ដំណោះ​ស្រាយ​បែប​ធម្មជាតិ​​៥យ៉ាង​អាច​ជួយ​ឲ្យ​មាន់​មាន​សុខ​ភាព​ល្អ​

ក្នុងនាមជាអ្នកចិញ្ចឹមមាន់ទា ការផ្ដល់ទឹកស្អាតគឺជារឿងចាំបាច់ ហើយការប្រើប្រាស់នូវ​ឱសថធម្មជាតិ​មួយចំនួន​ជាមួយ​គ្នា នឹងធ្វើឲ្យមាន់របស់បងប្អូនលូតលាស់កាន់តែល្អ និងមានសុខភាពរឹងមាំ​។ ខាងក្រោមនេះគឺជាវិធីសាស្ត្រធ្វើទឹកថ្នាំ ៥ ប្រភេទ ដែលបងប្អូនអាចរកគ្រឿងផ្សំបានភ្លាមៗពីក្នុងផ្ទះបាយ ដើម្បីពង្រឹងប្រព័ន្ធការពារ កម្ចាត់ជំងឺ និងជំរុញ​ការលូតលាស់របស់មាន់​។

១. ទឹកខ្ទឹមស៖ បង្កើនប្រព័ន្ធការពារ

ខ្ទឹមសគឺជាថ្នាំផ្សះធម្មជាតិដ៏មានឥទ្ធិពលបំផុតសម្រាប់សត្វស្លាប។

  • អត្ថប្រយោជន៍៖ កម្ចាត់បាក់តេរីអាក្រក់ បង្កើនកោសិកាឈាមស និងជួយឲ្យមាន់មានភាពស៊ាំនឹងជំងឺពីខាងក្នុង។
  • វិធីធ្វើ៖ បុកខ្ទឹមស ១០ កំពឹស រួចដាក់ត្រាំក្នុងទឹក ១០ លីត្រ រយៈពេល ២ ម៉ោង (មិនបាច់ដាំពុះទេ)។
  • ការប្រើប្រាស់៖ ឲ្យមាន់ផឹកជារៀងរាល់ថ្ងៃច័ន្ទ និងថ្ងៃព្រហស្បតិ៍។

២. ទឹកខ្ញី៖ ជំរុញ​ការរំលាយអាហារ និងកាត់បន្ថយភាពស្ត្រេស

ខ្ញីជួយជំរុញ​អង់ស៊ីមរំលាយអាហារ និងជាភ្នាក់ងារជួយសម្រួលសីតុណ្ហភាពក្នុងខ្លួនមាន់។

  • អត្ថប្រយោជន៍៖ ជួសជុលស្រទាប់ពោះវៀន និងជួយការពារមាន់ពីភាពស្ត្រេសដោយសារកម្ដៅថ្ងៃ។
  • វិធីធ្វើ៖ ឈូសខ្ញី ១ មើម (ប៉ុនមេដៃ) ដាក់ក្នុងទឹក ៥ លីត្រ រួចដាំពុះ ១០ នាទី។ ទុកឲ្យត្រជាក់សិន ចាំដាក់ឲ្យមាន់ផឹក។
  • ការប្រើប្រាស់៖ ឲ្យផឹកជារៀងរាល់ព្រឹក ថ្ងៃអង្គារ និងថ្ងៃសុក្រ។

៣. ទឹកខ្មេះប៉ោម៖ ជំនួយសុខភាពពោះវៀន

នេះគឺជាដំណោះស្រាយដែលកសិករភាគច្រើនមើលរំលង ប៉ុន្តែវាមានប្រសិទ្ធភាពខ្ពស់។

  • អត្ថប្រយោជន៍៖ ជួយរក្សាតុល្យភាព pH ក្នុងពោះវៀន កម្ចាត់បាក់តេរីចង្រៃ ជួយឲ្យមាន់ពងស្រូបយកកាល់ស្យូមបានល្អ និងធ្វើឲ្យការបំប្លែងចំណីកាន់តែប្រសើរ។
  • វិធីធ្វើ៖ លាយទឹកខ្មេះប៉ោម ១០ មីលីលីត្រ ក្នុងទឹកស្អាត ១ លីត្រ។
  • ការប្រើប្រាស់៖ ឲ្យផឹកថ្ងៃពុធ និងថ្ងៃសៅរ៍។ បញ្ជាក់៖ ហាមប្រើជាមួយស្នូកទឹកដែលធ្វើពីដែក។

៤. ទឹកម្ទេស និងខ្ញី៖ សម្រាប់បញ្ហាផ្លូវដង្ហើម

ប្រសិនបើមាន់របស់បងប្អូនកំពុងមានបញ្ហា ក្អក កណ្តាស់ ឬពិបាកដកដង្ហើម នេះជាដំណោះស្រាយមួយ​ដែរ​។

  • អត្ថប្រយោជន៍៖ សារធាតុ Capsaicin ក្នុងម្ទេសជួយរំលាយស្លេស្ម សម្អាតផ្លូវដង្ហើម និងសម្លាប់បាក់តេរី ខណៈពេលដែលខ្ញីជួយកាត់បន្ថយការរលាក។
  • វិធីធ្វើ៖ យកម្ទេស ៥ គ្រាប់ បុកលាយជាមួយខ្ញី ១ មើម ដាក់ក្នុងទឹក ១០ លីត្រ រួចដាំពុះ ១០ នាទី។ ត្រងយកទឹកទុកឲ្យត្រជាក់។
  • ការប្រើប្រាស់៖ ឲ្យផឹក ៣ ថ្ងៃជាប់គ្នា នៅពេលមាន់ចាប់ផ្តើមមានអាការៈក្អក។

៥. ទឹកស្លឹកម្រុំ៖ ជួយឲ្យមានកម្លាំង និងងើបពីជំងឺ

ស្លឹកម្រុំគឺជាអាហារដែលផ្ដល់នូវសារធាតុចិញ្ចឹមយ៉ាងសំបូរបែបមួយ​ដែរ​។

  • អត្ថប្រយោជន៍៖ សំបូរទៅដោយប្រូតេអ៊ីន ជាតិដែក កាល់ស្យូម និងវីតាមីន ដែលជួយឲ្យមាន់ឆាប់មានកម្លាំងឡើងវិញក្រោយពេលឈឺ ឬក្រោយពេលស្ត្រេស។
  • វិធីធ្វើ៖ យកស្លឹកម្រុំស្រស់ ២ ក្តាប់ដៃ កិន ជាមួយទឹក ៥ លីត្រ រួចត្រងយកទឹកឲ្យមាន់ផឹក។
  • ការប្រើប្រាស់៖ ឲ្យផឹកថ្ងៃច័ន្ទ ពុធ និងសុក្រ ដើម្បីថែទាំសុខភាពទូទៅ។

ការប្រើប្រាស់គ្រឿងផ្សំធម្មជាតិទាំងនេះ មិនត្រឹមតែចំណាយតិចប៉ុណ្ណោះទេ ប៉ុន្តែវាជួយឲ្យសាច់មាន់ និងស៊ុតមានសុវត្ថិភាពសម្រាប់អ្នកបរិភោគទៀតផង។ បើ​បង​ប្អូន​មាន​បទពិសោធ​ប្រើប្រាស់​គ្រឿង​ផ្សំទាំងនេះ កុំ​ភ្លេច​ចែករំលែកជាមួយ​កសិ/Kakse ផង​ណា​៕

ដោយ៖ សែន តុលា
ប្រភព៖ Poultry Tips /Magtech Farm