More

    អាកាសធាតុ​ក្ដៅ​​ប៉ះពាល់លទ្ធភាពផលិតពងរបស់មាន់

    - Advertisement -
    Advertisement

    កសិដ្ឋាន​ចិញ្ចឹម​មាន់​យក​ពងនៅ​តាម​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​ថៃ​មាន​ការ​រង​ប៉ះពាល់​នឹង​កម្ដៅ​ និង​កង្វះ​ទឹក​ ដែល​ជា​លទ្ធផល​បាន​ធ្វើ​ឲ្យ​កសិដ្ឋាន​របស់​ពួក​គេ​ផលិត​បាន​នូវ​ពងមាន់​តូច​ៗ និងមាន​​តិច​ ដោយ​ផល​នៃ​ពងមាន់​ ៥០% មាន​ទម្ងន់​ ៥៥-៥៩ក្រាម​ ក្នុង​មួយ​គ្រាប់​ ឬ​ក៏​អាច​តិច​ជាង​នេះ​។

    យ៉ាង​ណា​ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​មួយ​នេះ​ជូន​ប្រជាកសិករ​ទូទៅ​ សារព័ត៌មាន​ Asian Agribiz បាន​ធ្វើ​ការ​សម្ភាសន៍​កសិករ​ជនជាតិ​ថៃ​ ដែល​មាន​បទពិសោធន៍​ជើង​ចាស់​ម្នាក់​ដើម្បី​បង្ហាញ​ពី​បទពិសោធន៍​ និង​វិធីសាស្ត្រ​ដែល​លោក​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​។

    អ្នក​មាន​បទពិសោធន៍​ខាង​កសិកម្ម​ម្នាក់​នេះបាន​រៀប​រាប់​ពី​សារៈសំខាន់​ និង​​តួនាទី​នៃ​ដំបូល​ដែល​ប្រក់​ពី​លើ​កសិដ្ឋាន​ទាំង​នោះ​ ដោយ​លោក​បាន​ធ្វើ​ការ​លើក​ឡើង​ថា​អ្វី​ដែល​សំខាន់​នោះ​គឺ​ដំបូង​នោះ​ត្រូវ​ភ្ជាប់​នឹង​អ៊ីសូឡង់​ការពារ​កម្ដៅ​ និង​ធ្វើ​យ៉ាង​ណា​ឲ្យ​កសិដ្ឋាន​នោះ​មាន​ខ្យល់​ចេញ​ចូល​ ៣,៥ ម៉ែត្រ​/វិនាទី​។

    កសិករ​ទាំង​អស់​ត្រូវ​មាន​ឧបករណ៍​ឲ្យ​បាន​គ្រប់សព្វ​សម្រាប់​កសិដ្ឋាន​របស់​ខ្លួន​ដូច​ជា​ កង្ហារ​ ម៉ាស៊ីន​បូម​ទឹក​ និង​ទ្រនាប់​ត្រជាក់​ ដែល​ឧបករណ៍​ទាំង​នោះ​ត្រូវ​តែ​ដំណើរ​ឲ្យ​បាន​ត្រឹមត្រូវ​ជា​ទី​បំផុត​។

    ទុយយោ​បូម​ទឹក​ត្រូវ​ធ្វើ​យ៉ាង​ណា​មាន​ទ្រនាប់​ការពារ​ពី​កម្ដៅ​ថ្ងៃ​ និង​កប់​នៅ​ក្រោម​ដី​ ព្រោះ​តែ​បើ​រៀបចំ​ទុយយោ​ទឹក​នេះ​មិន​សមស្រប​ទេ​នោះ​នឹង​ធ្វើ​ឲ្យ​ទឹក​ដែល​បូម​មក​មាន​កម្ដៅ​ក្ដៅ​។ កាល​ណា​ទឹក​ក្ដៅ​ សត្វ​មាន់​នឹង​ផឹក​ទឹក​តិច​ និង​ធ្វើ​ឲ្យ​កម្ដៅ​នៅ​ក្នុង​កសិដ្ឋាន​ ឬ​ក៏​ទ្រុង​នោះ​កាន់​តែ​ក្ដៅ​។

