គន្លឹះ​សំខាន់ៗ​ជួយ​តាម​ដាន​សុខភាព​ស្រូវ ទប់ស្កាត់កត្តាបំផ្លាញ​ទាន់ពេល

ក្នុង​អត្ថបទនេះ​នឹង​ពន្យល់​បងប្អូន​ពី​គន្លឹះ​សំខាន់ៗ​មួយ​ចំនួន​ក្នុង​ការ​ពិនិត្យ​តាមដាន​សុខភាព​ស្រូវ​ ដើម្បី​ការពារ​ ឬទប់​ស្កាត់​ជំងឺ​លើ​ស្រូវ​បាន​ទាន់ពេ​ល​។​ ការដើរមើលស្រែឱ្យបានយ៉ាងតិច ២ ដងក្នុងមួយសប្តាហ៍ នឹងជួយឱ្យបងប្អូនទប់ស្កាត់បញ្ហាបានទាន់ពេល។ បងប្អូន​ត្រូវ​សង្កេត​បញ្ហា​លើ​ដំណាំ​ស្រូវ ដោយ​ផ្អែក​តាម​រោគ​សញ្ញា​នៃការ​បំផ្លាញ​របស់​ពពួក​សត្វល្អិត​ចង្រៃ​

  • ពពួក​ស៊ីស្លឹក ដូចជា​កណ្តូប ដង្កូវ៖ ស្លឹកដាច់រហែក មានរន្ធ ស្លឹកមូរ
  • ពពួក​ជញ្ជក់រុក្ខរស ដូចជាមមាចត្នោត ចៃ៖ ស្លឹកស្រូវ​ឡើង​លឿង សញ្ញាខ្លោច ឬឆេះស្លឹក
  • ពពួក​ស៊ីរូង​ដើម​ (ដង្កូវស៊ីរូងដើម)៖ បណ្ដូលស្រូវស្ងួត កួរស្កកពណ៌ស
  • ជំងឺផ្សិតដូចជា​អុចត្នោត ធ្យូងបៃតង៖ អុចរាងគ្រាប់ល្ងលើស្លឹក កួរស្រូវឡើងលឿងដូចស្លាទុំ មាន​ដុះជា​កញ្ចំជុំវិញ​គ្រាប់ស្រូវ​និង​មាន​ដុំ​ដូច​ធូលី​

ចំណាំ វត្តមានពីងពាង កន្ទុំរុយ និង​អណ្តើកមាស​ជា​ដើម ជា​ពពួកសត្វល្អិត​មា​ន​ប្រយោជន៍​ដែល​ត្រូវ​រក្សា​ទុក​។​

បច្ចេកទេសដើរមើលស្រែដែល​បងប្អូន​គួរ​អនុវត្ត​ដើម្បី​ការពារ​ស្រូវ​បងប្អូន​បាន​ទាន់​ពេល​។​

១. ដើរកាត់ស្រែរាងអក្សរ Z

កុំដើរមើលស្រែតែតាម​ភ្លឺ យើង​ត្រូវដើរចូលក្នុងស្រែជារាងអក្សរ Z ដើម្បីពិនិត្យឱ្យបានសព្វផ្ទៃដី ព្រោះសត្វល្អិតខ្លះចូលចិត្តពួននៅកណ្តាលស្រែ។

២. ពិនិត្យមើលគល់ស្រូវ

សម្រាប់ មមាចត្នោត បងប្អូនត្រូវវែកគុម្ពស្រូវមើលនៅ ផ្នែកគល់ ក្បែរផ្ទៃទឹក។ បើឃើញវត្តមាន​វា​លោត​ចុះឡើង ឬឃើញមានពង​សៗនៅគល់ ត្រូវប្រយ័ត្នបញ្ហាសញ្ញាខ្លោច ឬឆេះស្លឹក។

៣. ការវាយតម្លៃកម្រិតបំផ្លាញ:

  • ទាប៖ ឃើញសត្វល្អិតតិចតួច ឧទាហរណ៍៖ មមាចក្រោម ៥ ក្បាលក្នុងមួយគុម្ព។ យើង​មិន​ទាន់​មាន​វិធានការ​អ្វី​ក៏​បាន​ដោយ​ទុកឱ្យសត្រូវធម្មជាតិ (ពីងពាង) កម្ចាត់វា។
  • មធ្យម៖ ចាប់ផ្តើមឃើញការបំផ្លាញច្បាស់លើស្លឹក។ វិធានការគឺ​ ប្រើថ្នាំធម្មជាតិ ឬទឹកខ្មេះធ្យូងជីវៈបាញ់បណ្តេញ។
  • ខ្លាំង៖ ស្រូវចាប់ផ្តើមលឿង ឬខ្លោចស្លឹកច្រើន។ វិធានការគឺ​ ប្រឹក្សាជាមួយមន្ត្រីកសិកម្ម ដើម្បីប្រើថ្នាំគីមីចំគោលដៅ និងទាន់ពេលវេលា។

៤. កត់ត្រាវត្តមានមិត្តភក្តិកសិករ

បើបងប្អូនឃើញមាន ពីងពាង ឬ កន្ទុំរុយ ច្រើនក្នុងស្រែ នោះជាសញ្ញាល្អ។ ពួកវាគឺជា ភ្នាក់​ងារ​ការពារ​ស្រែ ដែលជួយស៊ីសត្វល្អិតចង្រៃឱ្យយើងដោយមិនគិតថ្លៃ។ការកត់ត្រាជារៀងរាល់សប្តាហ៍ ជួយឱ្យបងប្អូនដឹងថា តើការប្រើជី ឬការគ្រប់គ្រងទឹករបស់បងប្អូនមានប្រសិទ្ធភាពកម្រិតណា ពិសេស​គឺ​ដឹង​ពី​កត្តា​ចង្រៃ​ និង​មាន​វិធានការ​ទប់ស្កាត់​ទាន់​ពេល​។

ដោយ៖ ចាន់ តារា
ប្រភព៖ IRRI / BigHaat /FAO