ហេតុអ្វី​​កសិករ​ចិញ្ចឹម​មាន់​ច្រើន​បរាជ័យ​នៅ​វគ្គ​ដំបូង​?

ការចាប់ផ្ដើមវគ្គដំបូងនៃកសិដ្ឋានចិញ្ចឹមមាន់ ប្រៀបដូចជាការសាកល្បងដ៏ធំបំផុតសម្រាប់កសិករ។ កសិករថ្មីថ្មោងភាគច្រើនតែងតែជួបការបរាជ័យ ឬខាតបង់ក្នុងវគ្គដំបូងនេះ ដោយសារតែការរំពឹងទុកខ្ពស់ពេក និងការមើលរំលងនូវចំណុចបច្ចេកទេសតូចៗ។ យោងតាមអត្ថបទពី Poultry Tip រួមជាមួយបទពិសោធន៍ពីអ្នកជំនាញផ្សេង​ទៀត​ នេះគឺជាមូលហេតុចម្បងដែលនាំឱ្យកសិដ្ឋានដំបូងៗជួបការលំបាក និងវិធីសាស្ត្របង្ការ។

មូលហេតុចម្បងនៃការ​បរាជ័យ​ក្នុងវគ្គដំបូង

បញ្ហាដែលជួបប្រទះផលវិបាក
ការមើលស្រាលលើជីវសុវត្ថិភាពមេរោគងាយចូលលុកលុយ ព្រោះកសិករមិនទាន់មានមាន​វិធានការ​សម្លាប់ និង​មានទម្លាប់តឹងរ៉ឹងលើការបាញ់ថ្នាំ និងការឃាត់ភ្ញៀវ។
ការគ្រប់គ្រងកូនមាន់មិនបានល្អក្នុងសប្ដាហ៍ទី១ បើកម្ដៅ និងខ្យល់អាកាសមិនត្រឹមត្រូវ អត្រាងាប់នឹងហក់ឡើងខ្ពស់ (មរណៈភាពដំបូង)។
ការប្រើប្រាស់ចំណីខុសបច្ចេកទេសការដាក់ចំណីមាន់សាច់ឱ្យមាន់ពង ឬការប្រើចំណីមាន់ធំឱ្យកូនមាន់ស៊ី ធ្វើឱ្យវាលូតលាស់យឺត។
ការខ្វះផែនការទីផ្សារមាន់ធំដល់អាយុលក់ តែរកម៉ូយទិញមិនបាន ធ្វើឱ្យខាតចំណីជារៀងរាល់ថ្ងៃ។

វិធីសាស្ត្របង្ការ ដើម្បីទទួលបានជោគជ័យតាំងពីវគ្គដំបូង

ក. ការផ្ដោតលើសប្ដាហ៍មាស

យោងតាម Poultry Tip ទម្ងន់របស់កូនមាន់នៅថ្ងៃទី៧ គឺជាសូចនាករនៃទម្ងន់ពេលវាធំពេញរូបរាង។ បើក្នុងសប្ដាហ៍ទី១ កូនមាន់លូតលាស់ល្អ នោះវគ្គដែលនៅសល់នឹងមានភាពងាយស្រួល។

  • សកម្មភាព៖ ត្រូវត្រួតពិនិត្យសីតុណ្ហភាពទ្រុង​ ឱ្យបានទៀងទាត់ និងធានាថាមាន់គ្រប់ក្បាលបានស៊ីចំណី និងផឹកទឹកភ្លាមៗពេលមកដល់។

ខ. កុំមើលរំលង​ការ​ចំណាយ​លើ​ចំណី និង​គុណភាព​មាន់​

កសិករអាជីពមិនត្រឹមតែមើលលើមាន់ធំ ឬមិនធំនោះទេ តែគេមើលលើតម្លៃ តម្លៃចំណាយ​លើ​ចំណី ធៀបនឹង​ទម្ងន់មាន់ដែលទទួលបានសរុប​ផង​ដែរ​។

  • ដំបូន្មាន៖ ប្រសិនបើការ​ចំណាយ​លើ​ចំណី​ខ្ពស់ពេក បញ្ជាក់ថាបងប្អូនកំពុងខ្ជះខ្ជាយចំណី (អាចមកពីស្នូកចំណីកំពប់ ឬចំណីគ្មានគុណភាព)។

គ. ការកត់ត្រាជារឿងដែលមិនអាចខ្វះបាន

កសិករថ្មីភាគច្រើនមិនសូវកត់ត្រាទេ។ ប៉ុន្តែអ្នកជំនាញ បញ្ជាក់ថា ការកត់ត្រាចំនួនមាន់ងាប់ បរិមាណចំណីស៊ីប្រចាំថ្ងៃ និងការប្រើប្រាស់ថ្នាំ គឺជាគន្លឹះដើម្បីដឹងថា«តើយើងចំណេញ ឬខាត» នៅត្រង់ចំណុចណា។

អង្គការ FAO លើក​ឡើងថា​ថា ក្នុងវគ្គដំបូង កសិករគួរចាប់ផ្ដើមក្នុង​ចិញ្ចឹម​ទ្រង់ទ្រាយតូច​សិន ដើម្បីរៀនពីចរិតលក្ខណៈរបស់ពូជមាន់ និងការគ្រប់គ្រងបរិស្ថាន មុននឹងពង្រីកទ្រង់ទ្រាយធំ។ ដូចគ្នា​ដែរ កសិករថ្មីច្រើនតែចាក់វ៉ាក់សាំងយឺតពេល ឬទុកវ៉ាក់សាំងមិនបានត្រឹមត្រូវ (ខូចគុណភាព) ដែលនាំឱ្យមានការងាប់រង្គាលក្នុងវគ្គដំបូង។

កសិដ្ឋានដែលស្អាតបំផុត គឺជាកសិដ្ឋានដែលមិនសូវមានមនុស្សចេញ​ចូលច្រើន​។ ជីវសុវត្ថិភាពមិនមែនជាការចំណាយទេ តែវាគឺជាការសន្សំសំចៃ។ កុំចាំដល់មាន់ឈឺ ទើបស្វែងរកថ្នាំព្យាបាល។ ចូរស្វែងរកវិធីការពារ តាំងពីមុនពេលមាន់មកដល់ទ្រុង។

ដោយ៖ ចាន់ តារា
ប្រភព៖ ​Poultry Tips / FAO