ចំណុច​គួរដឹង​មុន​សម្រេច​ចិត្ត​ជ្រើស​រើស​ពូជមាន់​ចិញ្ចឹម ​

ការជ្រើសរើសពូជមាន់ គឺជាការសម្រេចចិត្តដ៏សំខាន់បំផុតដែលកំណត់ជោគវាសនានៃប្រាក់ចំណេញរបស់បងប្អូនកសិករ។ ទោះបីជាបងប្អូនមានបច្ចេកទេសថែទាំល្អយ៉ាងណា ក៏មិនអាចទទួលបានផលខ្ពស់ដែរ ប្រសិនបើចាប់ផ្ដើមជាមួយពូជដែលមិនសមស្របនឹងគោលដៅ។

យោងតាមអត្ថបទបច្ចេកទេសពី Poultry Tip រួមផ្សំជាមួយការណែនាំពី អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនិង អង្គការ FAO មាន​កត្តាគន្លឹះ​មួយ​ចំនួន​ដែលបងប្អូនត្រូវពិចារណាមុននឹងជ្រើសរើសពូជមកចិញ្ចឹម។

១. កំណត់គោលបំណងឱ្យច្បាស់លាស់

មុននឹងទិញកូនមាន់ បងប្អូនត្រូវសួរខ្លួនឯងថា​តើចិញ្ចឹមដើម្បីអ្វី?

  • ពូជមាន់សាច់៖ លូតលាស់លឿនឆាប់​បាន​លក់ ប៉ុន្តែត្រូវការចំណីអាហារ និងការថែទាំខ្ពស់។
  • ពូជមាន់ពង៖ ផ្ដោតលើការផលិតស៊ុតបានច្រើន និងមានរយៈពេលយូរ។
  • ពូជចម្រុះ ឬមាន់ស្រែ៖ អាចផ្ដល់ទាំងសាច់ និងស៊ុត មានភាពធន់នឹងជំងឺខ្ពស់ និងសាច់មានឱជារសឆ្ងាញ់ ដូចជា ពូជស្គុយ ឬពូជស្រឡៅ។

២. ភាពធន់នឹងអាកាសធាតុ និងជំងឺ

ពូជមាន់នីមួយៗមានភាពធន់ខុសគ្នា៖

  • ពូជក្នុងស្រុក៖ មានអត្ថប្រយោជន៍ខ្លាំងត្រង់ភាពធន់នឹងកម្ដៅ និងជំងឺដែលកើតមានជាប្រចាំក្នុងតំបន់។ ពួកវាអាចរស់នៅ និងរកចំណីដោយខ្លួនឯងបានប្រសើរជាងពូជនាំចូល។
  • ពូជបង្កាត់៖ ទោះបីជាផ្ដល់ផលលឿន ប៉ុន្តែពួកវាងាយរងគ្រោះដោយសារការប្រែប្រួលសីតុណ្ហភាពខ្លាំង។ ប្រសិនបើបងប្អូនមិនទាន់មានទ្រុងស្ដង់ដារ (ទ្រុងបិទជិត ឬមានប្រព័ន្ធត្រជាក់) ទេនោះ មិនគួរជ្រើសរើសពូជបង្កាត់លក្ខណៈឧស្សាហកម្មឡើយ។

៣. តម្រូវការទីផ្សារ និងតម្លៃ

កុំចិញ្ចឹមតាមគ្នា តែត្រូវចិញ្ចឹមតាមតម្រូវការអ្នកទិញ។ នៅកម្ពុជា មាន់ស្រែ តែងតែមានតម្លៃខ្ពស់ និងមានទីផ្សារទូលំទូលាយសម្រាប់អ្នកហូបចុកក្នុងស្រុក។ ប្រសិនបើបងប្អូនចិញ្ចឹមមាន់សាច់ (មាន់ស) ត្រូវប្រាកដថាបងប្អូនមានទំនាក់ទំនងជាមួយភោជនីយដ្ឋាន ឬអ្នកកែច្នៃសាច់មាន់ជាមុនសិន។

ដោយើ ចាន់ តារា
ប្រភព៖ ឯកសារក្រសួង​កសិកម្ម / Poultry Tips / FAO