    លោក​ក៏​បាន​ឲ្យ​យោបល់​ថា​​៖” បើ​សិន​ជា​ថ្ងៃ​ណា​មាន​កម្ដៅ​ខ្លាំង​ពេក​ នោះ​សត្វ​មាន់​នឹង​មិន​ស៊ីចំណីនៅ​ពេល​ថ្ងៃ​ក្ដៅ​នោះ​ទេ​ អីចឹង​ហើយ​យើង​មាន​កែសម្រួល​រឿង​លេង​ពន្លឺ​ ដែល​វា​ទាមទារ​ឲ្យ​យើង​ត្រូវ​ចេះ​បិទ​ភ្លើង​ប្រហែល​ ៤ម៉ោង​នៅ​ពេល​ថ្ងៃ​ និង​បើក​ភ្លើង​វិញ​នៅ​ពេល​យប់​អីចឹង​ហើយ​អាច​ធ្វើ​ឲ្យ​សត្វ​មាន់​ស៊ីចំណី​នៅ​ពេល​យប់​នោះ​។

    លោក​ក៏​បាន​ឲ្យ​យោបល់​ផង​ដែរ​ អ្វី​ដែល​សំខាន់​លើស​ពី​នេះ​ទៀត​នោះ​គឺ​ត្រូវ​ចេះ​រៀប​ដង់ស៊ីតេ​មាន់​រវាង​ខែ​ត្រជាក់​ និង​ខែ​ក្ដៅ​។ ឧទាហរណ៍​ បើ​ខែ​ត្រជាក់​យើង​ដាក់​មាន់​ ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ ១១ក្បាល​ ដល់​ពេល​​ខែ​ក្ដៅ​យើង​ដាក់​ត្រឹម​ ១០ក្បាល​/ម៉ែត្រ​ការ៉េ​។

    មិន​តែ​ប៉ុណ្ណោះ​លោក​ក៏​បាន​បញ្ជាក់​លើ​បញ្ហា​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​សត្វ​មាន់​ដែល​យើង​ចិញ្ចឹម​ឲ្យ​បាន​ដិតដល់​ជា​ទី​បំផុត​ ក្នុង​ខែ​ក្ដៅ​ ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ទឹក​ឲ្យ​គ្រប់គ្រាន់​ ទោះ​ជា​ក្នុង​ករណី​ប្រព័ន្ធទឹក​ខួច​យ៉ាង​ណា​ក៏​ដោយ​។

    អ្នក​មាន​បទពិសោធន៍​ខាង​ចិញ្ចឹម​មាន់​ជនជាតិ​ថៃ​រូប​នេះ​បាន​ធ្វើ​ការ​រៀបរាប់​ពី​កសិដ្ឋាន​របស់​លោក​ ដោយ​លោក​បាន​ផ្គត់ផ្គង់​ទឹក​គ្រប់​គ្រាន់​ ថែម​ទាំង​មាន​ម៉ាស៊ីន​ចម្រោះទឹក​ថែម​ទៀត​ផង​។ លោក​បាន​លើក​ឡើង​ថា​ ធ្វើ​យ៉ាង​ណា​ត្រៀម​ទាក់ទង​ក្រុមហ៊ុន​ និង​អាជ្ញាធរ​ដើម្បី​ផ្គត់ផ្គង់​ទឹក​ឲ្យ​យើង​ឲ្យ​បាន​ត្រឹម​ត្រូវ​ក្នុង​ករណី​ចាំបាច់ណាមួយ​បំផុត​ ដែលយើង​ត្រូវការ៕​

    អត្ថបទដោយ៖ សែន តុលា
    ប្រភព៖ Asian Agribiz

    - Advertisement -
    Advertisement