ហេតុ​អ្វី​បាន​ជា​ដី​លែង​ស៊ី​ជី​? ​អាថ៌​កំបាំង​នៃ​ជីវសាស្ត្រ​ដី​កសិករ​​គួរ​ដឹង​

នៅពេលដែលឃើញដំណាំលូតលាស់មិនសូវល្អ កសិករភាគច្រើនតែងតែជ្រើសរើសវិធីសាស្ត្រ «បង្កើនការបាចជីគីមី» បន្ថែម។ ប៉ុន្តែ នៅក្នុងករណីជាច្រើន បញ្ហាពិតប្រាកដមិនមែនមកពីកង្វះខាតជីនោះទេ គឺមកពី «ជីវសាស្ត្រដី ឬជីវិតក្នុងដី» កំពុងធ្លាក់ចុះខ្សោយ។

ដីដែលមានសុខភាពល្អ គឺជាប្រព័ន្ធអេកូឡូស៊ីដែលមានជីវិត ដែលពោរពេញទៅដោយមីក្រូសារពាង្គកាយល្អៗរាប់ពាន់លានក្បាល។ ពួកវាដើរតួជាអ្នកកែច្នៃ និងបំប្លែងសារធាតុចិញ្ចឹមឱ្យទៅជាទម្រង់ដែលឫសដំណាំអាចបឺតស្រូបយកបាន។ នៅពេលដែលមេរោគល្អៗទាំងនេះបាត់បង់សកម្មភាព ឬងាប់ ដោយសារតែការប្រើប្រាស់សារធាតុគីមីច្រើនហួសប្រមាណ កង្វះខាតសារធាតុសរីរាង្គ ដីហាប់ណែន ឬគ្រោះរាំងស្ងួត នោះទោះបីជាបងប្អូនប្រើប្រាស់ជីល្អ ឬថ្លៃយ៉ាងណាក៏ដោយ ក៏វាលែងសូវមានប្រសិទ្ធភាពដែរ។

ហេតុអ្វីបានជាកើតមានបាតុភូត «ដីលែងស៊ីជី»?

ជាធម្មតា មីក្រូសារពាង្គកាយក្នុងដីមានតួនាទីកំទេចកាកសំណល់សរីរាង្គ និងបញ្ចេញសារធាតុចិញ្ចឹមចាំបាច់ដល់ដំណាំ។ ពួកវាជួយឱ្យជីជាតិរលាយបានល្អ ជំរុញ​ការលូតលាស់របស់ឫសដំណាំ​ និងកែលម្អរចនាសម្ព័ន្ធដីឱ្យធូរ។ នៅតំបន់ជុំវិញឫស ឫសដំណាំដែលមាំមួននឹងធ្វើការសហការគ្នាយ៉ាងស្អិតរមួតជាមួយមេរោគល្អៗ ដើម្បីបឺតស្រូបយកជីវជាតិបានយ៉ាងមានប្រសិទ្ធភាព។

ផ្ទុយទៅវិញ នៅពេលដែលសកម្មភាពរបស់មីក្រូសារពាង្គកាយក្នុងដីធ្លាក់ចុះ វានឹងបង្កផលប៉ះពាល់ដូចជា៖

  • ប្រសិទ្ធភាពនៃការប្រើប្រាស់ជីធ្លាក់ចុះ៖ ដាក់ជីទៅ ដំណាំស៊ីមិនបាន។
  • សារធាតុចិញ្ចឹមត្រូវជាប់គាំង៖ ជីជាតិទាំងឡាយនឹងត្រូវចងភ្ជាប់ជាប់នៅក្នុងដី ដោះលែងមិនរួច​។
  • ឫសដុះលូតលាស់យឺត៖ ឫសក្រិន មិនបែកខ្នែង។
  • ដំណាំខ្សោយ៖ ដំណាំងាយរងគ្រោះដោយសារសម្ពាធអាកាសធាតុ និងការវាយប្រហារពីជំងឺផ្សេងៗ។
  • ខាតបង់ថវិកា៖ ចំណាយលុយទិញជីកើនឡើង តែទិន្នផលមិនកើនឡើង​តាម​ការ​រំពឹង​ទុក​។

