More

    កម្រិតអាស៊ីត-បាស កត្តាកំណត់ជីជាតិដីរបស់កសិករ​

    បងប្អូនកសិករជាច្រើនតែងតែងឿងឆ្ងល់ថាហេតុអ្វីបានជាយើង​ដាក់ជីច្រើនហើយ តែដំណាំនៅតែមិនសូវលូតលាស់? ចម្លើយភាគច្រើនមិនមែនមកពីជីគ្មានគុណភាពនោះទេ ប៉ុន្តែមកពីបងប្អូនភ្លេច​គិត​ដល់គន្លឹះ​សំខាន់​មួយ​​សម្រាប់ជួយ​ឱ្យដំណាំអាច​បឺតស្រូបជីទាំងនោះបាន។ គន្លឹះ​នោះ​គឺ កម្រិតអាស៊ីត-បាស(pH) នៃដី​របស់​បងប្អូន​។

    តើអ្វីទៅជាកម្រិតpH ដី?

    កម្រិត pH គឺជាការវាស់ស្ទង់ភាព «ជូរ» ឬ «ប្រៃ» នៃដី ដែលមានចន្លោះពី ០ ដល់ ១៤។

    • pH < ៧៖ ដីជូរ (Acidic) — ដូចរសជាតិក្រូចឆ្មារ។
    • pH = ៧៖ ដីមធ្យម ឬណឺត​ (Neutral) — ជាចំណុចតុល្យភាព។
    • pH > ៧៖ ដីអាល់កាឡាំង ឬដីបាស (Alkaline) — ដូចរសជាតិសាប៊ូ។

    ហេតុអ្វីបានជា pH គឺជាគន្លឹះនៃឃ្លាំងជី​របស់​ដី​?

    សូមស្រមៃថា ជីដែលបងប្អូនបាចទៅក្នុងដីមាន​អាសូត ផូស្វ័រ ប៉ូតាស្យូម គឺជាម្ហូបអាហារដែលផ្ទុកក្នុងឃ្លាំង។ ប៉ុន្តែ ម្ហូបទាំងនេះនឹងត្រូវជាប់​នៅ​ក្នុង​ឃ្លាំងមិនអាចឱ្យរុក្ខជាតិបឺតយកបានឡើយប្រសិនបើ pH ដីមិនត្រឹមត្រូវ។​

    • នៅពេលដីជូរខ្លាំង (pH < ៥,៥) សារធាតុផូស្វ័រ ដែលជួយឱ្យឫសរឹងមាំ និងផ្កាច្រើន នឹងត្រូវជាប់ចំណងជាមួយជាតិដែក និងអាលុយមីញ៉ូមក្នុងដី។ ទោះបងប្អូនបាចជីផូស្វ័រ​ច្រើនប៉ុនណា​ក៏ដោយ ក៏រុក្ខជាតិបឺតមិនបានដែរ។
    • នៅពេលដីអាល់កាឡាំងឬ​បាស​ខ្លាំង (pH > ៧,៥) សារធាតុចិញ្ចឹមបន្ទាប់បន្សំដូចជា ដែក និងស័ង្កសីមិន​អាច​ដំណើរ​ការ​បាន​​ដែលធ្វើឱ្យស្លឹកដំណាំឡើងលឿង និងក្រិន។

    ចំណុចសំខាន់​​កម្រិតpH ដែលល្អបំផុតសម្រាប់ដំណាំស្ទើរគ្រប់ប្រភេទគឺចន្លោះ ៦ ដល់ ៧។ ក្នុងកម្រិតនេះដី​អាច​ផ្ដល់ជីជាតិ​ល្អ​បំផុតសម្រាប់ឫសដំណាំ។

    ផលវិបាកនៃដីជូរខ្លាំង

    យោងតាម វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ដីនៅតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ជាពិសេសដីស្រែដែលប្រើជីគីមីច្រើនឆ្នាំ ច្រើនតែមានសភាពជូរ។

    • ពុលឫស៖ ដីជូរខ្លាំងធ្វើឱ្យជាតិអាលុយមីញ៉ូមរលាយចេញមក សម្លាប់ចុងឫសដំណាំ ធ្វើឱ្យឫសខ្លី និងមិនអាចជញ្ជក់ទឹកបាន។
    • សម្លាប់មីក្រូសារពាង្គកាយល្អៗ៖ បាក់តេរីដែលជួយបំបែកជីកំប៉ុស្តមិនអាចរស់នៅបានក្នុងដីជូរឡើយ។

     ការកែប្រែpH ដី

    ប្រសិនបើបងប្អូនដឹងថាដីរបស់ខ្លួនមានបញ្ហា pH តាមរយៈការតេស្តងាយៗដែលយើងបានរៀនពីមុន បងប្អូនអាចដោះស្រាយបានដូចខាងក្រោម៖

    1. សម្រាប់ដីជូរ (pH ទាប)៖ ប្រើ កំបោរកសិកម្មឬ ផេះចង្ក្រាន។ កំបោរនឹងទៅបន្សាបជាតិអាស៊ីត និងដោះលែងផូស្វ័រឱ្យដំណាំប្រើប្រាស់បានវិញ។
    2. សម្រាប់ដីអាល់កាឡាំងឬបាស (pH ខ្ពស់)៖ ប្រើ ជីកំប៉ុស្ត ជីសរីរាង្គ ឬ ស្លឹកឈើស្ងួត។ សារធាតុសរីរាង្គនៅពេលរលួយនឹងបញ្ចេញជាតិអាស៊ីតខ្សោយៗដើម្បីទម្លាក់pH ឱ្យមកធម្មតាវិញ។

    បងប្អូន​អាច​រកទិញ​ឧបករណ៍​សម្រាប់​វាស់ក​ម្រិត​ pH ដី​នៅ​លើ​ទី​ផ្សារ​បាន ឬ​សាកសួរ​ព័ត៌មាន​បន្ថែម​ពី​មន្ត្រី​កសិកម្ម​ឃុំ​។​

    អង្គការ FAO លើកឡើងថាការគ្រប់គ្រង pH ដីគឺជាជំហានសំខាន់បំផុតតែមួយគត់ក្នុងការគ្រប់គ្រងសារធាតុចិញ្ចឹម។ ប្រសិនបើ pH មិនត្រឹមត្រូវទេការវិនិយោគលើជីរបស់បងប្អូននឹងផ្តល់​ផលមកវិញតិចតួចបំផុត។

    កុំទម្លាប់គ្រាន់តែបាចជីតាមគ្នា។ ការស្វែងយល់ពីpHដី គឺជាការធ្វើកសិកម្មបែបវិទ្យាសាស្ត្រ ដែលជួយឱ្យបងប្អូនចំណេញប្រាក់ និងទទួលបានទិន្នផលពិតប្រាកដ។

    ដោយ៖ ចាន់ តារា
    ប្រភព៖ RHS.org/ FAO