អាសូតគឺជាធាតុសំខាន់បំផុតមួយសម្រាប់ដំណាំ ព្រោះវាជាសមាសធាតុគ្រឹះក្នុងការបង្កើតក្លរ៉ូភីល (ជាតិបៃតង់សម្រាប់ធ្វើរស្មីសំយោគ) ប្រូតេអ៊ីន និងអង់ស៊ីម។ ទោះជាយ៉ាងណាក៏ដោយ ការផ្តល់ជាតិអាសូត «តិចពេក» ឬ «ច្រើនពេក» សុទ្ធតែអាចកាត់បន្ថយផលិតភាពដំណាំ ធ្វើឱ្យទិន្នផលធ្លាក់ចុះ និងប៉ះពាល់ដល់គុណភាពកសិផលដូចគ្នា។
ការយល់ដឹងពីសញ្ញាព្រមានដំបូងៗនៃបញ្ហាទាំងពីរនេះ នឹងជួយឱ្យបងប្អូនអាចកែសម្រួលបានទាន់ពេលវេលា មុនពេលមានការខូចខាតទិន្នផលធ្ងន់ធ្ងរ។

១. បញ្ហាដំណាំ «ខ្វះអាសូត»
បញ្ហាខ្វះអាសូត កើតឡើងនៅពេលដែលដីមិនអាចផ្គត់ផ្គង់ជាតិអាសូតបានគ្រប់គ្រាន់តាមតម្រូវការរបស់ដំណាំ។ ដោយសារតែធាតុអាសូតជាសារធាតុចល័ត រុក្ខជាតិនឹងរំកិលជាតិអាសូតពីស្លឹកចាស់ៗទៅចិញ្ចឹមស្លឹកខ្ចីៗនៅខាងលើ។ ដូច្នេះ រោគសញ្ញានៃការខ្វះអាសូត នឹងស្តែងចេញនៅលើស្លឹកចាស់ៗ (ស្លឹកផ្នែកខាងក្រោម) មុនគេបង្អស់។
រោគសញ្ញាសម្គាល់៖
- ស្លឹកចាស់ប្រែជាពណ៌បៃតងខ្ចី រួចប្រែទៅជាពណ៌លឿង។
- ស្លឹកឡើងលឿងផ្តើមចេញពីចុងស្លឹក ដេញតាមទ្រនុងកណ្តាល (ឧទាហរណ៍៖ លើដំណាំពោត វាបង្កើតជាទម្រង់អក្សរ V នៅចុងស្លឹក)។
- ដើមដំណាំក្រិន និងលូតលាស់យឺតយ៉ាវ។
- ដើមតូចៗ និងទន់ខ្សោយ។
- ដំណាំបែកស្លឹក ឬលូតលាស់ស្លឹកបានតិច។
- ពន្យារពេលចេញផ្កា និងពេលប្រមូលផល។
- ផ្លែ ឬផ្លែពោត ឬគ្រាប់ស្រូវ/ធញ្ញជាតិមានទំហំគ្រាប់តូចៗ។
- ទិន្នផលធ្លាក់ចុះយ៉ាងខ្លាំង។
មូលហេតុទូទៅ
- បាចជីអាសូត (ជីអ៊ុយរ៉េ ឬជីអាសូតផ្សេងទៀត) មិនគ្រប់គ្រាន់។
- ភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យជាតិអាសូតលាងជម្រះបាត់ពីដី ។
- ដីខ្វះសារធាតុសរីរាង្គ ឬជាប្រភេទដីខ្សាច់ដែលមិនសូវរក្សាជីជាតិ។
- ដីជាំទឹកខ្លាំងបណ្តាលឱ្យបាត់បង់ជាតិអាសូតទៅជាឧស្ម័ន។
- ប្រព័ន្ធឫសអន់ថយដោយសារគ្រោះរាំងស្ងួត ឬដីហាប់ណែន។
វិធីសាស្ត្រកែខៃ
- ប្រញាប់បាចជីអាសូតក្នុងកម្រិតសមស្រប ភ្លាមៗនៅពេលសង្កេតឃើញរោគសញ្ញា។
- ដាក់ជីនៅមុនពេលភ្លៀងធ្លាក់ ឬមុនពេលស្រោចទឹក ដើម្បីជួយឱ្យឫសបឺតស្រូបបានលឿន។
- បង្កើន និងថែរក្សាសារធាតុសរីរាង្គក្នុងដី ដោយបន្ថែមជីកំប៉ុស្ត ឬជីលាមកសត្វ ដើម្បីរក្សាជាតិអាសូតក្នុងដីបានយូរអង្វែង។
២. បញ្ហាដំណាំ «ពុលអាសូត ឬលើសអាសូត»
