ការប្រែប្រួលតម្លៃប្រេងឥន្ធនៈ និងកង្វះខាតកម្លាំងពលកម្ម កំពុងបង្កសម្ពាធ និងការលំបាកកាន់តែខ្លាំងដល់កសិករខ្នាតតូចនៅកម្ពុជា។ បញ្ហាប្រឈមទាំងនេះ បានរារាំងលទ្ធភាពរបស់ពួកគេក្នុងការប្រកួតប្រជែងលើទីផ្សារ ការបង្កើនផលិតភាព និងការរក្សាស្ថិរភាពប្រាក់ចំណូលសម្រាប់គ្រួសារ។

ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមទាំងនេះ មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) បានផ្តល់ថវិកាគាំទ្រចំនួន ៣,២ លានដុល្លារអូស្ត្រាលី ដល់គម្រោងស្រាវជ្រាវមួយ ក្នុងការកែច្នៃ «គោយន្តកសិកម្ម» ដើរដោយប្រេងឥន្ធនៈដែលកសិករកំពុងប្រើប្រាស់ស្រាប់ ឱ្យទៅជាគោយន្តដើរដោយថាមពលអគ្គិសនី និងបំពាក់បច្ចេកវិទ្យាឆ្លាតវៃ។ នវានុវត្តន៍នៃការកែច្នៃនេះ គឺជាជម្រើសថ្មីមួយបន្ថែមលើការពឹងផ្អែកទំាងស្រុងលើប្រេងឥន្ធនៈ ដែលជួយកាត់បន្ថយហានិភ័យពីភាពមិនប្រាកដប្រជានៃតម្លៃប្រេងនៅលើទីផ្សារ ព្រមទាំងជួយលើកកម្ពស់ប្រសិទ្ធភាពការងារកសិកម្ម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មឆ្លាតវៃ។

គម្រោងនេះដឹកនាំដោយសាកលវិទ្យាល័យស៊ីដនី (University of Sydney) សហការជាមួយដៃគូស្រាវជ្រាវក្នុងប្រទេសកម្ពុជា ដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់កសិករ និងស្របទៅនឹងបរិបទបច្ចុប្បន្នរបស់ប្រទេសកម្ពុជា។

តាមរយៈគំនិតផ្តួចផ្តើមនេះ រដ្ឋាភិបាលអូស្ត្រាលីកំពុងពង្រីកជម្រើសបច្ចេកវិទ្យាដ៏មានសក្ដានុពលមួយ សម្រាប់កសិករកម្ពុជា ក្នុងការកាត់បន្ថយចំណាយថ្លៃដើម ឆ្លើយតបនឹងភាពប្រែប្រួលនៃទីផ្សារ និងពង្រឹងជីវភាពរស់នៅឱ្យកាន់តែរឹងមាំ។ ជាងនេះទៅទៀត វានឹងជួយឱ្យកសិករមានលទ្ធភាពអភិវឌ្ឍការផលិតប្រកបដោយប្រសិទ្ធភាព បង្កើនសមត្ថភាពប្រកួតប្រជែង និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ឆ្លើយតបទៅនឹងរាល់បញ្ហាប្រឈមនានានៅថ្ងៃអនាគត។
ការគាំទ្រកសិករកម្ពុជា ដើម្បីពង្រឹងភាពធន់ និងការត្រៀមលក្ខណៈសម្រាប់អនាគត!

ដោយ៖ ចាន់ តារា
ប្រភព៖ Australian Embassy
