More

    បច្ចេកទេសចិញ្ចឹមចង្រិតសម្រាប់អ្នកចង់ផ្ដើមអាជីពនេះ

    - Advertisement -
    Advertisement

    សត្វចង្រិត គឺជាសត្វល្អិតមួយក្នុងចំណោមសត្វល្អិតដែលគេនិយមបរិភោគ។ ក្នុងការចិញ្ចឹមចង្រិតគេមិនសូវចំណាយដើមទុនច្រើនទេ ហើយ​ងាយស្រួលថែរក្សា។ ចង្រិន​ក៏មានជីវជាតិខ្ពស់ និងរស់ជាតិឆ្ងាញ់ផងដែរ។ សត្វចង្រិតមានផ្ទុកនូវសារធាតុចិញ្ចឹមដ៏ប្រសើរ ព្រមទាំងជាប្រភពប្រូតេអ៊ីនប្រហែល ៦៥% វីតាមីន និងសារធាតុរ៉ែជាច្រើន។ វាពិតជាគួរឱ្យភ្ញាក់ផ្អើលសត្វចង្រិត​មានបរិមាណ​ប្រូតេអ៊ីន​ប្រហាក់ប្រហែលនឹង​សាច់គោ តែ​មានផ្ទុកសារធាតុរ៉ែ​ច្រើនជាង​សាច់គោ។ ចង្រិត គឺជាប្រភពប្រូតេអ៊ីនពេញលេញមានន័យថាវាផ្ទុកអាស៊ីតអាមីណេសំខាន់ៗទាំងអស់។ ពួកវាក៏មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ និង ៦ ផងដែរហើយវាមាន​ជាតិ​កាល់ស្យូម ជាតិដែក និងវីតាមីន B12 ខ្ពស់។ 

    ១.ពូជចង្រិត

    • ចង្រិតមានច្រើនពូជដូចជា ចង្រិតក្រហម (ចង្រិតស្វា) ចង្រិតស (ចង្រិតទឹកឃ្មុំ) ចង្រិតខ្មៅ (ចង្រិតដែក) និងចង្រិតដូង។ ចង្រិតដែលគេនិយមចិញ្ចឹមគឺ មានត ចង្រិតក្រហមទេ វាមាន​មាឌមធ្យម និងអាចប្រមូល​ផលបាន​នៅអាយុពី ៤០ ទៅ ៥០ថ្ងៃ (ជាមធ្យម ៤៥ថ្ងៃ បន្ទាប់ពីញាស់)។
    • ចង្រិត ក្រហមពេល​ពេញវ័យមានទម្ងន់​ខ្លួនជាមធ្យម ០,៩ ក្រាម (នៅពេលប្រមូលផល )
    • ជើងខាងក្រោយធំ​​ហើយវែង
    • ចង្រិតញី​មានបំពង់បង្ហូរ​ពងវែង
    • ចង្រិតក្រហម​ចូលចិត្ត​រស់នៅ​តាម​ទីវាល ស្រែ ចម្ការ
    • ចង្រិតក្រហម មានភាពធន់មធ្យម ទៅនឹងជំងឺឆ្លង
    • ធន់នឹងការប្រែប្រួលអាកាសធាតុ
    • អត្រា​ជាន់​ឈាម​ទាប
    • អត្រា​ញាស់​របស់ពងខ្ព​ស់
    • អត្រារស់​ពីញាស់ដល់ពេញវ័យ​ខ្ពស់
    • ចង្រិតក្រហម អាចចិញ្ចឹមក្នុងអាងដែលមានដង់ស៊ីតេខ្ពស់ មានទីផ្សារក្នុងស្រុក។ សម្រាប់ចង្រិតស្រស់ ជាមធ្យមលក់បាន ​៣ដុល្លាក្នុង​មួយ​គីឡូក្រាម។
    • ចាប់ផ្តើម​ចិញ្ចឹមដំបូង ត្រូវទិញមេបាពូជ ពីអ្នកចិញ្ចឹម​ផ្សេងៗ

    ២. អាងសម្រាប់ចិញ្ចឹមចង្រិត

    ចំពោះអាងចិញ្ចឹមចង្រិតលក្ខណៈគ្រួសារមាន ២ប្រភេទ ទី១ ប្រភេទធុងជ័រ (១៤០លីត្រ) និងទី២ បំពង់លូស៊ីម៉ង់ត៍ (អង្កត់ផ្ចិត ០,៨ម ទៅ ១ម)។ ជាទូទៅកសិករនិយមចិញ្ចឹមក្នុងបំពង់លូស៊ីម៉ង់ត៍ជាង។

