More

    ការ​ជ្រើសរើស​ពូជ​និង​ការដាំដុះ​សណ្ដែក​សៀង​

    - Advertisement -
    Advertisement
    សណ្ដែក​សៀង​គឺ​មាន​តម្រូវ​ការ​ជា​ប្រចាំ​សម្រាប់​ទីផ្សារ​កម្ពុជា​សម្រាប់​បម្រើ​តម្រូវ​តាម​ហាង​ និង​ ជា​លក្ខណៈ​គ្រួសារ​។

    ក. ពូជ​នៅ​ក្នុង​ស្រុក​

    • ពូជ​សំបក​ផ្លែ​ពណ៌​ស​ B3039 មាន​រយៈពេល​ ៩៨ថ្ងៃ​
    • ពូជ​សំបក​ផ្លែពណ៌​ខ្មៅ​ ពូជ​ក្នុង​ស្រុក​មាន​រយៈពេល​ ៩២ថ្ងៃ​
    • ពូជ​ស្រមូវ​រយៈពេល​ ៩៥ថ្ងៃ​
    • ពូជ​ស្កា​ រយៈពេល​ ៩៥ថ្ងៃ​

    ខ. ពូជ​ក្រៅស្រុក​

    • ពូជ​ស្រាល​ (DT84) រយៈពេល​ ៨១ថ្ងៃ​

    ពូជ​នេះ​ជា​ពូជ​ ដែល​ប្រជាកសិករ​និយម​ចូលចិត្ត​ដាំ​​ជាង​គេ​ ព្រោះបាន​ផល​ច្រើន​ និង​មាន​រយៈពេល​ខ្លី​។

    គ. ការ​រៀបចំ​ដី​សសម្រាប់​ដាំសណ្ដែក​សៀង​

    • ត្រូវ​ភ្ជួរ​ជំរៅ​ពី​ ១៥-២៥សម ចំនួន​ ២ដង​រួច​ហើយ​រាស់​បំបែក​ដី​ឲ្យ​បាន​បែក​ល្អិត​​
    • ភ្ជួរ​លើក​ទី​១ ត្រូវ​ទុក​ហាល​ដី​ពី​ ៧-១០ថ្ងៃ​ ហើយ​រើស​យក​ស្មៅ​ និង​សំរាម​ផ្សេងៗ​ ចេញ​ឲ្យ​បាន​ស្អាត​
    • សណ្ដែក​សៀង​ត្រូវ​ការ​ដី​ធូរ​ មាន​ជីជាតិ​ល្អ​ មិន​បៀម​ និងមិន​ជាំ​ទឹក​ ដែល​ដំណាំ​សណ្ដែក​សៀង​ត្រូវ​ការ​សំណើម​ដី​រហូត​ដល់​ពេល​ប្រមូល​ផល​។

    ឃ. ការ​ដាក់​ជី​ទ្រាប់​បាត​

    • ជី​កំប៉ុស្ត​ (ជី​ធម្មជាតិ​) ត្រូវ​ប្រើ​ពី​ ១០-២០តោន​ ក្នុង​១ហិកតា​
    • ជី​ដេ​-អា-ប៉េ ត្រូវ​ប្រើ​ ១០០គ.ក្រ​ ក្នុង​១ហិកតា​
    • ជី​ប៉ូតាស្យូម​ប្រើ​ ១០០គ.ក្រ ក្នុង​១ហិកតា​ ជី​ទាំង​អស់​នេះ​ត្រូវ​ ដាក់​នៅ​ពេល​ភ្ជួរ​រាស់​មុន​ដាំ​ និង​ត្រូវ​ភ្ជួរ​ច្របល់​រាស់​ឲ្យ​សព្វ​ទៅ​ក្នុង​ដី​។

    ង. ពេល​វេលា​ដាំដុះ​

    • ប្រទេស​កម្ពុជា​យើង​សណ្ដែក​សៀង​ត្រូវ​បាន​គេ​កំណត់​ការ​ដាំដុះ​​ចាប់​ពី​ពាក់កណ្ដាល​ខែ​មិថុនា​ រហូត​ដល់​ចុង​ខែ​កក្កដា​យ៉ាង​យូរ​បំផុត​ ព្រោះ​រយៈពេល​ក្នុង​ខែ​កក្កដា​នេះ​ មាន​សន្សើម​ចុះ​ពេល​យប់​ គ្រាប់​សណ្ដែក​អាច​រីកដុះ​បាន​ក្រោយ​ពេល​ដាំ​ និង​ស្រោច​ទឹក​បន្តិច​បន្តួច​ ហើយ​រយៈពេល​ ៤-៥ថ្ងៃ​ ក្រោយ​មក​ ពន្លក​សណ្ដែក​សៀង​ចាប់​ផ្ដើម​ដុះ​ចេញ​ពី​ពន្លក​ត្រួយ​។

    ច. បច្ចេកទេស​ដាំ​

    • ត្រូវ​យក​គ្រាប់​ពូជ​ទៅ​ហាល​ថ្ងៃ​ចំនួន​ ១-២ម៉ោង​។ ធ្វើ​ដូចនេះ​អាច​ឲ្យ​គ្រាប់​សណ្ដែក​ឆាប់ដុះ​បាន​លឿន​ពេល​ដាក់​គ្រាប់​ទៅ​ក្នុង​ដី​។
    • តាម​ក្បួនខ្នាត​គេ​ដាំ​ពី​ជួរ​មួយ​ទៅ​ជួយ​មួយទៀតគម្លាត​ ៤០ស.ម ទៅ​ ៤៥ស.ម
    • ពី​គុម្ព​មួយ​ ទៅ​គុម្ព​មួយ​ ២០ស.ម ទៅ​ ៣០ស.ម
    • រណ្ដៅ​នីមួយៗ​ យើង​ដាក់​គ្រាប់​ ២-៣គ្រាប់​ និង​មាន​ជំរៅ​ ៣-៤ស.ម រួច​យក​ដី​​ម៉ដ្ឋ​ ឬ​ជី​លាយ​ជី​កំប៉ុស្ត​លុប​ឲ្យ​ជិត​ពី​លើ​គ្រាប់​សណ្ដែក​ រួច​យក​ដៃ​ទះ​បន្ថែម​ស្រាលៗ​ ដើម្បី​ធ្វើ​ឲ្យ​គ្រាប់​សណ្ដែក​ស្រូប​យក​សំណើម​បាន​ល្អ​។
    • បច្ចុប្បន្ន​នេះ​កសិករ​មួយ​ចំនួន​បាន​ដាំ​ដោយ​ប្រើ​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​លើ​ចំការ​ធំៗ​៕

    អត្ថបទដោយ៖ សែន តុលា

    ប្រភព៖ ឯកសារក្រសួងកសិកម្ម

    - Advertisement -
    Advertisement