ដើម្បីការពារដំណាំពោតឱ្យបានជោគជ័យពីការយាយីរបស់ដង្កូវហ្វូងប្រភេទថ្មី (Fall Armyworm) ការចុះពិនិត្យឱ្យបានទៀងទាត់ និងចំពេលវេលា គឺជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះរបស់កសិករយើង។នេះគឺជាតារាងពេលវេលានៃការចុះពិនិត្យចម្ការដែលបងប្អូនកសិករអាចសាកល្បងអនុវត្តនិងស្វែងយល់ពីប្រសិទ្ធភាពថាតើអាចជួយបងប្អូនបានកម្រិតណា។

តារាងពេលវេលានៃការចុះពិនិត្យ និងការពារដង្កូវហ្វូងលើពោត
| អាយុដំណាំ (ថ្ងៃក្រោយដាំ) | ចំនួនដង | សញ្ញាដែលត្រូវសង្កេត | វិធានការដែលត្រូវត្រៀម |
| ៧ – ១៤ ថ្ងៃ (ដំណាក់កាលដុះពន្លក) | ២ ដងក្នុង១សប្តាហ៍ | ពិនិត្យមើលពងដង្កូវ នៅក្រោមស្លឹក ឬសត្វមេអំបៅហើរក្នុងចម្ការ។ | ប្រមូលកម្ចាត់ពងដង្កូវដោយដៃ ឬបាញ់ថ្នាំការពារស្រាលៗ។ |
| ១៥ – ៣០ ថ្ងៃ (ដំណាក់កាលលូតលាស់ស្លឹក) | ២ – ៣ ដង ក្នុង ១ សប្តាហ៍ | ស្នាមឆ្នូតសៗថ្លាៗលើស្លឹក (ដង្កូវតូចៗកំពុងស៊ី)។ | បាញ់ថ្នាំការពារតាមការណែនាំ។ ប្រឹក្សាជាមួយមន្ត្រីកសិកកម្មឃុំ |
| ៣០ – ៤៥ ថ្ងៃ (ពោតចេញស្នៀត) | ៣ ដងក្នុង១សប្តាហ៍ | សញ្ញាលាមកដង្កូវ៖ ឃើញមានដុំកម្ទេចតូចៗពណ៌ត្នោតនៅតាមបណ្ដូល និងស្លឹកដាច់ដោចខ្លាំង។ | ប្រើថ្នាំគីមីប្តូរសារធាតុសកម្ម និងបន្ថែមជីបំប៉នស្លឹកឱ្យងើបឡើងវិញ។ |
| ៤៥ ថ្ងៃ – ចេញផ្កា (ដំណាក់កាលចេញផ្កា/ផ្លែ) | ១ – ២ ដង ក្នុង ១ សប្តាហ៍ | ពិនិត្យមើលដង្កូវដែលរុលចូលស៊ីផ្កាឈ្មោល ឬចុងក្បាលស្នូលពោត។ | បាញ់ថ្នាំការពារកុំឱ្យដង្កូវចូលក្នុងស្នូល ព្រោះវានឹងពិបាកកម្ចាត់បំផុត។ |
គន្លឹះអនុវត្ត
១. ពិនិត្យតាមលក្ខណៈ “អក្សរ W”
កុំពិនិត្យតែនៅមាត់ចម្ការ! បងប្អូនគួរដើរចូលក្នុងចម្ការតាមទម្រង់អក្សរ W ដើម្បីពិនិត្យឱ្យសព្វផ្ទៃដី។ ក្នុងមួយចំណុច ត្រូវពិនិត្យមើលដើមពោតយ៉ាងតិច ១០ទៅ ២០ដើម។

២. ពេលវេលាស័ក្តិសមបំផុត
ដង្កូវហ្វូងខ្លាចកម្ដៅថ្ងៃ វាតែងតែលាក់ខ្លួនក្នុងបណ្ដូលនៃដើមពោតពេលថ្ងៃត្រង់។ ដូច្នេះ ការចុះពិនិត្យ និងបាញ់ថ្នាំនៅ ពេលព្រឹកព្រលឹម ឬ ពេលល្ងាចត្រជាក់ គឺជាពេលដែលដង្កូវចេញមកស៊ីចំណីខាងក្រៅ ធ្វើឱ្យយើងកម្ចាត់វាបានងាយ។
៣. កម្រិតសញ្ញាអាសន្ន
ប្រសិនបើឃើញមានដង្កូវបំផ្លាញលើសពី ១០% ទៅ ២០% នៃដើមសរុប បងប្អូនត្រូវប្រើវិធានការគីមីជាបន្ទាន់។ បើឃើញតិចតួច គួរប្រើវិធីសាស្ត្រធម្មជាតិ ឬដកដង្កូវចោលដោយដៃ។
ដោយ៖ ចាន់ តារា
ប្រភព៖ FAO / Purdue University