    • សម្ភារៈធ្វើអាង និងការតម្លើងអាងចិញ្ចឹមចង្រិត៖
    • បំពង់លូ ៣កង់ អង្កត់ផ្ចិត ០,៨ម៉ែត្រ ឬ ១ម៉ែត្រ កំពស់ ០,៥ម៉ែត្រ
    • ខ្សាច់ ១រម៉ក ឬ ០,៥ម៉ែត្រគូប
    • ស៊ីម៉ង់ត៍ ១ប៉េ ឬ ៥០ គ.ក
    • ក្រដាស់កាតុងពងមាន់ (ផ្លា) ចំនួន៖ ៧២បន្ទះ សម្រាប់លូ ០,៨ម៉ែត្រ /៩៩ បន្ទះ សម្រាប់លូ ១ម៉ែត្រ
    • គម្របធុងប៉េត្រូ ឬ ថាសចំនួន ២ សម្រាប់ដាក់ចំណី១ និងទឹក១
    • ពោះវៀនម៉ូតូចាស់ចំនួន១ សម្រាប់ចង់ស្បៃគ្របមាត់លូ
    • សំណាញ់ ឬស្បៃផ្លាស្ទិច ១ផ្ទាំងទំហំ៖ ១ម×៣ម សម្រាប់លូ ០,៨ម៉ែត្រ / ១,២ម×៣,៦ម សម្រាប់លូ ១ម៉ែត្រ
    • ក្នុងមួយអាងទទួលបានចង្រិត ៤គ.ក
    • ការតម្លើងអាង
    • ចាក់ខ្សាច់ទ្រាប់បាតទំហំ ១,៤ម×៣,៥ម សម្រាប់លូ ១ម៉ែត្រ ហើយកាយឲ្យស្មើ កម្រាស់ ៥សម
    • ដាក់លូលើខ្សាច់ ដោយទុកចន្លោះ ៥សម ពីលូនីមួយៗ
    • លាយស៊ីម៉ង់ត៍ និងខ្សាច់ចាក់ក្នុងលូទាំង ៣កង់ ឲ្យបានកម្រាស់ ២សម
    • ធ្វើចង្អូរព័ទ្ធជុំវិញលូទាំង ៣កង់
    • បិទស្កុតមាត់លូ
    • រៀបកំណល់ឈើ
    • រៀបក្រដាស់កាតុងពងមាន់ លើកំណល់ឈើ ( សម្រាប់ចង្រិតលាក់ខ្លួន និងរស់នៅ )
    • ដាក់ថាស់ទឹក និងថាស់ចំណី
    • ដាក់ចានពងចូលដើម្បីភ្ញាស់ (ពូជចង្រិតក្រហមប្រើ ៤ចាន ក្នុង១អាង )
    • ដាក់គម្របស្បៃ/សំណាញ់ផ្លាស្ទិចគ្របមាត់លូ ទាញឲ្យបានស្មើល្អ

