ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ចាប់ដៃគូជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines (SIA) និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរយៈពេល៩ខែ ក្នុងគោលបំណងជំរុញកំណើនវិស័យទេសចរណ៍រវាងប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា ព្រមទាំងទៅកាន់ទិសដៅហោះផ្សេងទៀតជុំវិញពិភពលោក។ កម្មវិធីនេះ​រៀបចំធ្វើឡើងកាលពីថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២៦ នៅទីក្រុងភ្នំពេញ​។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ កញ្ញា Rachel Tan អនុប្រធានផ្នែកទីផ្សារ និង ម៉ាកយីហោ នៃក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (Singapore Airlines) និង ឯកឧត្តម គឹម មិនា នាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និង លោកស្ត្រាហាន លីម លេខាទី១ នៃស្ថានទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា។

ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ SIA និង CTB នឹងសហការវិនិយោគរួមគ្នាក្នុងទំហំទឹកប្រាក់ ១៤០.០០០ ដុល្លារអាមេរិក ដើម្បីរៀបចំយុទ្ធនាការទីផ្សារ និងផ្សព្វផ្សាយរួមគ្នា ដែលមានដូចជាការរៀបចំដំណើរកម្សាន្តស្វែងយល់ពីសក្ដានុពលទេសចរណ៍សម្រាប់អ្នកផលិតមាតិកាអន្តរជាតិល្បីៗ (KOLs) មកពីប្រទេសអូស្ត្រាលី បារាំង និងសិង្ហបុរី។ លើសពីនេះ SIA និង CTB ក៏នឹងសហការគ្នាដើម្បីផ្សព្វផ្សាយទេសចរណ៍កម្ពុជានៅទីផ្សារផ្សេងទៀតដូចជា ប្រទេសឥណ្ឌា ក្នុងរយៈពេលវែងផងដែរ។

លោក Vinod Kannan អនុប្រធានជាន់ខ្ពស់ផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines មានប្រសាសន៍ថា៖ «កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការគាំទ្រដល់ការរីកចម្រើននៃវិស័យទេសចរណ៍រវាងសិង្ហបុរី និងកម្ពុជា ក៏ដូចជាទិសដៅទេសចរណ៍ក្នុងតំបន់ទាំងមូល។ តាមរយៈយុទ្ធនាការរួមគ្នា និងសកម្មភាពផ្សព្វផ្សាយនានា យើងនឹងបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងតំបន់ទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា ភ្ជាប់ជាមួយនឹងបទពិសោធន៍ហោះហើរលំដាប់ ពិភពលោក ​តាមរយៈបណ្តាញហោះហើរសកលរបស់ SIA ។»

ឯកឧត្តម គឹម មិនា នាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) មានប្រសាសន៍ថា៖ «ភាពជាដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines នេះ បង្ហាញពីជំនឿទុកចិត្ត និងភាពជឿជាក់លើសក្ដានុពលនៃវិស័យទេសចរណ៍របស់កម្ពុជា។ កម្ពុជាមានសក្តានុពលទេសចរណ៍ដ៏សំបូរបែប ដែលមានដូចជា តំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រដ៏ល្បីល្បាញ និងរាជធានីពោពេញដោយភាពច្នៃប្រឌិត និងភាពរស់រវើក តំបន់ឆ្នេរដ៏ស្រស់ស្អាត និងគោលដៅទេសចរណ៍ធម្មជាតិជាច្រើន។ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកមួយនេះយើងមានគោលបំណងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយជាសកល ទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើន និងបង្ហាញពីទិដ្ឋភាពពិតនៃប្រទេសកម្ពុជាទៅកាន់ទស្សនិកជនទូទាំងពិភពលោក។ កិច្ចសហប្រតិបត្តិការនេះក៏ជាឱកាសដ៏សំខាន់ផងដែរ ក្នុងការផ្លាស់ប្តូរការយល់ឃើញអវិជ្ជមានលើប្រទេសកម្ពុជា តាមរយៈការបង្ហាញប្រទេសកម្ពុជាទៅពិភពលោកថាជាដោលដៅទេសចរណ៍ដ៏សំបូរបែប​ ពោពេញដោយស្នាមញញឹម និងភាពកក់ក្តៅ ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាព​ និងអត្តសញ្ញាណពិតប្រាកដរបស់កម្ពុជានាពេលបច្ចុប្បន្ន។»​