ក្រសួងធនធានទឹកព្រមានពីបាតុភូតអែលនីញ៉ូ និងជំរុញឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃ

ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងអំពីការប្រែប្រួលអាកាសធាតុ និងឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ ដែលអាចប៉ះពាល់ដល់បរិមាណទឹកភ្លៀង និងធនធានទឹកនៅកម្ពុជា។ នេះបើ​តាម​សេចក្ដីជូន​ដំណឹង​របស់​ក្រ​សួង​ចុះ​ថ្ងៃទី​១៩ ខែតុលា។

យោងតាមការព្យាកររបស់ក្រសួង រដូវវស្សាឆ្នាំ២០២៦ ត្រូវបានរំពឹងថានឹងបញ្ចប់នៅសប្តាហ៍ទី៣ នៃខែតុលា ខណៈបាតុភូតអែលនីញ៉ូ ត្រូវបានព្យាករថា នឹងបន្តមានឥទ្ធិពលរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។

ការផ្លាស់ប្តូរទៅកាន់រដូវប្រាំង អាចធ្វើឱ្យបរិមាណទឹកភ្លៀងថយចុះ ដែលបង្កើនតម្រូវការក្នុងការគ្រប់គ្រង និងរក្សាទុកទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងវិស័យកសិកម្ម។

ទោះជាយ៉ាងណា បាតុភូតភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ក៏អាចនៅតែកើតមាននៅតំបន់មួយចំនួនផងដែរ។

ក្រសួងបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ ថែរក្សាប្រភពទឹក និងត្រៀមលក្ខណៈសម្រាប់រដូវប្រាំងខាងមុខ។

សូមបងប្អូនប្រជាពលរដ្ឋតាមដានការជូនដំណឹងអាកាសធាតុពីក្រសួងជាប្រចាំ ដើម្បីត្រៀមខ្លួន និងកាត់បន្ថយហានិភ័យដែលអាចកើតមាន៕

ដោយ៖ ចាន់ តារា