ការគ្រប់គ្រងសត្វល្អិតចង្រៃនិងជំងឺលើដំណាំប៉េងប៉ោះ

ការគ្រប់គ្រងសត្វល្អិតចង្រៃ និងជំងឺលើដំណាំប៉េងប៉ោះ គឺជាកត្តាសំខាន់មួយក្នុងការរក្សាទិន្នផល និងគុណភាពផ្លែ។ កសិករត្រូវអនុវត្តវិធានការការពារ កាត់បន្ថយ និងកម្ចាត់សត្វល្អិត និងជំងឺឲ្យបានត្រឹមត្រូវ ដើម្បីបង្ការការខាតបង់ និងការរីករាលដាលជំងឺនៅក្នុងចម្ការ។

១. ដង្កូវចោះផ្លែ និងដង្កូវកាត់ស្លឹក

ដង្កូវចោះផ្លែ និងដង្កូវកាត់ស្លឹក ជាសត្វល្អិតចង្រៃមួយ​ប្រភេទ​ដែលបំផ្លាញផ្លែ និងស្លឹកប៉េងប៉ោះ ធ្វើឱ្យទិន្នផល និងគុណភាពផ្លែថយចុះ។

វិធីការពារ និងកម្ចាត់

  • បេះកូនដង្កូវ និងពងដង្កូវដោយដៃនៅដំណាក់កាលដំបូង
  • ប្រើប្លាស្ទិចគ្របរង ដើម្បីកាត់បន្ថយពពួកដង្កូវក្នុងដី
  • ប្រើថ្នាំពុល (​ប្រឹក្សា​ជាមួយ​អ្នក​ជំនាញ​កសិកម្ម​ដើម្បី​ប្រើប្រាស់​បាន​ត្រឹមត្រូវ​)​

 ២. ដង្កូវស៊ីញ៉េ ឬដង្កូវផែនទី

ដង្កូវស៊ីញ៉េ បំផ្លាញស្លឹក និងដើមប៉េងប៉ោះ ដោយមេរុយស៊ីញ៉េពេញវ័យទម្លាក់​ពងលើស្លឹក។

វិធីការពារ និងកម្ចាត់

  • ប្រើអន្ទាក់ពណ៌លឿង ដើម្បីចាប់មេរុយស៊ីញ៉េពេញវ័យ
  • កាត់ស្លឹក និងដើមដែលត្រូវបានបំផ្លាញ យកទៅដុត ឬកប់ចោល
  • បំផ្លាញកាកសំណល់បន្លែផ្សេងៗនៅក្នុងចម្ការ ដើម្បីកាត់បន្ថយប្រភពបង្កើតដង្កូវ
  • ប្រើថ្នាំពុលកសិកម្ម ដោយ​ប្រឹក្សាជាមួយ​អ្នកជំនាញ​កសិកម្ម​ ឬមន្ត្រីកសិកម្មឃុំ​

ការបាញ់ថ្នាំ

  • មិនត្រូវលាយថ្នាំពុលកសិកម្មច្រើនមុខក្នុងពេលតែមួយ
  • ជ្រើសរើសក្បាលបាញ់ដែលបង្កើតជាផ្សែងសាចល្អ ដើម្បីឲ្យថ្នាំជាប់ល្អលើស្លឹក
  • លាយទឹកស្អិតជាមួយថ្នាំមុនបាញ់
  • បាញ់ថ្នាំឲ្យសព្វទាំងខាងលើ និងខាងក្រោមស្លឹក
  • គួរបាញ់នៅពេលល្ងាច ដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយការប៉ះពាល់បរិស្ថាន

