ជំងឺ​និងសត្វល្អិតចង្រៃលើដំណាំខាត់ណាផ្កា

ដំណាំខាត់ណាផ្កា ជាដំណាំបន្លែសំខាន់មួយដែលត្រូវការការថែទាំយ៉ាងម៉ត់ចត់ ពិសេសក្នុងការគ្រប់គ្រងជំងឺ និងសត្វល្អិតចង្រៃ។ ប្រសិនបើមិនបានការពារ និងកម្ចាត់ឱ្យបានត្រឹមត្រូវ នឹងធ្វើឱ្យដំណាំលូតលាស់មិនល្អ កាត់បន្ថយទិន្នផល និងគុណភាពផលិតផល។

១. ជំងឺអុចស្លឹកពណលឿង

ជំងឺអុចស្លឹកពណ៌លឿង (Downy Mildew) គឺជាជំងឺផ្សិតដែលឆ្លងពីចម្ការមួយទៅចម្ការមួយទៀត ឬពីដើមខាត់ណាផ្កាមួយទៅដើមមួយទៀត តាមរយៈខ្យល់ និងដំណក់ទឹកនៅពេលស្រោច ឬពេលភ្លៀង។ ស្លឹកខាត់ណាផ្កាចាប់ផ្តើមមានពណ៌ត្នោតព្រលែត ហើយបន្តវិវត្តទៅជាពណ៌ប្រផេះ។ ជំងឺនេះធ្វើឱ្យដើមខាត់ណាផ្កាក្រិន លូតលាស់យឺត និងបណ្តាលឱ្យទិន្នផលថយចុះ​។

វិធីការពារ

  • ដាំដំណាំឲ្យមានចន្លោះគុម្ពរង្វើលសមរម្យ
  • កម្ចាត់ស្មៅចង្រៃនៅក្នុងចម្ការ
  • ដាំដំណាំឆ្លាស់ ជៀសវាងដាំខាត់ណាផ្កា ឬស្ពៃក្ដោបជាប់គ្នាលើដីដដែល
  • បាញ់ថ្នាំការពារជំងឺផ្សិតរៀងរាល់ ៧–១០ ថ្ងៃម្តង

វិធីកម្ចាត់

  • កាត់ស្លឹកដែលមានជំងឺយកទៅកប់ចោល
  • បាញ់ថ្នាំកម្ចាត់ផ្សិត ដោយបាញ់ឆ្លាស់គ្នា
  • គួរបាញ់ថ្នាំពីខាងក្រោម និងខាងលើស្លឹក និងផ្កា នៅពេលល្ងាច (ក្រោយម៉ោង ៥ ល្ងាច)

២. ជំងឺបាក់តេរីរលួយសើម

ជំងឺបាត់តេរីរលួយសើម  (Bacterial Soft Rot) បង្កឡើងដោយបាក់តេរី ដែលធ្វើឱ្យផ្កាខាត់ណារលួយ មានទឹក និងមានក្លិនស្អុយ។ កសិករអាចសង្កេតឃើញជំងឺនេះច្បាស់នៅពេលអាកាសសើម និងមានទឹកច្រើន។

វិធីការពារ

  • ដាំឲ្យមានចន្លោះគុម្ពរង្វើលល្អ
  • បាញ់ថ្នាំ Copper Hydroxide រៀងរាល់ ៧–១០ ថ្ងៃម្តង នៅពេលល្ងាច
  • កាត់បន្ថយការស្រោចទឹក បន្ទាប់ពីសង្កេតឃើញមានជំងឺលេចឡើង
  • កាត់យកផ្កាខាត់ណាដែលមានជំងឺចេញពីចម្ការ ហើយយកទៅកប់ចោល
  • ជៀសវាងទុកផ្កាដែលមានជំងឺនៅក្នុងចម្ការ ឬចោលក្នុងទឹក ព្រោះអាចធ្វើឱ្យបាក់តេរីចម្លងទៅដំណាំផ្សេងទៀត

៣. ដង្កូវហ្វូង និងដង្កូវយោលទោង

ដង្កូវទាំងពីរប្រភេទនេះ ជាសត្វល្អិតសំខាន់ដែលចូលស៊ីបំផ្លាញដំណាំក្នុងក្រុមស្ពៃក្ដោប និងខាត់ណាផ្កា។ មេអំបៅដាក់ពងលើស្លឹកខាត់ណាផ្កា បន្ទាប់មកញាស់ជាកូនដង្កូវតូចៗ ស៊ីបំផ្លាញស្លឹក។ ដង្កូវសកម្មខ្លាំងនៅពេលយប់ ហើយលាក់ខ្លួនក្រោមដីនៅពេលថ្ងៃ។

វិធីការពារ

  • ភ្ជួររាស់ និងហាលដីឲ្យបានញឹកញាប់
  • គ្របសំណាញ់លើថ្នាលបណ្តុះកូនខាត់ណាផ្កា
  • មិនគួរដាំបន្លែប្រភេទដដែលៗលើដីតែមួយ
  • កម្ចាត់ស្មៅចង្រៃ និងសម្អាតកាកសំណល់នៅក្នុងចម្ការ

វិធីកម្ចាត់

  • ពិនិត្យមើលសំបុកពង ឬកូនដង្កូវក្រោមស្លឹក ហើយញេចចោលភ្លាមៗ
  • បាញ់ថ្នាំកម្ចាត់ដង្កូវ ដូចជា អង់ត្រានីលិកឌីយ៉ាមីដ គួរភិរីហួស ឬ សាយតើមេទ្រីន ដោយបាញ់ឆ្លាស់គ្នា
  • គួរបាញ់ថ្នាំនៅពេលសង្កេតឃើញមានមេអំបៅហើរ ឬកូនដង្កូវទើបញាស់ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។

ដោយ៖ សែន តុលា
ប្រភព៖ ឯកសារក្រសួងកសិកម្ម/ Plant Village