ការបណ្ដុះកូនដំណាំត្រូវបានគេធ្វើឡើងដោយការលាយដីជាមួយនឹងជី រួចដាក់គ្រាប់ដំណាំចូលដើម្បីបណ្ដុះ។ ការប្រើវិធីសាស្ត្របែបនេះត្រូវបានគេប្រើប្រាស់មកជាយូរណាស់មក។ តែការប្រើប្រាស់ដីសុទ្ធក្នុងការបណ្ដុះកូនដំណាំវាធ្វើឲ្យអត្រាដំណុះមានការថយចុះ ដោយសារតែដីមានសភាពហាប់ ទោះយើងបានលាយវាជាមួយនឹងជីកំប៉ុស្តិ៍រួចក៏ដោយ ដែលនេះវាជាកត្តាធ្វើឲ្យកូនដំណាំពិបាកក្នុងការងើបពន្លកចេញមកខាងលើ ។
ម៉្យាងវិញទៀត ដីដែលបណ្ដុះកូនដំណាំនោះមិនអាចរក្សាជាតិទឹកបានយូរនោះទេ ដែលធ្វើឲ្យដីឆាប់ស្ងួត។
ដូច្នេះតើគួរធ្វើបែបណា?
ការប្រើប្រាស់ដីដើម្បីបណ្ដុះកូនដំណាំគឺយើងនៅតែរក្សាដដែល តែអ្វីដែលយើងគួរធ្វើនោះគឺការបន្ថែមស្រកីដូងម៉ដ្ឋចូល។
ដោយយើងអាចប្រើប្រាស់ដីត្រឹមតែមួយភាគ ជីកំប៉ុស្ដិ៍មួយភាគ នឹងបន្ថែមស្រកីដូងម៉ដ្ឋ៣ភាគ បានន័យថា បើសិនយើងប្រើប្រាស់ដីមួយធុង យើងអាចដាក់ជីកំប៉ុស្ដិ៍១ធុង និងស្រកីដូងម៉ដ្ឋ៣ធុង។ ការលាយដីបែបនេះធ្វើឲ្យកូនដំណាំដែលយើងដាំអាចមានការលូតលាស់ល្អ ដោយសារដីមានសភាពធូរ និងអាចរក្សាសំណើមបានល្អ។
ប្រភព៖ researchgate.net
