ជំងឺរលួយគល់ដំណាំ
ជំងឺរលួយកូនដំណាំគឺជាជំងឺម្យ៉ាងដែលតែងតែជួប្រទះជាញឹកញាប់ទាំងនៅលើកូនដំណាំតូចៗ និងលើដំណាំធំ។ ជំងឺនេះច្រើន កើតលើដំណាំជាច្រើនប្រភេទដូចជា ពពួកស្ពៃ ម្ទេស ការរ៉ុត ត្រសក់ ស្ពៃក្ដោប សាលាដ និងដំឡូងជាដើម។
មូលហេតុនៃការកកើតជំងឺ
ជំងឺរលួយកូនដំណាំបណ្ដាលមកពីបាក់តេរីដែលរស់នៅក្នុងដី។ ពួកវាបង្ករោគឡើងតាមរយៈស្នាមរបួសដែលបណ្ដាលមកពីសត្វ ល្អិតបំផ្លាញ ឬក៏អាចបណ្ដាលមកពីការមុតឬដាច់ក្នុងកំឡុងពេលសំអាតស្មៅជាដើម។
រោគសញ្ញានៃការបំផ្លាញ
ជាធម្មតាជំងឺនេះចាប់ផ្ដើមនៅផ្នែកខាងក្រោមនៃស្លឹកចាស់ ឬស្លឹកដែលស្ថិតនៅផ្នែកខាងក្រោមគេបំផុតជិតដី។ ពេលដែលឆ្លង ជំងឺដើមឬធាងវាចាប់ផ្ដើមរលួយហើយប្រែទៅជាប្រផេះដែលមានជាតិទឹកមានក្លឹនស្អុយខ្លាំង។ វារីករាលដាលយ៉ាងឆាប់រហ័ស ពេញរុក្ខជាតិទាំងមូល ហើយពេលដែលដើមបន្លែរលួយងាប់ បាក់តេរីចាប់ផ្ដើមផ្លាស់ទីចូលទៅក្នុងដីដើម្បីស្វែងរកជំរកថ្មី តាមរយៈ ទឹកភ្លៀង សម្ភារៈដែលយើងប្រើប្រាស់មិនបានសម្អាត ឬតាមការស្រោចស្រព។
ដំណោះស្រាយ
ជាធម្មតាជំងឺដែលកើតហើយមិនងាយក្នុងការកំចាត់នោះទេ យើងត្រូវរកវិធីការពារ ឬបង្ការកុំអោយវាកើតលើដំណាំ។ វិធានការ ខាងក្រោមនេះជាវិធីការពារមួយចំនួនដែលគេអនុវត្ដន៍មុនពេលការកើតឡើងជំងឺរលួយមានដូចជា៖
មុនពេលដាំដុះ
– ជៀសវាងការដាំលើដីដែលជាំទឹក ត្រូវដាំនៅលើដីដែលស្រស់ទឹក ឬដាំលើធ្នើរផុតពីទឹក
– មិនត្រូវដាំស្ពៃលើដីដដែលៗទេ ត្រូវផ្លាស់ប្ដូរមុខដំណាំ ឬប្ដូរដីដាំចេញព្រោះ បើដាំដំណាំដដែលវានឹងឆ្លងជំងឺកាន់តែធ្ងន់ធ្ងរ ដោយសារបាក់តេរីមានក្នុងដីស្រាប់។ បើសិនជាចង់ដាំលើដីដដែលត្រូវប្ដូរមុខដំណាំ ឬទុកដីហាលចោលអោយបាន២ទៅ៣ខែ មុនធ្វើការដាំដុះ។
បច្ចេកទេសក្នុងការដាំដុះ
– ដាំដុះអោយមានគម្លាតគុម្ពសមស្របកុំដាំញឹក ឬជិតគ្នាខ្លាំងពេកដើម្បីអោយខ្យល់ និងពន្លឺចេញចូលបានគ្រប់គ្រាន់
– ប្រើប្រាស់ចំបើងឬស្លឹកឈើស្ងួតគ្របលើរងជំវិញគល់ដំណាំ ដើម្បីកាត់បន្ថយការឆ្លងបាកតេរីទៅកន្លែងផ្សេងទៀត តាមរយៈ ការខ្ទាត់ទឹកអំឡុងពេលភ្លៀង ហើយចំបើងក៏ជួយកាត់បន្ថយការដុះស្មៅផងដែរ។
- ប្រើប្រាស់ប្រព័ន្ធដំណក់ទឹកជួយកាត់បន្ថយការរីករាលដាលនៃជំងឺ
– យករុក្ខជាតិដែលឆ្លងជំងឺទៅដុតឬកប់ចោលឲ្យឆ្ងាយពីចំការ
ក្រោយពេលប្រមូលផល
– ប្រមូលយកកាកសំណល់បន្លែដែលនៅសល់ទៅដុតចោលឬកប់អោយជ្រៅក្នុងដីមុនពេលដាំដំណាំថ្មី ហើយភ្ជួរហាលដីឲ្យបាន ២ទៅ៣ដងមុនដាំដុះ
- បង្វិលដំណាំជាមួយដំណាំផ្សេងទៀតដែលធន់នឹងជំងឺរលួយមានពពួក សណ្ដែក ត្រសក់ ឬប៉េងបោះជាដើម។
អត្ថបទដោយ៖ Kakse / កសិ
