួយបង្កើនទិន្នផលបាន១០% ទៅ ២៥% បន្ថែមលើការដាក់ជីដីធម្មតា។

    គន្លឹះសំខាន់សម្រាប់បងប្អូនកសិករ

    • ប្រសិនបើចង់ឱ្យដើមលូតលាស់ខ្លាំង និងរឹងមាំយូរអង្វែង ត្រូវផ្ដោតលើការរៀបចំដី និងដាក់ជីតាមដីឱ្យបានត្រឹមត្រូវ។
    • ប្រសិនបើចង់ឱ្យដំណាំស្ទុះឡើងភ្លាមៗ ឬជួយផ្កាឱ្យកាន់ផ្លែត្រូវប្រើជីបាញ់តាមស្លឹកបន្ថែម។

    ចំណាំ៖ ពេលបាញ់តាមស្លឹក ត្រូវបាញ់នៅពេលព្រឹកព្រលឹម ឬពេលល្ងាចត្រជាក់​ដើម្បីឱ្យការស្រូបយកជីបានពេញលេញ។

    ដោយ៖ ចាន់ តារា
    ប្រភព៖ AGRITEC /Agrisearch