More

    ជំងឺបួនប្រភេទឧស្សាហ៍កើតលើកូនជ្រូកទើបកើត

    - Advertisement -
    Advertisement

    ក្នុងការចិញ្ចឹមជ្រូកកសិករប្រាកដជាជួបបញ្ហាផ្សេងៗកំឡុងពេលដែលជ្រូកលូតលាស់ ហើយក្នុងចំណោមបញ្ហាទាំងនោះ បញ្ហាជំងឺជាបញ្ហាដែលសំខាន់និង​ទាមទារឲ្យអ្នកចិញ្ចឹមត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ជៀសវាងការខាតបង់ផ្សេងៗ។ ខាងក្រោមនេះជាប្រភេទជំងឺដែលឧស្សាហកើតលើកូនជ្រូក។

    ១.​​ ជំងឺរាកលើកូនជ្រូកដែលទើបកើត

    ក. មូលហេតុ៖កូនជ្រូកកើតបាន ២ ទៅ ៣ថ្ងៃ ច្រើនមានជំងឺរាកធ្ងន់ធ្ងរ រួចហើយងាប់ដែលជាទូទៅ គឺបណ្ដាលមកពី៖

    • មេជ្រូកពេល​ផើមខ្វះវីតាមីនA កាលណាមេជ្រូក​ផើម​ខ្វះវីតាមី A កូនដែលកើតមកក៏ខ្វះវីតាមីននេះដែរ។ កង្វះវីតាមីន A ពោះវៀនគ្មានអ្វីការពារមេរោគ​បាន​ ដូច​ជាមេរោគ​ពពួក​ Colibacille និង Salmonella ដែល​អាច​រាតត្បាត បណ្ដាលឲ្យមានជំងឺរាក។
    • មេជ្រូកធ្លាប់មានជំងឺ​ Salmonellosis កាលណាមេមានជំងឺនេះ កូនក្នុងពោះក៏អាចរាតត្បាតដោយជំងឺនេះដែរ។ ជួនកាលមេរោគនេះឆ្លងតាមរយៈការបៅទឹកដោះមេ កូនជ្រូកមានជំងឺ Salmonellosis នឹងក៏បណ្ដាលឱ្យរាក។
    • មកពីមេជ្រូកមានជំងឺហើមស្បូនមានខ្ទុះដូច្នេះក្នុងទឹកដោះ​ក៏មានជាតិ​ពុល​កាលណា​កូនបៅបណ្ដាល​ឲ្យ​មានជំងឺ​រាក
    • មកពីមេមានទឹកដោះច្រើនពេក កូនបៅទឹកដោះច្រើនពេក​ជាតិសាច់​មិនរំលាយ​ក៏បណ្ដាល​ឲ្យ​រាក
    • មេស៊ីចំណីមិនល្អដុះផ្សិត ឬជូរផ្អូម
    • កូនជ្រូកខ្វះជាងដែក
    • កូនជ្រូកមានជំងឺរលាកផ្ចិត ហើមមានខ្ទុះ មេរោគនៅផ្ចិតរាតត្បាតដល់ពោះវៀនបណ្ដាលឲ្យរាក
    • ពីទ្រុងសើម ត្រជាក់កូនរងាចុះខ្សោយបើកហើយមិនរំលាយអាហារ។

    ខ. រោគសញ្ញា

    ពេលទើបចាប់ផ្ដើមឈឺដំបូងកូនជ្រូកនៅបៅតិចៗកំដៅខ្លួនឡើងបន្តិច ៣៩,៥ ទៅ ៤០អង្សារ។ កូនជ្រូករាក មានលាមកពណ៌លឿងបន្ទាប់មកក៏ងាប់យ៉ាងរហ័សតែក្នុងរយៈពេលមួយថ្ងៃ ដោយសារតែមេរោគចូលទៅក្នុងឈាម។ មានករណីខ្លះទៀតកូនជ្រូកឈឺអត់បៅ ៣ទៅ៤ ថ្ងៃទើបងាប់។ ក្នុងកម្រិតស្រាលកូនជ្រូកឈឺដេកន្ត្រាក់ខ្លួនញ័រញាក់ ចុះស្គមខ្សោយទៅៗ រហូតដល់ងាប់បើមិនព្យាបាលទាន់ពេលវេលាអាចងាប់កូនអស់ទាំងសម្បុក។

