នៅដើមឆ្នាំ២០២៦ នេះអ្នកជំនាញកសិកម្ម និងបរិស្ថានទូទាំងពិភពលោកបានចេញសារព្រមានយ៉ាងខ្លាំងៗអំពី «វិបត្តិសុខភាពដី» ដែលកំពុងធ្លាក់ចុះក្នុងកម្រិតគួរឱ្យបារម្ភ។ បញ្ហានេះមិនមែនជារឿងឆ្ងាយខ្លួនទៀតទេ វាគឺជាផលប៉ះពាល់ផ្ទាល់ដល់សេដ្ឋកិច្ចគ្រួសារ និងទិន្នផលរបស់បងប្អូនកសិករគ្រប់រូប។
ហេតុអ្វីបានជាអ្នកជំនាញព្រមាននៅឆ្នាំ២០២៦ នេះ?
យោងតាមអត្ថបទចុះផ្សាយដោយ AOL និងមតិរបស់អ្នកជំនាញថែទាំដី ពួកគាត់បានសង្កេតឃើញថា ដីកសិកម្មបច្ចុប្បន្នកំពុងជួបប្រទះនូវ «ភាពរងគ្រោះខ្លាំង» ដោយសារកត្តា ៣ យ៉ាងធំៗ។
- ការប្រើថ្នាំនិងជីគីមីហួសកម្រិត៖ ការបន្តបាចជីគីមី និងថ្នាំសម្លាប់សត្វល្អិតច្រើនឆ្នាំពេក បានធ្វើឱ្យដីបាត់បង់តុល្យភាពធម្មជាតិ។ ដីលែងមានជីវិត ហើយក្លាយជា ដីងាប់ដែលចាំតែលេបជីគីមី។
- ការបាត់បង់ធាតុសរីរាង្គ៖ អ្នកជំនាញលើកឡើងថា ដីភាគច្រើនកំពុងក្លាយជា«ធូលីដី» ព្រោះគ្មានកាកសំណល់រុក្ខជាតិ ឬជីកំប៉ុស្តមកបំពេញវិញ។
- អាកាសធាតុប្រែប្រួលខ្លាំង៖ នៅឆ្នាំ២០២៦ នេះ ភាពក្តៅហួតហែងខ្លាំង និងទឹកជំនន់ភ្លាមៗ បានធ្វើឱ្យស្រទាប់ដីលើដែលសម្បូរជីជាតិ (Topsoil) ត្រូវហូរច្រោះបាត់ក្នុងល្បឿនលឿនជាងមុន។

អំណះអំណាងពីស្ថាប័នជំនាញពិភពលោក
មិនមែនមានតែអ្នកជំនាញថែលើដីស្រែចម្ការទេដែលបង្ហាញក្ដីបារម្ភ សូម្បីតែស្ថាប័នកំពូលៗក៏បានបញ្ជាក់ដែរ។ អង្គការស្បៀង និងកសិកម្ម (FAO) បានព្យាករណ៍ថា ប្រសិនបើយើងមិនផ្លាស់ប្តូររបៀបដាំដុះទេ ស្រទាប់ដីលើរបស់ពិភពលោកប្រហែល៩០% នឹងរងការខូចខាតនៅត្រឹមឆ្នាំ២០៥០។ ចំណែកអនុសញ្ញាសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងវាលខ្សាច់ (UNCCD) បានបញ្ជាក់ថា ការស្តារដីឡើងវិញមិនមែនជាជម្រើសទៀតទេ ប៉ុន្តែវាគឺជាកាតព្វកិច្ចដើម្បីរស់។ ដីដែលខូចគុណភាព នឹងធ្វើឱ្យតម្លៃចំណីអាហារកើនឡើង និងបង្កឱ្យមានគ្រោះអត់ឃ្លាន។
តើសញ្ញាដីធ្លាក់ចុះគុណភាពមានអ្វីខ្លះ?
បងប្អូនអាចសង្កេតមើលស្រែចម្ការខ្លួនឯងបាន បើឃើញសញ្ញាទាំងនេះ មានន័យថាដីកំពុងដង្ហោយហៅរកការជួយសង្គ្រោះហើយ៖
- ដីហាប់ណែនខ្លាំង៖ ពេលស្ងួតរឹងដូចថ្ម ពេលសើមឡើងភក់ស្អិតគ្មានរន្ធខ្យល់។
- ការបាចជីលែងសូវមានប្រសិទ្ធភាពើ ដាក់ជីកាន់តែច្រើន តែទិន្នផលនៅតែដដែល ឬថយចុះ។
- បាត់បង់សត្វល្អិតល្អៗ៖ លែងសូវឃើញមានជន្លេន ឬសត្វល្អិតក្នុងដី។
- ទឹកដក់លើផ្ទៃដី៖ ទឹកមិនងាយជ្រាបចូលដី បង្កឱ្យរលួយឫសដំណាំ។

ដំណោះស្រាយ
អ្នកជំនាញបានផ្តល់អនុសាសន៍ឱ្យកសិករអនុវត្តវិធីសាស្ត្រមួយចំនួនដើម្បីស្រោចស្រង់ដីឡើងវិញនៅឆ្នាំ២០២៦ នេះ។
ការដាំដំណាំគម្របដី ដូចជា ចង្ក្រង់ស្វា និងពពួកសសណ្ដែក ដើម្បីការពារដីពីកម្តៅថ្ងៃ និងបញ្ចូលអាសូតធម្មជាតិទៅក្នុងដីវិញ។ បន្ថែមពីនេះ ការប្រើធ្យូងជីវៈ (Biochar) ដើម្បីសាងសង់ ជម្រកឱ្យមីក្រូសារពាង្គកាយក្នុងដីបានរស់រានឡើងវិញ។
មួយវិញទៀតត្រូវបញ្ឈប់ការដុតកាកសំណល់ ដូចជាការដុតជញ្ជ្រាំង ឬសំណល់ដំណាំដែលការធ្វើបែបនេះដូចជាការដុតលុយនិងជីជាតិចោល។ យើងត្រូវយកវាមកធ្វើកំប៉ុស្តវិញ។
ដីគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់កសិករ។ ដូចដែលអ្នកជំនាញបាននិយាយថាបើបងប្អូនមិនថែដីនៅថ្ងៃនេះទេ ថ្ងៃក្រោយដីនឹងមិនអាចចិញ្ចឹមបងប្អូនវិញបានឡើយ។
