ចិញ្ចឹម​មាន់​ចង់​ចំណេញ​ត្រូវ​​ចេះ​កត់​ត្រា​កុំឱ្យ​ការ​ខិត​ខំ​ប្រែ​ជាការ​ផ្សង​សំណាង​

ការចិញ្ចឹមមាន់ដោយគ្មានការកត់ត្រា ប្រៀបដូចជាការបើកបររថយន្តដោយបិទភ្នែកអ៊ីចឹងដែរ បងប្អូនមិនអាចដឹងថាខ្លួនឯងកំពុងទៅដល់ណា ឬជិតធ្លាក់ផ្លូវនៅពេលណានោះឡើយ។ ផ្អែកតាមបទពិសោធន៍ពីអ្នកជំនាញនៅ Poultry​ Tip និងស្ថាប័នកសិកម្មល្បីៗ នេះគឺជាហេតុផលសំខាន់ៗដែលបងប្អូនត្រូវតែមាន​សៀវភៅកត់ត្រា​។​

១. បង្កើនផលិតភាព៖ ដឹងច្បាស់ពីចំណាយ និងចំណូល

ការកត់ត្រាជួយឱ្យបងប្អូនស្វែងយល់ពី មេគុណបំប្លែងចំណី (FCR)។ បើគ្មានទិន្នន័យទេ បងប្អូននឹងមិនដឹងថាមាន់របស់ខ្លួនស៊ីអស់ច្រើនតែមិនព្រមឡើងសាច់នោះឡើយ។

  • ការតាមដានចំណី៖ ជួយឱ្យដឹងថាមាន់ស៊ីចំណីត្រូវតាមស្ដង់ដារអាយុរបស់វាដែរឬទេ?
  • ការជ្រើសរើសពូជ៖ តាមរយៈការកត់ត្រា បងប្អូនអាចដឹងថាពូជមាន់មកពីប្រភពណាដែលធំលឿន និងធន់នឹងជំងឺជាងគេ ដើម្បីយកមកចិញ្ចឹមនៅវគ្គក្រោយ។

២. ការពារសុខភាព៖ ដឹងមុន បង្ការទាន់ពេល​

សៀវភៅកត់ត្រាគឺជាប្រវត្តិរូបសង្ខេបនៃសុខភាពមាន់។ វាកត់ត្រានូវ៖

  • កាលវិភាគវ៉ាក់សាំង៖ ការពារការភ្លេចចាក់វ៉ាក់សាំងការពារជំងឺឆ្លងសាហាវៗដូចជា ញ៉ូកាស​។
  • អត្រាងាប់៖ ប្រសិនបើចំនួនមាន់ងាប់ក្នុងតារាងចាប់ផ្ដើមកើនឡើងខុសធម្មតា (លើសពី ៥%) វាកំពុងផ្ដល់សញ្ញាអាសន្នថាមានជំងឺឆ្លងចូលក្នុងទ្រុងហើយ។
  • សុវត្ថិភាពសាច់៖ ការកត់ត្រាថ្ងៃចាក់ថ្នាំ ឬឱ្យថ្នាំផ្សះ ជួយឱ្យបងប្អូនដឹងច្បាស់ថា ពេលណាទើបអាចលក់មាន់យកទៅបរិភោគដោយសុវត្ថិភាព មិនឱ្យមានសំណល់ថ្នាំប៉ះពាល់ដល់អ្នកបរិភោគ។

៣. ធានាប្រាក់ចំណេញ

អ្នកជំនាញសេដ្ឋកិច្ចកសិកម្មតែងនិយាយថាបើបងប្អូនមិនអាចវាស់វែងថ្លៃ​ដើម​បាន បងប្អូនក៏មិនអាចគ្រប់គ្រងការ​ចំណេញ​បានដែរ។

  • ដឹងពីថ្លៃដើមពិតប្រាកដ៖ បូករួមទាំងថ្លៃកូនមាន់ ចំណី ថ្នាំ ទឹក ភ្លើង និងកម្លាំងពលកម្ម។
  • កំណត់តម្លៃលក់៖ នៅពេលដឹងថ្លៃដើមច្បាស់ បងប្អូនអាចកំណត់តម្លៃលក់ដែលផ្ដល់ផលចំណេញខ្ពស់បំផុត និងមិនងាយចាញ់បោកឈ្មួញបង្អាប់ថ្លៃ។

ការកត់ត្រាទិន្នន័យគឺជាផ្នែកមួយនៃការអនុវត្តកសិកម្មល្អ ដែលជួយឱ្យកសិករអាចតាមដានប្រភពដើមនៃផលិតផលនិងបង្កើនទំនុកចិត្តដល់អតិថិជន។

អង្គការ FAO បញ្ជាក់ថា កសិករខ្នាតតូចដែលធ្វើការកត់ត្រាទិន្នន័យបានទៀងទាត់ មានឱកាសទទួលបានប្រាក់ចំណេញខ្ពស់ជាងកសិករមិនកត់ត្រារហូតដល់ ២០-៣០% ព្រោះពួកគេអាចកាត់បន្ថយការខ្ជះខ្ជាយចំណី និងកាត់បន្ថយអត្រាងាប់បានទាន់ពេល។

ចំណែក​សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) បង្ហាញថា ទិន្នន័យដែលកត់ត្រាទុក គឺជាមូលដ្ឋានគ្រឹះក្នុងការស្នើសុំកម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីពង្រីកអាជីវកម្មកសិដ្ឋាន​។

កុំចាំរហូតដល់មាន់ងាប់អស់ ឬលក់ចេញហើយទើបបូកលេខ។ ចូរចាប់ផ្ដើមកាន់ប៊ិច និងសៀវភៅ ចូលទៅក្នុងទ្រុងជារៀងរាល់ថ្ងៃ។ ការកត់ត្រាថ្ងៃនេះ គឺជាប្រាក់ចំណេញនៅថ្ងៃស្អែក​។

ដោយ៖ ចាន់ តារា
ប្រភព៖ ឯកសារក្រសួងកសិកម្ម / Poultry Tips