វិធី​សាស្ត្រ​ថែទាំ​សុខភាពមាន់​ពេល​អាកាសធាតុក្ដៅ​

អាកាសធាតុក្តៅខ្លាំង គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់អ្នកចិញ្ចឹមមាន់ ព្រោះវាអាចបង្កឱ្យមាន់មានស្ថានភាព «ស្ត្រេសនឹងកម្តៅ»។ ស្ថានភាពនេះមិនត្រឹមតែធ្វើឱ្យមាន់ចុះខ្សោយ ឬអាក់ពងប៉ុណ្ណោះទេ ប៉ុន្តែវាអាចបណ្តាលឱ្យមាន់ងាប់បានយ៉ាងរហ័ស។ ដើម្បីការពារហានិភ័យទាំងនេះ បងប្អូន​គួរអនុវត្តតាមបច្ចេកទេសមួយ​ចំនួន​។​

១. ការគ្រប់គ្រងទឹកផឹក

ទឹកគឺជាកត្តាសំខាន់បំផុតក្នុងរដូវក្តៅ។

  • ទឹកស្អាត និងមិនក្ដៅ៖ ត្រូវប្រាកដថាមាន់មានទឹកស្អាតផឹកគ្រប់គ្រាន់ ២៤ ម៉ោង។ ក្នុងរដូវក្តៅ អ្នកគួរដាក់ទឹកឱ្យបានច្រើនកន្លែងជាងធម្មតា ហើយទឹកនោះត្រូវតែត្រជាក់ (ជៀសវាងទឹកដែលក្តៅដោយសារកម្តៅថ្ងៃ)។
  • បន្ថែមអេឡិចត្រូលីត៖ ការបន្ថែមអេឡិចត្រូលីត ឬវីតាមីន C ទៅក្នុងទឹកផឹក ជួយឱ្យមាន់រក្សាតុល្យភាពជាតិរ៉ែក្នុងរាងកាយ និងកាត់បន្ថយភាពតានតឹងបានយ៉ាងល្អ។

២. ការកែសម្រួលពេលវេលាផ្តល់ចំណី

ការរំលាយអាហារបង្កើតកម្តៅក្នុងខ្លួនមាន់។ ប្រសិនបើមាន់ស៊ីចំណីចំពេលក្តៅខ្លាំង វានឹងធ្វើឱ្យសីតុណ្ហភាពក្នុងខ្លួនវាកាន់តែឡើងខ្ពស់។

  • ជៀសវាងការផ្តល់ចំណីនៅពេលថ្ងៃត្រង់៖ យើងគួរផ្តល់ចំណីឱ្យមាន់នៅពេលព្រឹកព្រលឹម និងពេលល្ងាចដែលអាកាសធាតុត្រជាក់។
  • ដកចំណីចេញ៖ អ្នកជំនាញណែនាំឱ្យដកចំណីចេញពីរបីម៉ោង មុនពេលសីតុណ្ហភាពឡើងដល់ចំណុចខ្ពស់បំផុត និងដាក់ឱ្យស៊ីវិញនៅពេលល្ងាច។

៣. បង្កើនលំហូរខ្យល់ក្នុងទ្រុង

  • ប្រើកង្ហារ៖ ប្រសិនបើចិញ្ចឹមក្នុងលក្ខណៈកសិដ្ឋាន យើង​គួរប្រើកង្ហារដើម្បីបក់កម្តៅចេញ និងបង្កើតលំហូរខ្យល់។
  • កុំដាក់មាន់ចង្អៀតគ្នាពេក៖ ការដាក់មាន់ច្រើនពេកក្នុងទ្រុងតែមួយ នឹងធ្វើឱ្យកម្តៅកើនឡើង។ ក្នុងរដូវក្តៅ យើង​គួរកាត់បន្ថយចំនួនមាន់ក្នុងមួយម៉ែត្រការ៉េ ដើម្បីឱ្យវាមានលំហដកដង្ហើម និងបញ្ចេញកម្តៅបានស្រួល។

៤. ការគ្រប់គ្រងបរិស្ថានជុំវិញទ្រុង

  • ដំបូលទ្រុង៖ យើងអាចបាញ់ទឹកលើដំបូលទ្រុង ដើម្បីកាត់បន្ថយកម្តៅដែលជះមកលើមាន់។ ប្រសិនបើដំបូលស័ង្កសីយើង​គួរមានស្បៃមុងការពារកម្តៅ ឬដាំដើមឈើជុំវិញដើម្បីផ្តល់ម្លប់។
  • ការបំភាយទឹក៖ ការប្រើប្រព័ន្ធបាញ់ទឹកជាតំណក់តូចៗក្នុងទ្រុងអាចជួយបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្ន កុំឱ្យកម្រិតសំណើមឡើងខ្ពស់ពេក ព្រោះវាអាចធ្វើឱ្យមាន់ថប់ដង្ហើម។

៥. កាត់បន្ថយសកម្មភាពរំខាន

ក្នុងអំឡុងពេលដែលអាកាសធាតុក្តៅបំផុត (ចន្លោះម៉ោង ១១ ព្រឹក ដល់ម៉ោង ៤ រសៀល)៖

  • កុំចូលទៅរំខានមាន់ ឬដេញមាន់។
  • ជៀសវាងការចាក់វ៉ាក់សាំង ឬការផ្ទេរមាន់ពីទ្រុងមួយទៅទ្រុងមួយទៀតក្នុងកំឡុងម៉ោងនេះ ព្រោះវាបង្កើនកម្រិតស្ត្រេសទ្វេដង។

៦. របៀបសង្កេតមើលសញ្ញាស្ត្រេសនឹងកម្តៅ

អ្នកចិញ្ចឹមត្រូវតាមដានមាន់ឱ្យបានដិតដល់។ សញ្ញាគ្រោះថ្នាក់ដែលត្រូវ​សង្គ្រោះ​រួមមាន៖

  • មាន់ហើបស្លាបចេញពីខ្លួន (ដើម្បីបញ្ចេញកម្តៅ)។
  • បើកមាត់ដកដង្ហើមញាប់ៗ។
  • មាន់អសកម្ម មិនស៊ីចំណី និងផឹកទឹកច្រើនខុសធម្មតា។
  • មាន់ដេកស្តូកស្តឹង ឬសិរមាន់ឡើងស្លេក។

ការការពារប្រសើរជាងការព្យាបាល។ ការរៀបចំប្រព័ន្ធទឹកឱ្យបានល្អ និងការគ្រប់គ្រងខ្យល់ចេញចូលក្នុងទ្រុង គឺជាគន្លឹះដ៏សំខាន់បំផុត ដើម្បីជួយឱ្យបក្សីរបស់អ្នកឆ្លងផុតរដូវក្តៅដោយសុវត្ថិភាព និងរក្សាបាននូវទិន្នផលខ្ពស់៕

ដោយ៖ សែន តុលា
ប្រភព៖ Laying Hens/ Poultry Care