ការរៀបចំទ្រុង និងបរិស្ថានកសិដ្ឋាន ឬកន្លែងចិញ្ចឹមមាន់ គឺជាកត្តាកំណត់អាយុជីវិតនៃរបរមួយនេះ។ ប្រសិនបើរៀបចំទ្រុងមិនបានល្អ វាបង្កឱ្យមានភាពតានតឹងដល់សត្វមាន់ ដែលនាំឱ្យប្រព័ន្ធការពារចុះខ្សោយ ងាយឆ្លងជំងឺ និងមាន់លូតលាស់យឺត។
យោងតាមអត្ថបទបច្ចេកទេសពីវេបសាយ Poultry Tip និយាយពីបច្ចេកទេសចិញ្ចឹមមាន់ រួមផ្សំជាមួយបទដ្ឋានបច្ចេកទេសរបស់ អង្គការ FAO និង អគ្គនាយកដ្ឋានសុខភាពសត្វនេះគឺជាគន្លឹះសំខាន់ៗក្នុងការរៀបចំកន្លែងចិញ្ចឹមមាន់ឱ្យមានផាសុកភាព និងផ្ដល់ទិន្នផលខ្ពស់។

១. ការកំណត់ទិសដៅទ្រុង
នៅក្នុងប្រទេសដែលមានអាកាសធាតុក្ដៅដូចកម្ពុជា ការរៀបចំទិសដៅទ្រុងមានសារៈសំខាន់បំផុតដើម្បីគ្រប់គ្រងកម្ដៅ។
- ទិសដៅថ្ងៃរះ-ថ្ងៃលិច៖ បងប្អូនគួររៀបចំប្រវែងទ្រុងឱ្យស្របតាមទិសដៅថ្ងៃរះ និងថ្ងៃលិច។ ការធ្វើបែបនេះជួយកាត់បន្ថយផ្ទៃជញ្ជាំងទ្រុងដែលត្រូវប៉ះនឹងពន្លឺថ្ងៃផ្ទាល់ កាត់បន្ថយកម្ដៅក្នុងទ្រុងបានយ៉ាងច្រើន។
- ការការពារកម្ដៅ៖ ប្រើដំបូលដែលមានកម្ពស់ខ្ពស់ និងមានចន្លោះខ្យល់ចេញចូលនៅខាងលើបំផុតនៃដំបូលដើម្បីឱ្យខ្យល់ក្ដៅហក់ឡើងទៅលើ និងចេញក្រៅបានលឿន។
២. ប្រព័ន្ធខ្យល់ចេញចូល
ខ្យល់អាកាសបរិសុទ្ធ គឺជាឱសថទិពសម្រាប់សុខភាពមាន់។
- ការបំបាត់អាម៉ូញាក់៖ ការៀបចំដែលអនុញ្ញាតឱ្យខ្យល់បក់ឆ្លងកាត់បានល្អ ជួយបណ្ដេញឧស្ម័នអាម៉ូញាក់ (ក្លិនឆ្អេះពីលាមក) ដែលបង្កឱ្យមាន់ហើមភ្នែក និងខូចប្រព័ន្ធដង្ហើមចេញពីអស់ពីទ្រុង។
- សំណាញ់ការពារ៖ ជញ្ជាំងទ្រុងគួរមានសំណាញ់ដែលអនុញ្ញាតឱ្យខ្យល់ចេញចូលបានស្រឡះ ប៉ុន្តែត្រូវការពារកុំឱ្យសត្វចាប ឬសត្វស្លាបព្រៃចូលស៊ីចំណីបាន។
៣. ដង់ស៊ីតេមាន់ក្នុងទ្រុង
ការដាក់មាន់ច្រើនហួសប្រមាណ គឺជាមូលហេតុចម្បងនៃភាពតានតឹង និងការឆ្លងជំងឺលឿនរហ័ស។
- ស្ដង់ដារដែលត្រូវបានណែនាំ៖ សម្រាប់មាន់សាច់ មិនគួរដាក់លើសពី ១០ ទៅ ១២ ក្បាលក្នុង ១ ម៉ែត្រការ៉េ ឡើយ (អាស្រ័យលើទម្ងន់មាន់)។
- ផលវិបាកនៃការណែនពេក៖ មាន់នឹងចឹកគ្នា សីតុណ្ហភាពក្នុងទ្រុងឡើងក្ដៅខ្លាំង និងមាន់មិនអាចស៊ីចំណីបានគ្រប់គ្រាន់។
៤. ការគ្រប់គ្រងកម្រាលទ្រុង
កម្រាលទ្រុងដែលស្ងួតល្អគឺជាកន្លែងដ៏មានផាសុកភាពសម្រាប់មាន់។
- សម្ភារៈកម្រាល៖ ប្រើអង្កាម ឬកម្ទេចឈើដែលគ្មានធូលី និងត្រូវចាក់ឱ្យមានកម្រាស់យ៉ាងតិច ៥ ទៅ ១០សង់ទីម៉ែត្រ។
- ការការពារសំណើម៖ រៀបចំដំបូលឱ្យមានជម្រាលសមស្រប ដើម្បីការពារកុំឱ្យភ្លៀងជះចូលទ្រុង ព្រោះអង្កាមសើមនឹងបង្កឱ្យមានមេរោគផ្សិត និងជំងឺពោះវៀន។
៥. រៀបចំជីវសុវត្ថិភាព
រៀបចំទ្រុងឱ្យមានរបងការពារ និងមានច្រកចេញចូលតែមួយ។ ក្នុងកសិដ្ឋានធំ គួររៀបចំឱ្យមានចម្ងាយយ៉ាងតិច ១៥ ទៅ ៣០ ម៉ែត្រ រវាងទ្រុងនីមួយៗ ដើម្បីបង្ការការឆ្លងជំងឺរាលដាល។
ក្រៅពីនេះត្រូវរៀបចំកន្លែងដាក់ដាច់ដោយឡែកសម្រាប់មាន់ថ្មី ឬមាន់ឈឺ។ ការរៀបចំទ្រុងដែលងាយស្រួលសម្អាត និងមានខ្យល់ចេញចូលល្អ គឺជាលក្ខខណ្ឌចម្បងក្នុងការទទួលបានការបញ្ជាក់គុណភាព។
ទ្រុងមាន់មិនមែនគ្រាន់តែជាជម្រកសម្រាប់ឱ្យវាដេកប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាក៏ជាកន្លែងផលិតសាច់ និងស៊ុតផងដែរ។ ប្រសិនបើសត្វមាន់មានផាសុកភាព វានឹងផលិតសាច់ ឬស៊ុតបានល្អ។
ដោយ៖ ចាន់ តារា
ប្រភព៖ Poultry Tips / Kipster Farm