បញ្ហាពុលអាសូត កើតឡើងនៅពេលដែលដំណាំទទួលបានជាតិអាសូតច្រើនហួសពីតម្រូវការ។ ទោះបីជាដំណាំមើលទៅមានពណ៌បៃតងចាស់ និងលូតលាស់ត្រសុំត្រសាយខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែការលើសអាសូតច្រើនពេក នឹងកាត់បន្ថយទិន្នផល និងគុណភាពកសិផលទៅវិញទេ។
រោគសញ្ញាសម្គាល់
- ស្លឹកដំណាំមានពណ៌បៃតងចាស់ខ្លាំង។
- លូតលាស់ស្លឹក និងមែកធាងច្រើនហួសប្រមាណ។
- ដើមធំៗ ប៉ុន្តែទន់ និងស្រួយ។
- ពន្យារពេលនៃការចេញផ្កា និងការកាន់ផ្លែ។
- ដំណាំទុំ ឬចាស់យឺតជាងធម្មតា។
- ប្រឈមនឹងការដួលរំលំខ្លាំង (ចំពោះដំណាំស្រូវ ឬធញ្ញជាតិ)។
- គុណភាពផ្លែឈើ និងបន្លែធ្លាក់ចុះ (មិនសូវផ្អែម ឬឆាប់ស្អុយ)។
- ងាយរងការវាយប្រហារពីសមាសភាពសត្វល្អិត និងជំងឺផ្សេងៗ។

ហេតុអ្វីបានជាការលើសអាសូតបង្កផលអាក្រក់?
ជាតិអាសូតច្រើនហួសប្រមាណ នឹងបង្ខំឱ្យរុក្ខជាតិខិតខំផលិតតែស្លឹក ដោយមើលរំលងការបង្កើតផ្កា ផ្លែ ឬគ្រាប់។ លើសពីនេះ វាធ្វើឱ្យកោសិការុក្ខជាតិប្រែជាទន់ ដែលជាចំណីដ៏ទាក់ទាញសម្រាប់សត្វល្អិត និងងាយរងការឆ្លងជំងឺផ្សិត ឬបាក់តេរី។ បន្ថែមលើនេះ វាក៏ធ្វើឱ្យកសិករខាតបង់ថវិកាលើថ្លៃជី ដោយសារជីដែលលើសត្រូវហួត ឬហូរចោលដោយឥទ្ធិពលបរិស្ថាន។
វិធីសាស្ត្រការពារ
- ប្រើប្រាស់ជីតាមកម្រិតអនុសាសន៍បច្ចេកទេស និងតាមតម្រូវការដំណាំ។
- ធ្វើតេស្តពិនិត្យជាតិជីក្នុងដីជាមុន ប្រសិនបើអាចធ្វើទៅបាន។ ប្រឹក្សាជាមួយមន្ត្រីកសិកម្មឃុំបើចាំបាច់។
- បែងចែកការដាក់ជីអាសូតជាច្រើនលើក ជៀសវាងការបាចទាំងអស់ក្នុងពេលតែមួយ។
- កុំបន្ថែមជីអាសូត គ្រាន់តែដោយសារតែឃើញដំណាំកំពុងលូតលាស់ល្អ ឬចង់ឱ្យវាបៃតងជាងនេះទៀតនោះឡើយ។
ទាំងការខ្វះអាសូត និងការលើសអាសូត សុទ្ធតែធ្វើឱ្យទិន្នផលដំណាំរបស់បងប្អូនធ្លាក់ចុះដូចគ្នា។ គោលដៅនៃការធ្វើកសិកម្មឆ្លាតវៃ មិនមែនជាការបាចជីអាសូតឱ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាននោះទេ ប៉ុន្តែគឺជាការផ្តល់ឱ្យបានត្រឹមត្រូវតាមកម្រិត និងចំពេលវេលា។ ការគ្រប់គ្រងជីជាតិបានត្រឹមត្រូវ ការពិនិត្យមើលដំណាំជាប្រចាំ នឹងជួយបង្កើនប្រសិទ្ធភាពជី បង្កើនទិន្នផល និងផ្តល់ផលចំណេញអតិបរមាដល់បងប្អូនកសិករ៕
ដោយ៖ ចាន់ តារា
ប្រភព៖ Dre Ck Agronomist / IRRI
