ចំណេះដឹង​មូលដ្ឋាន​ទាំង​ប្រាំ អ្នកចិញ្ចឹមមាន់ថ្មីថ្មោង​គួរ​ដឹង​

ការចាប់ផ្ដើមចិញ្ចឹមមាន់មិនមែនមានត្រឹមតែពូជមាន់ វ៉ាក់សាំងនិងទ្រុងនោះទេ ប៉ុន្តែវាទាមទារនូវការត្រៀមលក្ខណៈលើសម្ភារៈបច្ចេកទេសមួយចំនួន ដើម្បីធានាថាមាន់របស់បងប្អូនលូតលាស់បានល្អ និងមានអត្រាងាប់ទាប។ សម្រាប់​អ្នក​ចាប់​ផ្ដើម​ចិញ្ចឹម​មាន់​ដំបូងៗ​គួរ​ដឹង​គន្លឹះ​ទាំង​ប្រាំ​មួយ​នេះ​ជាមុន​។​

១. វីតាមីន និងអេឡិចត្រូលីត

វីតាមីន និងអេឡិចត្រូលីត គឺជាថាមពលជំនួយដ៏សំខាន់ ជាពិសេសនៅពេលកូនមាន់ទើបដឹកមកដល់កសិដ្ឋាន ឬនៅពេលអាកាសធាតុក្ដៅខ្លាំង។

  • អត្ថប្រយោជន៍៖ ជួយកាត់បន្ថយភាពតានតឹងពង្រឹងប្រព័ន្ធការពាររាងកាយ និងជួយឱ្យមាន់ឆាប់ចេះស៊ីចំណី។
  • ការអនុវត្ត៖ គួរលាយទឹកឱ្យមាន់ផឹកឱ្យបានទៀងទាត់ក្នុងរយៈពេល ៣-៥ ថ្ងៃដំបូង។

២. ការគ្រប់គ្រងប៉ារ៉ាស៊ីតក្រៅ

សត្វល្អិតដូចជា ចៃ ចៃមាន់ ស្រមើល ឬមេរោគផ្សិតលើជើង អាចធ្វើឱ្យមាន់ខ្សោយ និងអាក់​ពង​។

  • ការព្យាបាល៖ ប្រសិនបើឃើញជើងមាន់មានស្រកាក្រាស់ៗ ឬដុះផ្សិត ត្រូវប្រើថ្នាំលាប ឬថ្នាំបាញ់សម្រាប់ព្យាបាលជើងជាបន្ទាន់។ ប្រឹក្សាជាមួយ​អ្នក​ជំនាញ​អំពី​ការ​ប្រើប្រាស់​ថ្នាំ​បាន​ត្រឹមត្រូវ​។
  • ការបាញ់សម្លាប់មេរោគក្នុងទ្រុង៖ មេរោគច្រើនតែលាក់ខ្លួនតាមប្រហោងឈើ ឬនៅ​កែងៗ​ទ្រុង​។ ការបាញ់ថ្នាំសម្លាប់សត្វល្អិតក្នុងទ្រុង ជួយការពារមាន់ពីការរំខាននៅពេលយប់។

៣. ម្សៅកម្ចាត់សត្វល្អិត

នេះគឺជាម្សៅធម្មជាតិដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ចៃ និងសត្វល្អិតក្នុងទ្រុង។

  • វិធីប្រើ៖ បាចវានៅកន្លែងដែលឱ្យមាន់ដេក ឬកន្លែងដែលវាលេង។
  • ប្រុងប្រយ័ត្ន៖ ត្រូវប្រើប្រភេទ “Food-Grade” (សុវត្ថិភាពសម្រាប់សត្វស៊ី) និងប្រយ័ត្នកុំឱ្យហុយចូលភ្នែក ឬច្រមុះមាន់ខ្លាំងពេក។

៤. កញ្ចប់សង្គ្រោះបឋម

កសិដ្ឋាននីមួយៗគួរមានប្រអប់ថ្នាំសង្គ្រោះបន្ទាន់ ដែលរួមមាន៖ ថ្នាំលាបដំបៅ ស្រោមដៃ កន្សែងស្អាត និងឧបករណ៍រុំរបួស។ គោលបំណងសំខាន់​គឺ សម្រាប់ប្រើប្រាស់ភ្លាមៗនៅពេលមាន់ចឹកគ្នា មានរបួស ឬត្រូវសត្វផ្សេងខាំ ដើម្បីបង្ការការឆ្លងមេរោគ និងការហូរឈាម។

៥. អនាម័យស្នូកទឹក និងស្នូកចំណី

មេរោគភាគច្រើនឆ្លងតាមរយៈការស៊ី និងការផឹក។ ជា​ការណែនាំ កសិករ​ត្រូវលាងសម្អាតស្នូកទឹក និងស្នូកចំណីឱ្យបានរាល់ថ្ងៃ។ ស្នូកដែលស្អាតជួយបង្ការជំងឺរាក និងជំងឺផ្លូវដង្ហើមបានយ៉ាងមានប្រសិទ្ធភាព។

អគ្គនាយកដ្ឋានសុខភាពសត្វ​បញ្ជាក់ថាជីវសុវត្ថិភាព​(Biosecurity) ចាប់ផ្ដើមពីអនាម័យស្នូកទឹក ចំណី និងការគ្រប់គ្រងប៉ារ៉ាស៊ីត។ ការប្រើប្រាស់វីតាមីនបានត្រឹមត្រូវ អាចកាត់បន្ថយអត្រា​ងាប់របស់កូនមាន់បានរហូតដល់ ៣០%។

ចំណែក​អង្គការ FAO ក៏​បាន​ណែនាំឱ្យកសិករខ្នាតតូចយកចិត្តទុកដាក់លើការគ្រប់គ្រង​ចៃមាន់ ព្រោះវាជាភ្នាក់ងារចម្លងជំងឺដ៏សកម្ម និងធ្វើឱ្យមាន់ចុះខ្សោយកម្លាំងខ្លាំង។ កុំរង់ចាំដល់មាន់ឈឺទើបដើររកទិញថ្នាំ។ ការមានសម្ភារៈទាំងនេះនៅក្នុងដៃ គឺជាការធានារ៉ាប់រងដ៏ល្អបំផុតសម្រាប់អាជីវកម្មចិញ្ចឹមមាន់របស់បងប្អូន។

ដោយ៖ ចាន់ តារា
ប្រភព៖ FAO / Poultry India