​ឫស​ដំណាំ​ចាក់​បាន​ជ្រៅ​​ជួយ​បង្កើនទិន្នផល​និង​ភាព​ធន់​នឹង​អាកាស​ធាតុ​​

ដំណាំដែលមានសុខភាពល្អ និងផ្តល់ផលបានច្រើន មិនមែនអាស្រ័យទៅលើតែអ្វីដែលយើងមើលឃើញនៅពីលើដីនោះទេ។ កម្លាំងថាមពលពិតប្រាកដគឺចាប់ផ្តើមចេញពីក្រោមដី ពោលគឺប្រព័ន្ធឫសនេះឯង។ រុក្ខជាតិដែលមានឫសដុះបានវែង និងចាក់ចូលទៅក្នុងដីបានជ្រៅ អាចស្រូបយកសំណើម ជីជាតិ និងសារធាតុរ៉ែពីស្រទាប់ដីខាងក្រោម ដែលជួយឱ្យពួកវាអាចរស់រានមានជីវិតបានយ៉ាងរឹងមាំ ទោះបីជាត្រូវជួបប្រទះនឹងគ្រោះរាំងស្ងួត ភាពហួតហែង​ដោយ  ​កម្តៅ ឬការប្រែប្រួលអាកាសធាតុខុសប្រក្រតីក៏ដោយ។

១. ផលប៉ះពាល់នៃដំណាំដែលមាន​ឫសរាក់ឬខ្លី​

នៅពេលដែលដីហាប់ណែន ឬខ្វះសារធាតុសរីរាង្គ ឫសដំណាំមិនអាចចាក់ចុះជ្រៅបានឡើយ​។ ដំណាំដែលមានឫសរាក់ៗ ច្រើនតែជួបប្រទះបញ្ហាប្រឈមដូចជា៖

  • ស្លឹកឡើងលឿង៖ ដោយសារខ្វះសារធាតុចិញ្ចឹមទៅចិញ្ចឹមដើម។
  • ការលូតលាស់ទន់ខ្សោយ៖ ដើមក្រិន មិនសូវបែកមែកធាង។
  • ការស្រូបយកជីជាតិបានតិច៖ ដាក់ជីទៅ ប៉ុន្តែឫសស្រូបយកបានតិចតួច ធ្វើឱ្យខាតបង់ថវិកាទិញជី។
  • ងាយស្រពោនដោយ​ខ្វះជាតិទឹក៖ ឱ្យតែអាកាសធាតុក្តៅបន្តិច​ ដំណាំនឹងស្រពោនភ្លាម ព្រោះឫសមិនអាចទាញទឹកពីស្រទាប់ក្រោមដី​បាន។
  • ងាយកើតជំងឺឫស និងងាយដួលរំលំ៖ ឫសមិនរឹងមាំ ងាយរងការវាយប្រហារពីមេរោគ និងគ្មានលំនឹង។

២. គុណប្រយោជន៍ដ៏អស្ចារ្យនៃដំណាំដែលមានឫសចាក់ជ្រៅ ឬវែង

ផ្ទុយទៅវិញ ប្រសិនបើបងប្អូនថែទាំដីឱ្យធូរ និងមានជីវិត ជួយឱ្យឫសដំណាំចាក់ចុះបានជ្រៅ វានឹងផ្តល់ផលប្រយោជន៍មហាសាល៖

  • ធន់នឹងគ្រោះរាំងស្ងួតបានខ្ពស់៖ អាចរស់បានយូរទោះបីគ្មានទឹកភ្លៀង ឬខ្វះទឹកស្រោចស្រព។
  • ដើមដំណាំរឹងមាំ​៖ មានលំនឹងរឹងមាំ មិនងាយដួលរំលំនៅពេលមានខ្យល់បោកបក់ខ្លាំង។
  • បង្កើនការបឺតស្រូបសារធាតុចិញ្ចឹម៖ អាចប្រមូលយកជីជាតិដែលកកកុញនៅស្រទាប់ដីខាងក្រោមមកប្រើប្រាស់បានជាអតិបរមា​។
  • ប្រើប្រាស់ទឹកបានចំគោលដៅ និងមានប្រសិទ្ធភាព៖ កាត់បន្ថយការខ្ជះខ្ជាយទឹកស្រោចស្រព​។
  • លូតលាស់ខៀវខ្ចី និងមានសុខភាពល្អ៖ ដើមរុក្ខជាតិ​មានកម្លាំងពេញលេញក្នុងការបង្កើតទងផ្កា។
  • បង្កើនឱកាសទទួលបានទិន្នផលខ្ពស់៖ ធានាបាននូវការប្រមូលផលបានច្រើន និងមានគុណភាព។

