More

    ដំណាក់កាលសំខាន់ៗ​​របស់​ដំណាំ​ពោត​

    - Advertisement -
    Advertisement

    ដំណាក់កាល​លូតលាស់​របស់​ដំណាំ​ពោត​​បែង​ចែកជា​​៤ដំណាក់កាល​។

    ១. ចាប់​ពី​ពេល​ដាំ​រហូត​ដល់​ពន្លក​ស្លឹក​

    ដំណាក់​កាល​នេះ​គិត​ចាប់​តាំង​ពី​ពេល​ ដែល​យើង​ដាក់​គ្រាប់​ពោត​ដាំ​រហូត​ដល់​ពេល​ដុះ​ចេញ​បាន​ស្លឹក​ ២-៣ ផុត​ពី​ដី​។ រយៈពេល​នេះ​គឺ​មាន​អាយុ​ប្រមាណ​ពី​ ៧-១០ថ្ងៃ​ បន្ទាប់​ពី​ថ្ងៃ​ដាំ​។

    ២. ពន្លក​ស្លឹក​រហូត​ដល់​ពេល​ចេញ​ផ្កា​

    ក្នុង​ដំណាក់​កាល​នេះ​ គេ​អាច​បែង​ចែក​ជា​២ដំណាក់​កាល​ គឺ​ការ​ដុះ​លូតលាស់​នៃ​ចំនួន​ថ្នាំង​ និង​ស្លឹក​ និង​ដំណាក់​កាល​មួយ​ទៀត​គឺ​ការ​លូតលាស់​នៃ​ដង​ដើម​ ឬ​ចន្លោះ​ថ្នាំង​ និង​ការ​ត្រៀម​ចេញ​ផ្កា​។

    ក្នុង​ដំណាក់កាល​ទី​១នេះ​ ដើម​ពោត​នៅ​តូច​ទាប​ ដូច្នេះ​ក្នុង​ចំការត្រូវតែ​គ្មាន​ស្មៅ​ និង​ត្រូវមាន​ទឹក​គ្រប់គ្រាន់​។ គិត​ពី​ថ្ងៃ​ដាំ​ រហូត​ដល់​ដំណាក់កាល​នេះ​ គឺ​មាន​អាយុ​ប្រមាណ​៣០ថ្ងៃ​។

    ដំណាក់កាល​ទី​២គឺ​យើង​សង្កេត​ឃើញ​ដង​ដើម​មាន​សន្ទុះ​លូតលាស់​យ៉ាង​លឿន​ និង​ដង​ដើម​ដុះ​លូតលាស់​ពេញ​កំពស់​ និង​រូបរាង​។ ក្នុង​ដំណាក់កាល​នេះ​គឺ​ទាមទារ​នូវ​ទឹក​ និង​ជីវជាតិ​គ្រប់គ្រាន់​ បើមិន​ដូចនេះទេ​អាច​បណ្ដាល​ឲ្យ​ការ​ចេញ​ផ្កា​ពុំ​បាន​ល្អ​ ការ​ដាក់​គ្រាប់ក៏​ពុំ​បាន​ល្អ​ និង​អាច​បណ្ដាល​ឲ្យ​ថយចុះ​ទិន្នផល​។ គិត​ពី​ថ្ងៃ​ដាំ​រហូត​ដល់​ថ្ងៃ​ចេញ​ផ្កា​ គឺ​មាន​រយៈពេល​ប្រមាណ​ពី​ ៤០-៧៥ថ្ងៃ​ ដោយ​យោង​ទៅ​តាម​ប្រភេទ​ពូជ​។

    ៣. ពេល​ចេញ​ផ្កា​រហូត​ដល់​ពេល​ចេញ​ផ្លែ​

    ដំណាំ​ពោត​ចេញ​ផ្កា ​ជា​ទូទៅ​នៅ​ពេល​ពោត​មាន​អាយុ​ប្រមាណ​ពី​ ៤៥-៧៥ថ្ងៃ​ បន្ទាប់​ពី​ថ្ងៃ​ដាំ​ ឬ​ នៅ​ពេល​ពោត​មាន​បង្កាត់​ចូល​គ្នា​ហើយ​។ រយៈពេល​ពី​ពេល​បង្កាត់​ រហូត​ដល់​ពេល​ដាក់​គ្រាប់​គឺ​ប្រមាណ​ជា​ ២១ថ្ងៃ​ និង​រយៈពេល​ពី​ពេល​ដាក់​គ្រាប់​ដល់​ពោត​រឹង​គឺ​ប្រមាណ​ជា​ ២៨-៣៥ថ្ងៃ​។

    ៤. ពេល​ទុំ​

    ពោត​ទុំ​គឺ​គេ​សង្កេត​ឃើញ​ដើម​ចាប់​ផ្ដើម​ប្រែ​ពណ៌​មក​ជា​លឿង​ ស្លឹក​ចាប់​ផ្ដើម​ក្រៀម​ស្ងួត​ ហើយ​សំណើម​ក្នុង​គ្រាប់​មាន​ត្រឹម​តែ​ ២៥%ប៉ុណ្ណោះ​។ បើ​យើង​ប្រឡេះ​គ្រាប់​ពោត​នោះ​មើល​យើង​ឃើញ​មាន​ទង​គ្រាប់​ពណ៌​ខ្មៅ​ ឬ​ជាប់​នឹង​ស្នូល​មាន​ពណ៌​ខ្មៅ​។ បើ​គិត​ចាប់​ពី​ថ្ងៃ​ដាំ​រហូត​ដល់​ថ្ងៃ​ទុំ​គឺ​ប្រមាណ​៩០​ថ្ងៃ​-១៣០ថ្ងៃ​ ដោយ​យោង​ទៅ​តាម​ប្រភេទ​ពូជ​។

    អត្ថបទដោយ៖ សែន តុលា
    ប្រភព៖ ក្រសួងកសិកម្ម

    - Advertisement -
    Advertisement