ជំងឺអុចលើផ្លែ (Early Blight) គឺជាជំងឺផ្សិតដ៏គ្រោះថ្នាក់មួយលើដំណាំប៉េងប៉ោះ ដែលបង្កឡើងដោយផ្សិត Alternaria solani។ ជំងឺនេះអាចបំផ្លាញទាំងស្លឹក ដើម និងផ្លែប៉េងប៉ោះ ដែលធ្វើឱ្យផ្ទៃស្លឹកសម្រាប់ធ្វើរស្មីសំយោគថយចុះ និងចុងក្រោយបណ្តាលឱ្យខាតបង់ទិន្នផល និងគុណភាពយ៉ាងធ្ងន់ធ្ងរ។

១. របៀបសម្គាល់រោគសញ្ញាជំងឺ
រោគសញ្ញាលើស្លឹក៖
- មានស្នាមអុចតូចៗពណ៌ត្នោត លេចឡើងជាមុន ជាទូទៅនៅលើស្លឹកចាស់ៗ ឬស្លឹកនៅផ្នែកខាងក្រោម។
- ដំបៅរាលដាលធំឡើងបន្តិចម្តងៗ និងបង្កើតបានជារង្វង់ត្រួតគ្នាជាថ្នាក់ៗ។ជាលិកាជុំវិញអាចប្រែជាពណ៌លឿង។
- ស្លឹកដែលរងការបំផ្លាញខ្លាំងនឹងស្ងួត ប្រែជាពណ៌ត្នោត និងជ្រុះធ្លាក់ចុះជាបន្តបន្ទាប់ ដែលធ្វើឱ្យដើមប៉េងប៉ោះបាត់បង់លទ្ធភាពក្នុងការបំពេញផ្លែ។
រោគសញ្ញាលើផ្លែ៖
- មានដំបៅពណ៌ខ្មៅលេចឡើង ជាពិសេសនៅលើផ្លែ។
- ដំបៅអាចរីកធំ និងប្រែជាខ្មៅខ្លាំងឡើងនៅពេលជំងឺកាន់តែរាលដាលធ្ងន់ធ្ងរ។
- ផ្លែដែលរងការឆ្លងមេរោគខ្លាំង នឹងមិនអាចយកទៅលក់នៅលើទីផ្សារបានឡើយ។
២. កត្តាអំណោយផលដល់ការរីករាលដាលជំងឺ
ជំងឺនេះលូតលាស់ និងរីករាលដាលយ៉ាងលឿនក្នុងលក្ខខណ្ឌ៖
- សំណើមក្នុងខ្យល់ខ្ពស់
- មានភ្លៀងធ្លាក់ញឹកញាប់ ឬការស្រោចទឹកពីលើ
- ស្លឹកមានភាពសើមយូរម៉ោង
- អាកាសធាតុក្តៅ និងសើម
- ខ្យល់ចេញចូលក្នុងចម្ការមិនបានល្អ (ដំណាំដុះចង្អៀតពេក)
៣. ការរីករាលដាលនៃមេរោគ
មេរោគផ្សិតនេះអាចរស់នៅលើកាកសំណល់ដំណាំដែលមានជំងឺ និងក្នុងដី។ បន្ទាប់មក ស្ព័រ (Spores) អាចរីករាលដាលតាមរយៈដំណក់ទឹកភ្លៀង ទឹកស្រោចស្រព ខ្យល់ និងឧបករណ៍ដែលជាប់មេរោគ។ ការដាំដុះប៉េងប៉ោះ ឬដំណាំពាក់ព័ន្ធនៅលើដីដដែលៗជាប្រចាំ នឹងធ្វើឱ្យសម្ពាធជំងឺកាន់តែធ្ងន់ធ្ងរ។

៤. ការគ្រប់គ្រង និងការពារចម្រុះ
ដើម្បីទប់ស្កាត់ និងការពារដំណាំប៉េងប៉ោះពីជំងឺនេះ បងប្អូនកសិករគួរអនុវត្តតាមវិធានការរួមផ្សំ៖
- ប្រើប្រាស់កូនដំណាំដែលមានសុខភាពល្អ និងគ្មានមេរោគ។
- រក្សាគម្លាតដាំដុះឱ្យបានសមស្រប ដើម្បីផ្តល់ខ្យល់ចេញចូលបានល្អក្នុងចម្ការ។
- ជៀសវាងការស្រោចទឹកពីលើដំណាំដោយមិនចាំបាច់ គួរស្រោចទឹកចំគល់ ឬតំបន់ឫសបើអាចធ្វើទៅបាន។
- បោសសម្អាត និងកម្ចាត់ស្លឹក ឬកាកសំណល់ដំណាំដែលមានជំងឺចេញពីចម្ការឱ្យបានត្រឹមត្រូវ។
- អនុវត្តការប្តូរដំណាំ (Crop rotation) ជាមួយដំណាំផ្សេងដែលមិនមែនជាជម្រករបស់មេរោគ ពេលណាដែលអាចធ្វើបាន។
- ដើរពិនិត្យស្លឹកផ្នែកខាងក្រោមឱ្យបានទៀងទាត់ ដើម្បីរកឱ្យឃើញជំងឺតាំងពីដំណាក់កាលដំបូង។
- ប្រើប្រាស់ថ្នាំកម្ចាត់ផ្សិតនៅពេលចាំបាច់ប៉ុណ្ណោះ ដោយផ្អែកលើស្លាកសញ្ញាដែលបានចុះបញ្ជីត្រឹមត្រូវ កម្រិតប្រើប្រាស់ និងរយៈពេលមុនប្រមូលផល។ គួរចៀសវាងការប្រើថ្នាំមុខតែមួយដដែលៗ ដើម្បីកាត់បន្ថយហានិភ័យនៃការបង្កើតភាពធន់របស់មេរោគ។ ប្រឹក្សាជាមួយមន្ត្រីកសិកម្មឃុំ អំពីការប្រើប្រាស់ថ្នាំបានត្រឹមត្រូវ៕
ដោយ៖ ចាន់ តារា
ប្រភព៖ Gulab orchard shilaroo /University of Minnesota
