កុំឲ្យ​ទ្រីប​បំផ្លាញទិន្នផលដំណាំបងប្អូន ដឹងគន្លឹះការពារទាំងនេះ​

បងប្អូនកសិករខ្លះប្រហែលជាធ្លាប់ឃើញស្លឹកដំណាំឡើងស្នាមអុចៗពណ៌ប្រាក់ ឬស្លឹកឡើងរួញក្រញុល​ខុសធម្មតា។ នោះគឺជាសញ្ញានៃការយាយីពីសត្វល្អិតទ្រីប (Thrips) ដែលជាសត្រូវតូចល្អិតបំផុត ប៉ុន្តែមានឥទ្ធិពលបំផ្លាញយ៉ាងសាហាវលើដំណាំបន្លែ និងម្ទេស។

១. ការបំផ្លាញរបស់ទ្រីប

ទ្រីបគឺជាសត្វល្អិតដែលមានទំហំតូចខ្លាំង (ប៉ុនចុងម្ជុល) ដែលចូលចិត្តជញ្ជក់រុក្ខរសពីស្លឹក ផ្កា និងផ្លែ​របស់​ដំណាំ​។

  • សញ្ញាលើស្លឹក៖ ស្លឹកមានស្នាមឆ្នូតពណ៌ប្រាក់ ឬពណ៌ប្រផេះ និងមានចំណុចខ្មៅតូចៗ (លាមករបស់វា)។
  • សញ្ញាលើផ្លែ និងផ្កា៖ ធ្វើឱ្យផ្កាឡើងក្រៀម ជ្រុះ និងធ្វើឱ្យផ្លែមានសណ្ឋានក្រវិច​ក្រវៀន​​ឬក្រិន។
  • គ្រោះថ្នាក់បំផុត៖ ទ្រីបគឺជាភ្នាក់ងារចម្លងមេរោគវីរុស​ពីដើមមួយទៅដើមមួយទៀត ដែលអាចធ្វើឱ្យដំណាំ​បងប្អូនបាត់បង់ទិន្នផលទាំងស្រុង។

២. យុទ្ធសាស្ត្រការពារ និងកម្ចាត់តាមបែបចម្រុះ

យោងតាមអ្នកជំនាញកសិកម្ម និងស្ថាប័ន UC យុទ្ធសាស្ត្រការពារ និងកម្ចាត់តាមបែបចម្រុះ​(IPM) បងប្អូនមិនគួររំពឹងតែលើថ្នាំគីមីមួយមុខនោះទេ ប៉ុន្តែត្រូវប្រើវិធីសាស្ត្រចម្រុះ​គ្នា​។

ការប្រើប្រាស់វិធី​សាស្រ្ត​រូបវន្ត

  • អន្ទាក់ស្អិតពណ៌ខៀវ (Blue Sticky Traps)៖ ខុសពីសត្វល្អិតដទៃដែលចូលចិត្តពណ៌លឿង សត្វទ្រីបមានចំណូលចិត្តខ្លាំងលើពណ៌ខៀវ។ ការដាក់អន្ទាក់ពណ៌ខៀវជួយឱ្យបងប្អូនដឹងពីចំនួនទ្រីបក្នុងចម្ការ និងកម្ចាត់មេអំបៅរបស់វាបានយ៉ាងច្រើន។
  • ការប្រើកម្រាលចំណាំង​ (Reflective Mulch)៖ ការប្រើប្លាស្ទិកគ្របរងពណ៌ប្រាក់ ជួយជះពន្លឺថ្ងៃត្រឡប់ទៅវិញ ដែលធ្វើឱ្យសត្វទ្រីបភាន់ភ្នែក និងមិនហ៊ានចុះមកទុំលើដំណាំ។

ការការពារតាមបែបជីវសាស្ត្រ

នេះគឺជាវិធីសាស្ត្រ​ប្រើសត្រូវធម្មជាតិ កម្ចាត់សត្រូវលើ​ដំណាំ។​

  • សត្វល្អិតស្លាបសំណាញ់ (Green Lacewings)៖ ដូចដែលយើងបានដឹង ពួកវាគឺជាអ្នកប្រមាញ់ដ៏ពូកែដែលស៊ីសត្វទ្រីបជាអាហារ។
  • ការដាំផ្កាស្បៃរឿង៖ ការដាំផ្កាស្បៃរឿងជុំវិញចម្ការ ជួយទាក់ទាញសត្វទ្រីបឱ្យទៅស៊ីផ្កាស្បៃ​រឿង​ជំនួសវិញ និងជាជម្រកសម្រាប់សត្វល្អិតមានប្រយោជន៍

វិធានការគីមី និងសរីរាង្គ

ក្នុងករណីមានការរាតត្បាតខ្លាំង​យើង​ត្រូវ​ប្រ​ថ្នាំ​ជំនួយ​ទើ​ប​បាន​។​

  • ថ្នាំសរីរាង្គ៖ ប្រើប្រាស់ ប្រេងស្តៅឬ សាប៊ូ ដើម្បីកម្ចាត់ស្រទាប់ការពារខ្លួនរបស់វា។
  • ថ្នាំគីមី៖ សារធាតុសកម្ម Spinosad ត្រូវបានចាត់ទុកថាមានប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់ទ្រីប​។ ប៉ុន្តែត្រូវប្រុងប្រយ័ត្ន កុំបាញ់នៅពេលឃ្មុំកំពុងក្រវែលផ្កា។

រុក្ខជាតិដែលមានសុខភាពល្អ គឺធន់នឹងការជញ្ជក់របស់ទ្រីបបានប្រសើរ។ ការបង្កើន សារធាតុសរីរាង្គក្នុងដី (Soil Organic Matter) ជួយឱ្យរុក្ខជាតិមានប្រព័ន្ធការពារខ្លួនមាំមួន។ ដីដែលមានសំណើមគ្រប់គ្រាន់ និងមិនសូវមានជាតិអាសូតលើសលប់ នឹងធ្វើឱ្យរុក្ខជាតិមិនសូវទាក់ទាញសត្វទ្រីបមកស៊ីឡើយ។

បច្ចេកទេសសង្កេតដំណាំ​

  • ឧស្សាហ៍ពិនិត្យក្រោមស្លឹក៖ ប្រើកញ្ចក់ពង្រីកដើម្បី​ពិនិត្យ​បើអាច ព្រោះទ្រីបតូចណាស់។
  • ស្រោចទឹកតាមស្លឹក៖ ការស្រោចទឹកបែបបាញ់ ជួយលាងជម្រះសត្វទ្រីបចេញពីស្លឹកបានខ្លះ។
  • ជម្រះស្មៅ៖ ស្មៅជុំវិញចម្ការគឺជាជម្រកសម្ងំរបស់ទ្រីប ដូច្នេះត្រូវធ្វើចម្ការឱ្យស្អាតជានិច្ច។

ដោយ៖ ចាន់ តារា
ប្រភព៖ Cropaia /​ ឯកសារក្រសួងកសិកម្ម