របៀបជំរុញ​ឱ្យឫសដំណាំចាក់ចុះបានជ្រៅ

ដើម្បីបង្កើតប្រព័ន្ធឫសដ៏រឹងមាំ និងបង្កើនភាពធន់យូរអង្វែងដល់ដំណាំ បងប្អូនគួរអនុវត្តបច្ចេកទេសទាំងនេះ៖

  • កែលម្អសុខភាពដី៖ បន្ថែមជីកំប៉ុស្ត និងសារធាតុសរីរាង្គ ដើម្បីធ្វើឱ្យដីធូរ មានរន្ធខ្យល់។
  • កាត់បន្ថយការហាប់ណែនរបស់ដី៖ ជៀសវាងការប្រើប្រាស់គ្រឿងចក្រធ្ងន់ៗជាន់លើដីញឹកញាប់ ឬការដុតជញ្ជ្រាំងដែលធ្វើឱ្យដីរឹងដូចឥដ្ឋ។
  • អនុវត្តការផ្តល់អាហារូបត្ថម្ភដែលមានតុល្យភាព៖ ប្រើប្រាស់ជីជាតិឱ្យបានត្រឹមត្រូវ ជាពិសេសជីដែលមានជាតិផូស្វ័រ (P) នៅវគ្គដំបូង ដើម្បីជំរុញការលូតលាស់របស់ឫស។

អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានណែនាំថា​ការលូត​លាស់​ប្រព័ន្ធឫសបាន​ជ្រុះ​ គឺជាគន្លឹះនៃកសិកម្មឆ្លាតវៃវៃឆ្លាតទល់​នឹងបម្រែ​បម្រួល​អាកាសធាតុ។ រុក្ខជាតិដែលមានឫសជ្រៅ មិនត្រឹមតែធន់នឹងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែវាក៏ដើរតួជាអ្នកកែលម្អរចនាសម្ព័ន្ធដី ដោយការបង្កើតរន្ធខ្យល់ធម្មជាតិនៅក្រោមដីនៅពេលដែលឫសចាស់ៗពុកផុយ។

ដោយឡែក​វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI)​បានបញ្ជាក់​ថា​ដំណាំដែលដុះនៅលើដីដែលមានការគ្រប់គ្រងសារធាតុសរីរាង្គបានល្អ នឹងមានដង់ស៊ីតេឫសចាក់ជ្រៅជាងដីដែលប្រើប្រាស់តែជីគីមីសុទ្ធរហូតដល់ទៅ៣៥%។ កត្តានេះជួយឱ្យដំណាំអាចស្រូបយកជាតិប៉ូតាស្យូម និងមីក្រូសារធាតុពីស្រទាប់ដីខាងក្រោមបានកាន់តែប្រសើរ ដែលជាហេតុធ្វើឱ្យផលសណ្តែក ឬទិន្នផលស្រូវកើនឡើងជាលំដាប់។

ឫសកាន់តែរឹងមាំ នាំឱ្យការប្រមូលផលកាន់តែកើន​ឡើង​។ ចូរចាប់ផ្តើមថែទាំ​និង​បើកផ្លូវ​ឱ្យឫសដំណាំរបស់បងប្អូនបានចាក់ចុះជ្រៅចាប់ពីថ្ងៃនេះតទៅ ដើម្បីភាពរីកចម្រើននៃចម្ការរបស់បងប្អូន៕

ដោយ៖ ចាន់ តារា
ប្រភព៖​ FAO / Gulab orchard shilaroo