កង្កែបជាប្រភេទសត្វធ្វើជាអាហារពេញនិយមមួយក្នុងទីផ្សារប្រទេសកម្ពុជា ដោយសត្វនេះត្រូវបានប្រជាជនបរិភោគជាប្រចាំថ្ងៃ។ ខេត្តដែលមានភាពជោគជ័យខ្លាំងនៅក្នុងចិញ្ចឹមកង្កែបមានដូចជាខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។ ការសម្រេចបានជោគជ័យនៅក្នុងការចិញ្ចឹមកង្កែបនេះគឺត្រូវមានការពឹងផ្អែកលើកត្តាសំខាន់ៗមួយចំនួនដូចខាងក្រោម៖
- ត្រូវជ្រើសរើសទីតាំងសាងសង់អាងចិញ្ចឹមកង្កែបនៅទីវាលស្រឡះល្អ គ្មានដើមឈើដុះព័ទ្ធជុំវិញដែលធ្វើឲ្យខ្យល់ និងពន្លឺព្រះអាទិត្យអាចចេញចូលបានល្អ។
- ត្រូវសាងសង់អាងចិញ្ចឹមកង្កែបឲ្យស្របទៅតាមលក្ខណៈបច្ចេកទេសបានណែនាំ ជាពិសេសត្រូវរៀបចំជញ្ជាំង និងបាតអាងមានលក្ខណៈរលោង រាបស្មើដើម្បីជៀសវាងការកកឹតដងខ្លួន ឬពោះកង្កែបបង្កស្នាមរបួស និងដំបៅឬជំងឺផ្សេងៗ។
- ត្រូវជ្រើសរើសកូនពូជកង្កែបមានគុណភាពល្អ គ្មានស្នាមរបួស ទំហំ និងអាយុប៉ុនៗគ្នាមកដាក់ចិញ្ចឹម។
- ត្រូវកំណត់ដង់ស៊ីតេ ឬចំនួនកូនកង្កែបចិញ្ចឹមឲ្យបានសមស្របពោលគឺមិនត្រូវដាក់កូនកង្កែបចិញ្ចឹមលើសពី ១០០ក្បាលនៅក្នុង ១ម៉ែត្រការ៉េនៃអាង។
- ត្រូវផ្ដល់ចំណីដែលមានគុណភាពល្អដល់កង្កែបមានកម្រិតប្រូតេអ៊ីនខ្ពស់លើសពី២២%ឡើងទៅ និងគ្រប់គ្រាន់ ទៀងទាត់តាមពេលវេលាបានកំណត់។
- ត្រូវលាងសម្អាតបាតអាង និងផ្លាស់ប្ដូរទឹកថ្មីឲ្យបានទៀងទាត់ជាប្រចាំដើម្បីជៀសវាងការបង្កឲ្យមានជំងឺផ្សេងៗដល់កង្កែប។
- ត្រូវឧស្សាហ៍ព្យាយាមតាមដាន ត្រួតពិនិត្យជាប្រចាំនូវសកម្មភាពរស់នៅរបស់កង្កែប បើសង្កេតឃើញថា មានកង្កែបណា មានទំហំធំជាងគេ នោះត្រូវចាប់បំបែកវាចេញទៅដាក់ចិញ្ចឹមនៅអាងផ្សេងទៀត។
- ការចិញ្ចឹមកង្កែបត្រូវមានវិធានការណ៍ការពារជាមុន នោះជាកត្តាសំខាន់ដើម្បីឈានទៅរកភាពជោគជ័យ៕
អត្ថបទដោយ៖ សែន តុលា
ប្រភព៖ ក្រសួងកសិកម្ម
