វៀតណាម​នាំ​បង្កង​ទៅ​ចិន​បាន​ជាង​៥០០​លាន​ដុល្លារ​​ប្រាំខែ​ដើម​ឆ្នាំ​២០២៦​

យោងតាមទិន្នន័យពីសមាគមអ្នកនាំចេញ និងផលិតគ្រឿងសមុទ្រវៀតណាម (VASEP) ប្រទេសចិនបានចំណាយប្រាក់ចំនួន ៥០៦លានដុល្លារអាមេរិក លើការនាំចូលបង្កងពីប្រទេសវៀតណាម ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៦ នេះ។ តួលេខនេះបង្ហាញពីការកើនឡើងរហូតដល់ ៤៤,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាចំណុចដ៏លេចធ្លោមួយក្នុងវិស័យនាំចេញគ្រឿងសមុទ្ររបស់វៀតណាម។ នេះបើ​តាមការចុះ​ផ្សាយ​របស់​សារព័ត៌មាន​វៀតណាម​កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។​

នៅក្នុងចំណោមការនាំចេញសរុប បង្កងបៃតង (Green lobster) គឺជាប្រភេទដែលទាញបានចំណែកទីផ្សារធំជាងគេបំផុត ដោយរកចំណូលបាន ៥០៣,៩លានដុល្លារ ឬស្មើនឹង ៩៩,៥៣% នៃតម្លៃនាំចេញបង្កងសរុប។ ចំណែកឯប្រភេទបង្កងផ្សេងៗទៀត ទោះបីជាមានទំហំនាំចេញត្រឹមតែ ២,៤លានដុល្លារក្ដី ប៉ុន្តែមានការកើនឡើងយ៉ាងគំហុកដល់ទៅ ៣៤៥%។

ប្រសិនបើមើលទៅលើទិន្នន័យប្រចាំខែ ការនាំចេញមានសន្ទុះខ្លាំងបំផុតនៅក្នុងខែកុម្ភៈ ដែលមានទំហំទឹកប្រាក់រហូតដល់ ១៥៣,៦លានដុល្លារ (កើនឡើង ១៥៣%) ហើយនៅតែបន្តរក្សាបានកំណើនរឹងមាំសម្រាប់ខែបន្ទាប់ៗទៀត បើទោះបីជាផុតរដូវកាលបុណ្យទានក៏ដោយ។

អ្នកជំនាញពី VASEP លោកស្រី Phung Thi Kim Thu បានពន្យល់ថា តម្រូវការបង្កងវៀតណាម​នៅក្នុងទីផ្សារចិននៅតែមានកម្រិតខ្ពស់ ដោយសារអតិថិជនចិនដែលមានប្រាក់ចំណូលខ្ពស់ និយមទិញបង្កងសម្រាប់បម្រើនៅតាមភោជនីយដ្ឋាន ពិធីជប់លៀង និងសម្រាប់ធ្វើជាអំណោយ​។

កត្តាដែលធ្វើឱ្យវៀតណាមមានប្រៀបខ្លាំងក្នុងការប្រកួតប្រជែងរួមមាន៖

  • ទីតាំងភូមិសាស្ត្រអំណោយផល៖ ការនៅកៀកប្រទេសចិន ធ្វើឲ្យការដឹកជញ្ជូនមានរយៈ​ពេលខ្លី អាចរក្សាភាពស្រស់របស់បង្កងរហូតដល់ដៃអតិថិជន។
  • តម្លៃប្រកួតប្រជែង៖ បង្កងបៃតងទំហំតូច និងមធ្យមរបស់វៀតណាមមានតម្លៃសមរម្យ និងស័ក្តិសមបំផុតសម្រាប់ការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវអាកាសរយៈពេលខ្លី។
  • ឱកាសពីការផ្លាស់ប្តូរទីផ្សារ៖ បញ្ហាពន្ធដារ និងការរំខានផ្នែកពាណិជ្ជកម្មដែលបានប៉ះពាល់ដល់ប្រទេសផ្គត់ផ្គង់ប្រពៃណីធំៗ (ដូចជា កាណាដា អាមេរិក និងអូស្ត្រាលី) កាលពីឆ្នាំ២០២៥ បានផ្តល់ឱកាសមាសឱ្យវៀតណាមក្នុងការបំពេញចន្លោះប្រហោងនៃការផ្គត់ផ្គង់នេះ។

ឧស្សាហកម្មចិញ្ចឹមបង្កងនៅវៀតណាមបានពង្រីកខ្លួនយ៉ាងរហ័សតាំងពីឆ្នាំ២០០០ មកម៉្លេះ ដោយបច្ចុប្បន្នមានទ្រុងចិញ្ចឹមបង្កងពាណិជ្ជកម្មជាង ២៨ម៉ឺនទ្រុង និងផ្តល់ទិន្នផលប្រចាំឆ្នាំជាង ៥ ៨០០តោន។ ការចិញ្ចឹមនេះ ភាគច្រើនប្រមូលផ្តុំនៅក្នុងខេត្ត Dak Lak និងខេត្ត Khanh Hoa ដែលគ្រប់គ្រងជាង ៩៥% នៃទិន្នផលសរុបប្រចាំប្រទេស។

ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមចម្បងរបស់វៀតណាមគឺ ការពឹងផ្អែកទាំងស្រុងទៅលើការចាប់កូនបង្កងពីធម្មជាតិ ដោយសារប្រទេសនេះមិនទាន់មានលទ្ធភាពផលិតកូនបង្កងពូជ ដោយខ្លួនឯងនៅឡើយទេ។ កត្តានេះគឺជាឧបសគ្គមួយដែលនៅតែបន្តរារាំងដល់សក្តានុពលនៃការនាំចេញបង្កងពូជផ្សេងទៀត​ទៅកាន់ប្រទេសចិន៕

ដោយ៖ សែន តុលា
ប្រភព៖ Voice of Vietnam