របៀបស្តារ និងដាស់ជីវិតដីឡើងវិញ

ដើម្បីធ្វើឱ្យដីរបស់បងប្អូនបើកចិត្តទទួលយកជាតិជី និងមានជីវិតរស់រវើកឡើងវិញ ចូរអនុវត្តតាមវិធីសាស្ត្រទាំងនេះ៖

  • បន្ថែមជីកំប៉ុស្តដែលរលួយល្អ ឬជីលាមកសត្វស្ងួតផ្អាប់ឱ្យបានទៀងទាត់។
  • បង្កើនកាបូនសរីរាង្គក្នុងដី តាមរយៈការបន្សល់ទុកកាកសំណល់ដំណាំ ឬការប្រើប្រាស់ចំបើងគ្របដី។
  • ប្រើប្រាស់ជីជីវសាស្ត្រ និងបាក់តេរីល្អៗបន្ថែមក្នុងដីនៅពេលចាំបាច់។
  • ជៀសវាងការបាចជីគីមី និងបាញ់ថ្នាំពុលកសិកម្មច្រើនហួសកម្រិត។
  • រក្សាសំណើមដីឱ្យបានសមស្រប និងធ្វើឱ្យដីមានរន្ធខ្យល់ដកដង្ហើម។
  • កាត់បន្ថយការភ្ជួររាស់រំខានដីញឹកញាប់តាមដែលអាចធ្វើទៅបាន។

អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ បានពន្យល់ពីបាតុភូតនេះថាដីដែលពឹងផ្អែកតែលើជីគីមីសុទ្ធក្នុងរយៈពេលយូរ ដោយគ្មានការបន្ថែមសារធាតុសរីរាង្គ នឹងប្រែជាដីងាប់។ ជីគីមីគ្រាន់តែជាអាហារបំប៉នបណ្តោះអាសន្ន ប៉ុន្តែមីក្រូសារពាង្គកាយដីគឺជាអ្នករំលាយអាហារពិតប្រាកដ។ បើគ្មានជីវសាស្ត្រដីទេ ជីគីមីភាគច្រើននឹងត្រូវហូរច្រោះទៅក្នុងទឹក ឬកកស្ទះទៅជាទម្រង់រឹង ដែលរុក្ខជាតិមិនអាចយកទៅប្រើប្រាស់បានឡើយ។

ចំណែក​វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បានបញ្ជាក់ដោយ​ផ្អែកលើការពិសោធន៍លើដីខ្សោះជីវជាតិថា ការបន្តដំឡើងកម្រិតជីគីមីទៅលើដីដែលលែងឆ្លើយតប គឺជារឿងខុសបច្ចេកទេស និងខាតបង់ថវិកា។ ដំណោះស្រាយប្រកបដោយនិរន្តរភាព គឺការស្តារជីវសាស្ត្រដីឡើងវិញដោយការប្រើប្រាស់ជីកំប៉ុស្តរួមផ្សំ។ នៅពេលសាច់ដីធូរ និងមានមីក្រូសារពាង្គកាយរស់ឡើងវិញ វានឹងជួយកាត់បន្ថយការប្រើប្រាស់ជីគីមីបានពី ២០% ទៅ ៤០% ប៉ុន្តែដំណាំនៅតែលូតលាស់ល្អ និងមានភាពធន់ខ្ពស់»។

ដីមានសុខភាពល្អ ដំណាំផ្តល់ផលបានច្រើន​។ ចូរចងចាំថា ជីគីមីគ្រាន់តែជាផ្នែកមួយនៅ ក្នុង​ដំណើរ​ការដាំដុះប៉ុណ្ណោះ ប៉ុន្តែដីដែលមានជីវិតគឺជាអ្នកបើកសោដោះលែងសក្តានុពលពិតប្រាកដរបស់ជីទាំងនោះ។ ការកសាងជីវសាស្ត្រដី នាំមកនូវឫសរឹងមាំ ការស្រូបយកជីជាតិបានល្អ និងទិន្នផលប្រកបដោយនិរន្តរភាព។ ដីមានជីវិតមិនត្រឹមតែចិញ្ចឹមដំណាំនៅថ្ងៃនេះទេ តែវាបង្កើតប្រព័ន្ធកសិកម្មដ៏រឹងមាំសម្រាប់ថ្ងៃអនាគត៕

ដោយ៖ ចាន់ តារា
ប្រភព៖ Gulab orchard shilaroo /NC State University