ក្រុមហ៊ុនក្នុងស្រុកមួយចាប់ដៃគូជាមួយក្រុមហ៊ុនផលិតសម្បកកង់រថយន្តល្បីឈ្មោះអន្តរជាតិដែលមានមូលដ្ឋាននៅប្រទេសអ៊ីតាលី ដើម្បីនាំចូលផ្ដាច់មុខសម្បកកង់រថយន្តមានបច្ចេកវិទ្យាពិសេស Seal Inside មកកាន់ប្រទេសកម្ពុជា ដែលបច្ចេកវិទ្យានេះមានសមត្ថភាពជួយរក្សាសម្ពាធខ្យល់ក្នុងសម្បកកង់បានបើទោះជាមានវត្ថុមុតស្រួចចាក់ទម្លុះក៏ដោយ ហើយរថយន្តនៅតែអាចបន្តបើកបរទៅមុខដោយសុវត្ថិភាពដដែល។

Pirelli ជាក្រុមហ៊ុនផលិតសម្បកកង់រថយន្តលំដាប់អន្តរជាតិមានទីតាំងនៅទីក្រុងមីលែន ប្រទេសអ៊ីតាលី និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៨៧២ មកម្លេះ។
កម្មវិធីប្រកាសជាផ្លូវការនៃការទទួលសិទ្ធិនាំចូល និងចែកចាយសម្បកកង់ Pirelli ដោយ ក្រុមហ៊ុន DS Auto Part Distribution Co., Ltd បានរៀបចំឡើងកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។
លោក ប៉ូ វាសនា ប្រធានផ្នែកអាជីវកម្មរបស់ក្រុមហ៊ុន DS Auto Part បានពន្យល់ថាបច្ចេកវិទ្យា Seal Inside អាចជួយឲ្យអ្នកបើកបរបន្តដំណើរដោយទំនុកចិត្តបើទោះបីជាមានវត្ថុមុតស្រួចចាក់ទម្លុះសម្បកកង់។ លោកបន្តថាក្នុងសម្បកកង់មានសារធាតុពិសេសនៅក្នុងស្រទាប់ SEALING ដែលរចនាឡើងយ៉ាងពិសេសដើម្បីប៉ះផ្ជិតស្នាមរន្ធដែលមុតធ្លាយបានភ្លាមៗ។

លោកបន្តថានៅពេលមានវត្ថុមុតស្រួចចាក់ទម្លុះសម្បកកក់រថយន្ត សារធាតុពិសេសនៅខាងក្នុងនឹងរត់មកព័ទ្ធជុំវិញវត្ថុនោះភ្លាមៗ ដើម្បីទប់ស្កាត់ការលេចធ្លាយខ្យល់។
បច្ចេកវិទ្យានៃ Pirelli’s Seal Inside អាចប្រើប្រាស់ទូទៅបានគ្រប់ប្រភេទយ៉ាន់កង់រថយន្តមិនថាប្រភេទធម្មតា ឬប្រភេទដែលប្រើប្រាស់នូវប្រព័ន្ធ SENSOR គ្រប់គ្រងសម្ពាធខ្យល់នោះទេ។
លោក វាសនា បន្ថែមថា៖ «វាជាបច្ចេកវិទ្យាមួយថ្មីដែលយើងបំពាក់នៅលើសម្បកកង់ប្រភេទCintuRato ROSSO មានន័យថាសម្បកកង់ហ្នឹងយើងផលិតឡើងមានសមាធាតុបញ្ចូលគ្នាដូចជាកៅស៊ូ និង SEAL សម្រាប់ការការពារក្នុងការមុតធ្លាយនៅពេលដែលយើងបើកបរ…នៅពេលដែលយើងកំពុងបើកបរលើដងផ្លូវ ហើយមានឧបសគ្គណាមួយដូចជាការកិនដែកគោលធ្វើឲ្យធ្លាយ SEAL ហ្នឹងមានជាតិជែលមួយវាអាចទៅប៉ះផ្ជិតអូតូតែម្ដង ហើយពេលយើងដកដែកគោលហ្នឹងចេញមក SEAL ហ្នឹងវាមានជាតិហ្នឹងដូចគ្នា»។

នៅពេលសួរថាតើអ្នកបើកបរត្រូវយករយន្តទៅប៉ះឡើងវិញឬអត់លោកបញ្ជាក់ថាជាការណែនាំអ្នកប្រើប្រាស់គួររកជាងជំនាញប៉ះបិទសម្បកកង់រថយន្តដែលមុតនោះឡើងវិញ។
លោកបញ្ជាក់ថា៖ «ជាទូទៅគឺយើង recommend មានន័យថាទោះបីជាមានបច្ចេកវិទ្យាហ្នឹងក៏ដោយ នៅពេលដែលយើងដកដែកគោលចេញ យើងត្រូវយកទៅកន្លែងដែលមានបច្ចេកទេសក្នុងការប៉ះផ្ជិតដើម្បីឲ្យគាត់សិក្សាមើល ហើយយើងត្រូវតែប៉ះវាឲ្យត្រូវតាមស្ដង់ដារនិងបច្ចេកទេសសម្បកកង់ មានន័យថា SEAL យើងធ្វើឡើងកុំឲ្យនៅពេលយើងមុតធ្លាយនៅកន្លែងណាមួយដែលស្ងាត់ ក៏ដូចជាលើផ្លូវល្បឿនលឿន ដែលយើងមិនអាចឈប់បាន SEAL ហ្នឹងអាចអនុញ្ញាតឲ្យយើងបន្តបើកបរដូចឡានយើងអត់មានមុតធ្លាយអីចឹង អាចបន្តបើកទៅមុខបានធម្មតារហូតដល់គោលដៅដែលអាចឲ្យយើងឆែក ក៏ដូចជាប៉ះ»។

ចំណែកកញ្ញា ខុន លក្ខិណា ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន DS Auto Part បានឲ្យដឹងដែរថាវាជាមោទនភាពមួយសម្រាប់ក្រុមហ៊ុន DS Auto Part ដែលបាននាំចូលសម្បកកង់រថយន្ត Pirelli។ កញ្ញាបន្តថា៖ «វាជាមោទនភាពដែលក្រុមហ៊ុនកូនខ្មែរមួយអាចសហការជាមួយក្រុមហ៊ុនPirelli ដែលជាក្រុមហ៊ុនល្បីលំដាប់ថ្នាក់ពិភពលោកតែម្ដង និងអាចនាំចូលផ្ដាច់មុខ សម្រាប់ខ្ញុំផ្ទាល់ពិតជាមានមោទនភាពខ្លាំង»។

គួរបញ្ជាក់ថាក្រុមហ៊ុនផលិតសម្បកកង់រថយន្ត Pirelli ជាក្រុមហ៊ុនអន្តរជាតិមួយដែលផ្គត់ផ្គង់សម្បកកង់ដល់ក្រុមហ៊ុនផលិតរថយន្តល្បីៗដូចជាមែកស៊ឺដែស BMW អូឌី Jeep, Rolls Royce, ZEEKR, Volkswagen, McLaren, TESLA, MINI និងក្រុមហ៊ុនរថយន្តល្បីៗមួយចំនួនទៀត។ បន្ថែមពីនេះក្រុមហ៊ុនផលិតសម្បកកង់រថយន្ត Pirelli ក៏ជាអ្នកផ្គត់ផ្គង់សម្បកកង់ដ៏ធំមួយសម្រាប់រថយន្តដែលចូលរួមប្រណាំក្នុងកម្មវិធី Formula 1 ផងដែរ៕
