ដោយសារតែបញ្ហាកត្តាចង្រៃបំផ្លាញទៅលើដំណាំ ទើបធ្វើឲ្យមានការកើនឡើងនៃការប្រើប្រាស់ថ្នាំពុលគីមីដើម្បីកំចាត់នូវពពួកកត្តាចង្រៃទាំងនោះ។
ជាការពិតណាស់ថ្នាំពុលទាំងនោះមិនត្រឹមតែពុលទៅលើកត្តាចង្រៃទេ តែវាក៏ប៉ះពាល់ទៅលើសុខភាពរបស់អ្នកប្រើប្រាស់ផងដែរ។
អ្នកប្រើប្រាស់ថ្នាំពុលមួយចំនួនគិតថា ការប្រើប្រាស់ថ្នាំពុលតិចតួចវាមិនប៉ះពាល់អ្វីនោះទេ ទើបមានការធ្វេសប្រហេសក្នុងការការពារខ្លួនឲ្យបានត្រឹមត្រូវ។
ការប្រើប្រាស់ថ្នាំពុលមិនបានត្រឹមត្រូវនឹងបណ្ដាលឲ្យប៉ះពាល់ដល់សុខភាព ហើយវាក៏អាស្រ័យទៅតាមកម្រិតពុលរបស់ថ្នាំ និងកម្រិតសុខភាពរបស់អ្នកប្រើប្រាស់ដូចគ្នា។
អ្នកប្រើប្រាស់ត្រូវអនុវត្តន៍ការប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវ ដើម្បីបង្ការនិងការពារសុវត្ថិភាពសុខភាព។ មានចំណុចមួយចំនួនដែលអាចជួយឲ្យកសិករប្រើប្រាស់ថ្នាំពុលឲ្យបានត្រឹមត្រូវ៖
- ការលាយថ្នាំ ត្រូវលាយនៅកន្លែងដែលមានខ្យល់ចេញចូលល្អ
- ជៀសវាងការលាយថ្នាំឲ្យលើសពីតម្រូវការ
- ត្រូវលាយតាមកម្រិតណែនាំដែលមាននៅលើកញ្ចប់ថ្នាំ
- អ្នកបាញ់ថ្នាំត្រូវពាក់ម៉ាស់ អាវជិតៗ បើអាចត្រូវទិញអាវការពារពេលបាញ់ថ្នាំ
- ហាមដាច់ខាតជក់បារី ផឹកទឹក ឬទទួលទានចំណីអាហារអំឡុងពេលបាញ់ថ្នាំឬនៅជិតកន្លែងបាញ់ថ្នាំ
- ការបាញ់ថ្នាំត្រូវបាញ់នៅពេលដែលមេឃត្រជាក់ លើកទឹកចិត្តឲ្យបាញ់នៅពេលរសៀល
- ពេលបាញ់ អ្នកបាញ់ត្រូវតែឈរពីខាងលើខ្យល់ ជៀងវាងការនៅក្រោមខ្យល់ដែលអាចបណ្ដាលឲ្យខ្យល់បក់ថ្នាំមកត្រូវខ្លួន
- ឧបករណ៍ដែលប្រើពេលបាញ់ថ្នាំ ត្រូវលាងសម្អាតឲ្យបានស្អាតល្អ និងមិនត្រូវយកទៅប្រើប្រាស់បន្តក្រៅពីទុកបាញ់ថ្នាំនោះទេ
- បន្ទាប់ពីបាញ់ថ្នាំរួច អ្នកបាញ់ថ្នាំត្រូវសម្អាតខ្លូនឲ្យបានស្អាតជាមួយសាប៊ូ។
អត្ថបទដោយ៖ Kakse/កសិ
