More

    ហេតុអ្វីកសិករមិនគួរដាំដំណាំដដែលៗ​លើ​ដី​របស់​ខ្លួន​?​

    - Advertisement -
    Advertisement

    ការដាំដុះដំណាំគឺត្រូវការដីដែលមានជីវជាតិល្អទើបដំណាំលូតលាស់បានល្អ។ ការដាំដំណាំតែមួយមុខលើដីដដែលៗគឺមិនសូវទទួលបានទិន្នផលល្អទេ ដែលភាគច្រើនកសិករតែងតែហៅថាដំណាំខ្លាចខ្មោចដំណាំ។ ឧទាហរណ៍​ពេលដែលយើងដាំដុះដំណាំខ្ញីហើយ យើងក៏ប្រមូលផល តែក្រោយពីការប្រមូលផលរួចយើងក៏ដាំខ្ញីទៅវិញដដែលលើដីដដែល នោះវានឹងធ្វើឲ្យខ្ញីយើងរលួយ ឬលូតលាស់មិនល្អ។

    នៅពេលដែលយើងដាំដុះដំណាំដដែលៗវាធ្វើឲ្យអតុល្យភាពសារធាតុចិញ្ចឹមក្នុងដី ដោយសារឫសដំណាំនីមួយៗគឺស្រូបយកសារធាតុចិញ្ចឹមមិនដូចគ្នា ដំណាំខ្លះត្រូវការធាតុអាសូតច្រើន ដំណាំខ្លះត្រូវការផូស្វ័រ និងខ្លះទៀតត្រូវការទាំងបីមុខដែលមានទាំងអាសូត ផូស្វ័រនិង ប៉ូតាស្យូម និងធាតុផ្សេងទៀតផងដែរ។ ការដាំដំណាំដដែលត្រូវការភ្ជួរដីក្នុងជម្រៅដដែលៗ ដែលអាចបណ្ដាលឲ្យដីក្ដាំងនៅស្រទាប់ក្រោម។ 

    គុណវិបត្ដិនៃការដាំដំណាំតែមួយមុខលើដីដដែលៗ

    ដំណាំងាយរងសត្វល្អិត និងជំងឺ៖ សត្វល្អិតតែងតែរស់នៅកន្លែងណាដែលសំបូរចំណីដែលវាចូលចិត្ដ ហើយវានឹងបន្ដូពូជយ៉ាងឆាប់រហ័ស និងរីកធំធាត់លឿនព្រោះសំបូរអាហារ។ បើយើងនៅតែដាំដំណាំតែមួយមុខមិនផ្លាស់ប្ដូរទេវានឹងកើតកូនចៅទៅជំនាន់ក្រោយទៀតនាំឲ្យពិបាក គ្រប់គ្រង។

    ដីដែលដាំម្ដងហើយតែងតែកើតមាននូវពពួកបាក់តេរី ផ្សិត ដែលវាបង្កជាជំងឺដល់ដំណាំ ជាហេតុ​នាំឲ្យ​ទិន្នផលធ្លាក់ចុះ ការលូតលាស់មិនលូវល្អ ដោយសារតែសត្វល្អិតនិងជំងឺបំផ្លាញ។

    ក្រៅពី​នេះ​ក៏​ធ្វើឲ្យដីអាចបាត់បង់ជីវជាតិណាមួយ ឬធាតុណាមួយច្រើន មានន័យថាបើយើងដាំដុះតែស្ពៃដដែលៗនោះក្នុងដីនឹងបាត់បង់ធាតុអាសូតច្រើន ហើយ​បើដាំដុះដំណាំយកផ្លែ​ដដែល​ៗវិញ ក្នុងដីនឹងបាត់បង់ផូស្វ័រ និងប៉ូតាស្យូមច្រើន។

    ហេតុផលទាំងអស់នេះហើយទើបកសិករគួរតែដាំដំណាំច្រើនមុខនៅលើដីតែមួយ​ដើម្បី​ការពារ និងគ្រប់គ្រងសត្វល្អិត​បាន។ ម្យ៉ាងវិញទៀតពេលដែលទីផ្សារធ្លាក់ចុះមួយមុខយើងនៅមានបន្លែ ផ្សេងទៀតដែលថ្លៃអាចទប់ទល់នឹងការខាតបង់ផង​ដែរ​។

    អត្ថបទដោយ៖ Kakse / កសិ

    - Advertisement -
    Advertisement