    ៣.ការផ្ដល់ចំណី និងទឹក

    • នៅថ្ងៃញាស់ដំបូង យើងត្រូវរើបចំដាក់ថាសចំណីរាក់ៗដូចជា គម្របធុងប៉េត្រូ ត្រដាស់ឡាំងរឹង ឬសំបកបាវ ដើម្បីឲ្យកូនចង្រិតតូច​ទាំងនោះឡើង​ស៊ីបាន​​យ៉ាងងាយ​ស្រួល។ ចំពោះ​កូនចង្រិត​អាយុក្រោម​២០ថ្ងៃ ត្រូវផ្ដល់​ចំណីកូនមាន់​ដែលមានជាតិប្រូតេអ៊ីន ២១% និងអាចបន្ថែមស្លឹក​ដំឡូងមី ឬត្រកួន​ជាដើម ប៉ុន្តែអ្នកចិញ្ចឹមខ្លះ​ទៀតផ្ដល់​ចំណីទា​ពងដល់​កូនចង្រិត តាំង​​ពីថ្ងៃដែលទើបញាស់ម្ល៉េះ។ ការផ្ដល់ទឹក​ដល់​កូនចង្រិត​ដែល​ទើប​ញាស់គួរ​តែប្រើ​អេប៉ុង  ឬស្រកីដូង​ទុំដោយ​ជ្រលក់​ទឹក​ឲ្យ​សើមល្មម​ រួច​ហើយយក​អេប៉ុង​ដាក់​ក្នុងថាសទឹក​ក្នុង​កន្លែ​ងចិញ្ចឹម​។ ហាម​ដាក់​សើម​ខ្លាំង​ពេកដែល​អាច​ធ្វើ​​ឲ្យ​​កូនចង្រិតអាចងាប់។ ក្នុងមួយ​ថ្ងៃត្រូវ​បាញ់​ទឹកផ្សើមអេប៉ុង​ចំនួន​២ដង។
    • ចំពោះចង្រិតធំ ក៏មិនខុសគ្នា​ជាមួយការផ្ដល់​ចំណីកូនចង្រិតដែរ។ គេលាយ​ចំណី​កូន​មាន់ដែល​មានជាតិប្រូតេអ៊ីន ២១% និង​ចំណីមាន់ធំដែលមានជាតិប្រូតេអ៊ីន ១៤% លាយបញ្ចូលគ្នា សម្រាប់ចង្រិត​ដែលមាន​អាយុច្រើន​ជាង ​២០ថ្ងៃ។ អ្នកចិញ្ចឹម​ខ្លះប្រើ​មេចំណីសម្រាប់​ជ្រូកលាយជា​មួយ​កន្ទក់ ( មេចំណី ១ភាគ លាយជាមួយកន្ទក់​ម៉ត់ ៣​ភាគ ) សម្រាប់​ផ្ដល់​ឲ្យចង្រិត​ធំ ( អាយុច្រើនជាង២០ថ្ងៃ )។ ចំពោះចំ​ណីរុក្ខ​ជាតិ​វិញ​ត្រូវដាក់​ចម្រុះគ្នាឲ្យបាន​ច្រើនមុន​ដូច​ជា ស្លឹក​ដំឡូងមី មមាច​ខ្មោច​ផ្កាស្វាយ មមាច​ខ្មោច​ផ្កាលឿង ​ស្ពៃទឹក/ស្ពៃគោក ត្រកួន ជាដើម។ ចង្រិតធំដែល​មានអាយុ​លើស ២០ថ្ងៃ គេអាច​ប្រើគម្របធុង​ប៉េត្រូ ឬកំទេច​ថ្មដាក់​ក្នុង​ថាសទឹក​បាន ដើម្បីឲ្យ​ស្រួលលាង​សម្អាតថាសទឹក ដោយដាក់​ទឹក​ផ្ទាល់ក្នុងថាសទឹក​តែម្ដង​ ដែលមាន​ជម្រៅ​រាក់ជាង​ ១សម​។
    • ចំណាំ៖ ចំណីត្រូវដាក់​បន្ថែម​រាល់​ពេល​ជិត​អស់​ ឬអស់​ ពីថាស​ចំណី។ មិន​អាច​កំណត់ចំនួនប៉ុន្មានដែលត្រូវដាក់ទេ ប៉ុន្តែត្រូវតែដាក់រាល់ពេលជិតអស់ចំណី។

    ៤.ការប្រមូលផល

    • ចាប់លើកក្រដាស់កាតុងពងមាន់ (ផ្លា) ដែលចង្រិតលាក់ខ្លួន និងរស់នៅ ម្ដងមួយគូ ហើយគោះថ្នមៗឲ្យធ្លាក់ចង្រិតចូលក្នុងចានដែក ឬចានជ័រធំល្មម ដែលពុំទាន់មានដាក់ទឹក
    • ចាក់ផ្ទេរចង្រិតទៅក្នុងចានដែល ឬចានជ័រ ចូលក្នុងធុង ឬចានដែកមួយផ្សេងទៀត ដែលមានទឹកស្អាតក្នុងនោះ មិនឲ្យធ្លាក់កាកសំណល់ផ្សេងៗចូល ដូចជាអាចម៌ចង្រិត កម្ទេចកម្ទីចំណី ដើម្បីលាងសម្អាត។
    • ចង្រិតត្រូវត្រាំទឹកប្រហែល ១-២ម៉ោង រហូតដល់ចង្រិតងាប់អស់ និងលាងសម្អាតឲ្យបាន ៣ ទៅ ៤ដង ដើម្បីឲ្យស្អាតល្អ
    • ដាក់ចង្រិតដែលបានលាងសម្អាតរួចក្នុង កញ្រ្ចែងដែលមានប្រហោងតូចៗ ១-២ម៉ោង ឲ្យបានស្រស់ទឹក ស្ងួតល្អ វេចខ្ចប់រក្សាទុក។
      ប្រសិន​បើ​បង​ប្អូន​ជា​អ្នក​មាន​បទពិសោធចិញ្ចឹម​ចង្រិត​​មាន​អ្វី​ចង់​ចែក​រំលែក អាច​ទាក់ទង​កសិ​តាម​ហ្វេស​ប៊ុក​ផេក​បាន​។

      ចែករំលែកដោយ៖ ឡឹក​​ គឹមសួរ
      ប្រភព៖ FAO

    - Advertisement -
    Advertisement