បងប្អូនកសិករដឹងទេ ការដាក់ជីឱ្យបានត្រឹមត្រូវតាមបច្ចេកទេស មានសារៈសំខាន់ខ្លាំងដូចទៅនឹងការជ្រើសរើសប្រភេទជីដែរ។ ការដាក់ជីជិតនឹងគល់ដំណាំខ្លាំងពេក មើលទៅហាក់បីដូចជាមានភាពងាយស្រួល ប៉ុន្តែវាអាចបំផ្លាញដំណាំរបស់បងប្អូនយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យទិន្នផលថ្លាក់ចុះ។

១. ផលវិបាកនៃការដាក់ជីជិតគល់ពេក
នៅពេលដែលជីត្រូវបានដាក់កៀកនឹងគល់ដំណាំហួសហេតុ វានឹងបង្កជាបញ្ហាដូចខាងក្រោម៖
- មានការប្រមូលផ្តុំកំហាប់អំបិលខ្ពស់នៅជុំវិញតំបន់ឫស
- ឫសខ្ចីៗរបស់ដំណាំអាចរងការរលាកដោយសារជី
- ការស្រូបយកទឹកត្រូវថយចុះដោយសារសម្ពាធអូស្មូស
- ការលូតលាស់របស់ឫសប្រែជាខ្សោយ និងមានមានកម្រិត
- ដំណាំអាចបង្ហាញរោគសញ្ញាឡើងលឿង ស្រពោន និងតឿមិនលូតលាស់
- ប្រសិទ្ធភាពនៃការប្រើប្រាស់ជីធ្លាក់ចុះ ដែលបណ្តាលឱ្យខាតបង់ជីដោយឥតប្រយោជន៍
២. ការដាក់ជីឱ្យត្រូវកម្រិត និងចម្ងាយ
ដើម្បីជៀសវាងបញ្ហាទាំងនេះ បងប្អូនគួរអនុវត្តការដាក់ជីគ្រាប់ឱ្យបានឆ្ងាយពីគល់ដំណាំប្រហែល ១០ ទៅ ១៥ សង់ទីម៉ែត្រ។ ការអនុវត្តបែបនេះនឹងជួយ៖
- ជំរុញការអភិវឌ្ឍឫសឱ្យមានសុខភាពល្អ និងរឹងមាំ
- ធ្វើឱ្យការទទួលបាន និងការស្រូបយកសារធាតុចិញ្ចឹមកាន់តែប្រសើរ
- កាត់បន្ថយហានិភ័យនៃការរលាកជី
- ជំរុញការលូតលាស់របស់ដំណាំឱ្យកាន់តែខ្លាំងក្លា
- បង្កើនប្រសិទ្ធភាព និងតម្លៃនៃការប្រើប្រាស់ជី
- គាំទ្រដល់សុខភាពដំណាំល្អប្រសើរ និងផ្តល់ទិន្នផលខ្ពស់ជាងមុន

ហេតុអ្វីបានជាចម្ងាយមានសារៈសំខាន់?
តាមធម្មជាតិ ឫសដំណាំត្រូវលូតលាស់ឆ្ពោះទៅខាងក្រៅដើម្បីស្វែងរកទឹក និងសារធាតុចិញ្ចឹម។ ការរក្សាជីឱ្យមានចម្ងាយសុវត្ថិភាព គឺជួយលើកទឹកចិត្តឱ្យឫសពង្រីកខ្លួន និងបឺតស្រូបសារធាតុចិញ្ចឹមបានយ៉ាងមានប្រសិទ្ធភាព។
ការអនុវត្តល្អបំផុតសម្រាប់បងប្អូនកសិករ៖
- រក្សាទុកចម្ងាយ ១០-១០ សង់ទីម៉ែត្រពីគល់ សម្រាប់ជីគ្រាប់ភាគច្រើន
- ដាក់ជីនៅពេលដែលដីមានសំណើមគ្រប់គ្រាន់
- ស្រោចទឹកបន្ថែមក្រោយពេលដាក់ជី ប្រសិនបើគ្មានភ្លៀងធ្លាក់
- អនុវត្តតាមការណែនាំពីការធ្វើតេស្តដី និងតម្រូវការសារធាតុចិញ្ចឹមរបស់ដំណាំ
ការដាក់ជីកាន់តែច្រើន ឬដាក់ឱ្យកាន់តែជិតគល់ មិនមែនមានន័យថាដំណាំលូតលាស់កាន់តែល្អនោះទេ។ ការប្រើប្រាស់កម្រិតជីត្រូវ ការដាក់ត្រូវទីតាំង ត្រូវពេលវេលា និងត្រូវប្រភេទ គឺជាគន្លឹះនៃការគ្រប់គ្រងសារធាតុចិញ្ចឹមឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់៕
ប្រភព៖ Gulab orchard shilaroo / CropNuts