៣. រុយស

រុយស ជាសត្វល្អិតជញ្ជក់ដែលបង្កឱ្យដំណាំខ្សោយ និងជាភ្នាក់ងារនាំជំងឺវីរុស។

វិធីការពារ និងកម្ចាត់

  • ប្រើអន្ទាក់ស្និតពណ៌លឿង
  • ដកស្មៅចង្រៃចេញពីចម្ការ ព្រោះវាជាជំរកសត្វល្អិត
  • ប្រើថ្នាំ Dinotefuran ចំនួន ២ ក្រាមក្នុងមួយរណ្តៅ ដាក់មុន ឬក្រោយដាំ (មិនលើស ៧ ថ្ងៃបន្ទាប់ពីដាំ)
  • បាញ់ថ្នាំកម្ចាត់សត្វល្អិត តាមការណែនាំ​របស់អ្នកជំនាញ​កសិកម្ម​

របៀបធ្វើអន្ទាក់ចាប់រុយស

  • ប្រើកាវស្និតចាប់សត្វល្អិត
  • លាបកាវលើអន្ទាក់ប្លាស្ទិចពណ៌លឿង
  • ដាក់អន្ទាក់ចន្លោះពីគ្នា ៧–១០ ម៉ែត្រ

៤. ជំងឺស្លឹកប៉េងប៉ោះរួញពណ៌លឿង

ជំងឺវីរុសនេះ បណ្តាលឱ្យស្លឹករួញ មានពណ៌លឿង និងប៉ះពាល់យ៉ាងខ្លាំងដល់ទិន្នផល។

វិធីការពារ និងកម្ចាត់

  • ប្រើពូជដែលមានភាពធន់នឹងជំងឺ
  • ប្រើអន្ទាក់ពណ៌លឿង និងប្លាស្ទិចគ្របដី ដើម្បីកាត់បន្ថយចំនួនរុយស
  • ប្រើ Dinotefuran ២ ក្រាមក្នុងមួយរណ្តៅ ដាក់មុន ឬក្រោយដាំ (មិនលើស ៧ ថ្ងៃ)
  • បាញ់ថ្នាំកម្ចាត់សត្វល្អិតជញ្ជក់ តាមការណែនាំរបស់អ្នកជំនាញ​

៥. ជំងឺស្រពោនស្លឹក

ជំងឺស្រពោនស្លឹក បង្កឱ្យដើមប៉េងប៉ោះស្រពោន និងងាប់ ប្រសិនបើមិនគ្រប់គ្រងទាន់ពេលវេលា​។

វិធីការពារ និងកម្ចាត់

  • ប្រើពូជធន់នឹងជំងឺ
  • ដាំឆ្លាស់មុខដំណាំ
  • ការពារកុំឲ្យឫស និងផ្នែកផ្សេងៗនៃដើមរងរបួស ដែលអាចអនុញ្ញាតឱ្យបាក់តេរីជ្រៀតចូល
  • ពិនិត្យចម្ការ​ជាប្រចាំ ហើយដកដើមដែលមានរោគសញ្ញាស្រពោនចេញភ្លាមៗ
  • មិនត្រូវបង្ហូរទឹកពីរងដែលមានជំងឺ ទៅរងផ្សេងទៀតឡើយ​

៦. ជំងឺរលួយផ្លែ

ជំងឺរលួយផ្លែ ប៉ះពាល់ដល់គុណភាពផ្លែប៉េងប៉ោះ និងបណ្តាលឱ្យខាតបង់ទិន្នផល។

វិធីការពារ និងកម្ចាត់

  • រើសយកផ្លែដែលមានជំងឺចេញពីចំការ
  • ស្រោចជី បំប៉ន
  • ជៀសវាងការប្រើជីអាសូតច្រើនពេក ព្រោះធ្វើឱ្យដីមានជាតិអាស៊ីតខ្ពស់ និងខ្វះជាតិកាល់ស្យូម បណ្តាលឱ្យផ្លែរលួយតាំងពីវ័យក្មេង៕

ដោយ៖ សែន តុលា
ប្រភព៖ ឯកសារក្រសួងកសិកម្ម / Aggie Horticulture