មាន់គឺជាសត្វសាច់ប្រើសម្រាប់ផ្គត់ផ្គង់ដល់មនុស្សធ្វើជាអាហារ ដូច្នេះការមើលទាំគឺត្រូវតែមើលថែឲ្យបានដិតដល់ជៀសវាងបង្កជំងឺផ្សេងៗឆ្លងដល់មនុស្ស។
ជាពិសេសនៅក្នុងពេលរដូវកាលធ្លាក់ភ្លៀងសត្វមាន់អាចនឹងកើតជំងឺផ្លូវដង្ហើម ព្រោះតែភ្លៀងបានធ្វើឲ្យបរិយាកាស និងកន្លែងរស់នៅរបស់វាងាយនឹងកខ្វក់ បង្កឲ្យបាត់អនាម័យ ដូចជាដក់ទឹកជាដើម បង្កជាក្លិនមិនល្អ នាំឲ្យកើតជាជំងឺផ្លូវដង្ហើមដល់មាន់។
ជំងឺផ្លូវដង្ហើម កើតឡើងដោយបាក់តេរីម្យ៉ាង ដែលមានឈ្មោះថា Mycoplasma Gallisepticum ដោយបាក់តេរីនេះវាយប្រហារផ្លូវដង្ហើម បំពង់ខ្យល់ បណ្ដាលឲ្យសត្វមាន់មានបញ្ហាសុខភាព បណ្ដាលឲ្យស្ដ្រេស ហេវហត់ និងកើតជាជំងឺផ្លូវដង្ហើម។
រោគសញ្ញាមួយចំនួន ដែលម្ចាស់កសិដ្ឋានគួរយល់ដឹងគឺ សត្វមាន់អាចមានអាការៈមួយចំនួនដូចជាហូរទឹករំអិលតាមច្រមុះ និងភ្នែក កណ្ដាស់ ក្អក បាត់បង់ចំណង់អាហារ ដកដង្ហើមញាប់ៗ ស្ដ្រេស និងសំកុកជាដើម។
ជំងឺផ្លូវដង្ហើម កើតលើសត្វមាន់អាចមានដូចជា ជំងឺផ្ដាសាយបក្សី ជំងឺ Aspergillosis ជំងឺអុតស្វាយមាន់ និងជំងឺរលាកទងសួតផ្សេងៗ។
នៅក្នុងការព្យាបាលជំងឺផ្លូវដង្ហើមនេះ ម្ចាស់កសិដ្ឋានអាចធ្វើការព្យាបាលតាមរយៈធម្មជាតិដោយទុកឲ្យជំងឺជាដោយឯកឯង ប៉ុន្តែករណីនេះសម្រាប់តែចំពោះជំងឺមានស្ថានភាពស្រាលប៉ុណ្ណោះ។
ចំពោះករណីធ្ងន់ធ្ងរ ឬក៏មិនច្បាស់ពីស្ថានភាពជំងឺត្រូវមានការព្យាបាលពីគ្រូពេទ្យសត្វឲ្យបានច្បាស់លាស់ ផ្ដល់ថ្នាំ ប៉ុន្តែបើជៀសវាងបានគឺកុំប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទីក ព្រោះថ្នាំនេះនឹងប៉ះពាល់សុខភាពសត្វមាន់ក្នុងរយៈពេលវែងឆ្ងាយ។
យ៉ាងណាលក្ខខណ្ឌចម្បងក្នុងការបង្កាកុំឲ្យកើតឡើងមានជំងឺដូចខាងលើ ម្ចាស់កសិដ្ឋានត្រូវតែមើលថែទាំសត្វមាន់ឲ្យបានល្អក្នុងរដូវភ្លៀងនេះ ត្រូវសម្អាតកន្លែងរស់នៅ និងសត្វមាន់ឲ្យបានស្អាត ជៀសវៀងបង្កភាពកខ្វក់ធ្វើឲ្យសត្វមាន់ងាយនឹងឆ្លងជំងឺ៕
ប្រភព៖ Naturalremedy
