កន្លឹះសំខាន់ប្រាំ​ជួយ​ឲ្យ​មាន់​មិន​អាក់ពង​និងមាន​សុខភាពល្អ​

ចង់ឱ្យមាន់ពងបានច្រើន និងមានគុណភាពល្អ មិនមែនទាមទារតែការវិនិយោគលើសម្ភារៈថ្លៃៗនោះទេ ប៉ុន្តែវាផ្អែកលើ «ការគ្រប់គ្រងដោយវៃឆ្លាត»។ ខាងក្រោមនេះគឺជាអាថ៌កំបាំង ៥ យ៉ាងដែលអ្នកជំនាញកសិកម្មតែងតែប្រើប្រាស់ ដើម្បីជួយឱ្យមាន់ពងបានទៀងទាត់ និងមានសុខភាពល្អ។​

១. អាហារូបត្ថម្ភដែលមានតុល្យភាព

អាហារគឺជាកត្តាទី១ កំណត់បរិមាណពង​របស់​មាន់​បងប្អូន​។ មាន់ពងត្រូវការថាមពល និងសារធាតុរ៉ែខ្ពស់ជាងមាន់សាច់។ កសិករ​យើង​គួរ​ប្រើចំណីដែលមានកម្រិតប្រូតេអ៊ីនចន្លោះពី១៦%ទៅ​១៨% រួមជាមួយកាល់ស្យូម និងវីតាមីន។

ក្រៅពីចំណីសម្រេច បងប្អូនអាចបន្ថែមសម្បកលៀស ឬខ្ចៅកិនម៉ត់ ដើម្បីផ្ដល់កាល់ស្យូម (ជួយឱ្យសម្បកពងរឹងមាំ) និងបន្លែបៃតងដូចជា ត្រកួន ឬដើមចេក ដើម្បីបន្ថែមវីតាមីន​។ យោងតាម អង្គការ FAO បើមាន់ខ្វះកាល់ស្យូម វានឹងយកជាតិកាល់ស្យូមពីឆ្អឹងខ្លួនឯងមកបង្កើតសម្បកពង ដែលធ្វើឱ្យមាន់ចុះខ្សោយ និងឈប់ពងក្នុងរយៈពេលខ្លី។

២. ទឹកស្អាត

«គ្មានទឹក គឺ​គ្មានពង» នេះជាច្បាប់ធម្មជាតិរបស់មាន់។ ទឹកគឺជាសមាសធាតុផ្សំ​៧៥% នៃគ្រាប់ពង​មាន់។ កសិករ​យើង​ត្រូវ​ធានាថាមាន់មានទឹកស្អាតផឹក ២៤ ម៉ោងលើ ២៤ ម៉ោង។ ក្នុងរដូវ​ក្ដៅ បើបងប្អូនទុកឱ្យស្នូកទឹកស្ងួតត្រឹមតែ ២ ម៉ោង ផលិតកម្មពងអាចនឹងធ្លាក់ចុះក្នុងរយៈពេល ២ទៅ៣ ថ្ងៃបន្ទាប់។ ដូច​គ្នា​ដែរ យើង​ត្រូវសម្លាប់មេរោគក្នុងស្នូកទឹកឱ្យបានទៀងទាត់ ដើម្បីបង្ការជំងឺឆ្លងតាមទឹក។

៣. ពន្លឺគ្រប់គ្រាន់

ពន្លឺគឺជាភ្នាក់ងារ​បញ្ជាទៅកាន់ក្រពេញបញ្ចេញអ័រម៉ូនឱ្យមាន់បញ្ចេញពង។ មាន់ត្រូវការពន្លឺចន្លោះពី ១៤-១៦ ម៉ោងក្នុងមួយថ្ងៃ ដើម្បីពងបានទៀងទាត់។ នៅរដូវត្រជាក់​ដែលមេឃឆាប់ងងឹត បងប្អូនគួរតម្លើងអំពូលភ្លើងបន្ថែមនៅក្នុងទ្រុងនៅចន្លោះម៉ោង ៥ ល្ងាច ដល់ម៉ោង ៨ យប់ ឬនៅពេលព្រលឹមស្រាងៗ។ ការសិក្សាពី អគ្គនាយកដ្ឋានសុខភាពសត្វ​បង្ហាញថាការប្រើពន្លឺមិនត្រឹមត្រូវ គឺជាមូលហេតុចម្បងដែលធ្វើឱ្យមាន់​អាក់​ពង​ ឬពងមិនទៀងទាត់។

៤. ទ្រុងស្អាត និងគ្មានភាពតានតឹង

ភាពតានតឹងគឺជាសត្រូវនៃផលិតកម្មពង។ រក្សាទ្រុងឱ្យមានខ្យល់ចេញចូលល្អ ស្ងួត និងមានសុវត្ថិភាពពីសត្វយាយី (ដូចជា ឆ្កែ ឆ្មា ឬពស់)។ កុំឱ្យមានសំឡេង​រំខានខ្លាំងៗនៅក្បែរទ្រុង និងកុំដាក់មាន់ជារួមគ្នាច្រើនពេក។ បើមាន់មានអារម្មណ៍មិនសុវត្ថិភាព វានឹងរក្សាថាមពលទុកសម្រាប់ការពារខ្លួន ជាជាងការបង្កើតពង។

៥. ការថែទាំសុខភាព និងកម្ចាត់ប៉ារ៉ាស៊ីត

មាន់ដែលមានសុខភាពល្អ គឺជាមាន់ដែលផ្ដល់ផលចំណេញ។ យើង​ត្រូវ​ពិនិត្យរកមើលសត្វល្អិតដូចជា ចៃ ចៃមាន់ និងទម្លាក់ព្រូនឱ្យបានទៀងទាត់។ ​ប្រសិនបើមាន់មានចៃ វាជញ្ជក់ឈាមធ្វើឱ្យមាន់ស្លេកស្លាំង រមាស់ និងមិនអាចសម្រាកបាន ដែលធ្វើឱ្យបរិមាណពងធ្លាក់ចុះភ្លាមៗ។ គួរប្រើម្សៅកម្ចាត់សត្វល្អិតបាចតាមកន្លែងពួកវា​ដេក និងប្រើថ្នាំទម្លាក់ព្រូនតាមកាលវិភាគណែនាំរបស់ពេទ្យសត្វជំនាញ។

អ្នកជំនាញសេដ្ឋកិច្ចកសិកម្មតែងតែរំលឹកថាការចិញ្ចឹមមាន់គឺជាអាជីវកម្ម។ បងប្អូនត្រូវកត់ត្រាបរិមាណពងប្រចាំថ្ងៃ និងបរិមាណចំណី ដើម្បីដឹងថាអាថ៌កំបាំងទាំង ៥ ខាងលើកំពុងដំណើរការកម្រិតណា។

ដោយ៖ ចាន់ តារា
ប្រភព៖ Poultry India / FAO AGRIS