    គ. កាព្យាបាល

    • ផ្លាស់ប្ដូរចំណីឲ្យមេជ្រូកស៊ីបន្លែស្រស់ឲ្យបានច្រើនដើម្បីជួយផ្គត់ផ្គង់វីតាមីន A និងបន្ថយទឹកដោះរបស់មេ។
    • ឲ្យកូនជ្រូកបៅតាមពេលម៉ោងកំណត់ បន្ថយការបៅរបស់វា ដាក់កូនជ្រូកក្នុងទ្រុងកម្ដៅ ស្ងួត ស្អាត
    • ព្យាបាលជំងឺរលាកស្បូនឲ្យមេជ្រូកបើសិនជាមានជំងឺនេះ
    • ព្យាបាលជំងឺរលាកផ្ចិត្តឱ្យកូនជ្រូកបើសិនជាកូនជ្រូកមានជំងឺនេះ

    ២.ជំងឺហើមផ្ចិត

    ក. មូលហេតុ

    បណ្ដាលមកពីមិនបានសម្អាតទងផ្ចិត មិនបានចង និងលាបថ្នាំសម្លាប់មេរោគ ឬក៏មកពីចងមិនជាប់ មកពីកាត់មិនស្អាតល្អ ដែលបណ្ដាលឲ្យមេរោគរាតត្បាល​បណ្ដាល​ឲ្យទងផ្ចិតហើម។ មុនពេលកើតទងផ្ចិត គឺជាទងសុកដែលភ្ជាប់សរសៃឈាមសម្រាប់កូនជ្រូកនឹងសន្លឹកសុក។ ក្រោយពេលកើត​សរសៃឈាម​នៅ​ទងផ្ចិត​ស្វិត​បន្តិចម្ដងៗ រហូត​ដល់ទៅ​អស់​តែម្ដង។

    ខ. រោគសញ្ញា

    ក្នុងលក្ខខណ្ឌធម្មតាពេលផ្ចិតគ្មានមេរោគតែ ៤ ទៅ ៥ថ្ងៃ នោះទងផ្ចិតនឹងបានជាល្អ ប៉ុន្តែបើមានមេរោគរាតត្បាតអាចបណ្ដាលឲ្យហើម កូនជ្រូកឡើងដំបៅ មិនសូវបៅដោះ ហើយបណ្ដាលឲ្យមានរោគសញ្ញាបីបែបដូចតទៅនេះ៖

    • មេរោគចូលទៅក្នុងឈាមធ្វើដំណើរពាសពេញសារពាង្គកាយ រួចហើយមកប្រមូលផ្ដុំនៅសន្លាក់ឆ្អឹងជើង។
    • កូនជ្រូកមានជំងឺរាក
    • កូនជ្រូកមានជំងឺស្កន់ជាន់ (តេតាណូស)

    គ. វិធីការពារនិងព្យាបាល

    ក្រោយពេលកើត ត្រូវដាក់កូនជ្រូកក្នុងទ្រុងកម្ដៅ រាល់​ពេលឲ្យកូន​ជ្រូក​បៅត្រូវពិនិត្យ​ទងផ្ចិត ​លាបថ្នាំក្រហម​មួយថ្ងៃម្ដង។ កាលណាយើងពិនិត្យឃើញទងផ្ចិតក្រៀម​បន្តិចម្ដងៗ​ ពីក្រៅទៅក្នុងស្បែកពោះនោះគឺជាការល្អ ប៉ុន្តែផ្ទុយ​ទៅវិញបើ​ឃើញទងផ្ចិត​ហើមស្ទាប​ទៅ​ទន់ៗ នោះគឺជារោគសញ្ញានៃការ​ហើមផ្ចិត​ ហើយ ត្រូវព្យាបាលជាបន្ទាន់ៈ

              – ស្រាយខ្សែចងទងផ្ចិត ឲ្យទឹកពណ៌លឿងហូរចេញ

              – លាងសម្អាតផ្ចិតម្ដងទៀត

              – ចងទងផ្ចិតឡើងវិញដោយសរសៃចេស ដែលបានសម្លាប់មេរោគរួចហើយ

    ៣.ជំងឺខ្វះជាតិស្ករក្នុងឈាម

    ក. មូលហេតុ

    កូនជ្រូកដែលទើបកើត ជួនកាលមានការរំលាយជាតិស្ករយឺត ហើយការបំបែកជាតិ Glucogene ឲ្យទៅជាជាតិស្ករមិនបានសម្រួល បណ្ដាលឲ្យកូនជ្រូកខ្វះជាតិស្ករក្នុងឈាម។

    មេជ្រូកខ្វះទឹកដោះដោយសារមានជំងឺហើមស្បូន ហើមពោះ ឬក៏មកពីជំងឺដទៃទៀតដូចជាជំងឺប៉េស្ត ជំងឺរាក ។ល។ ក៏ជាមូលហេតុបណ្ដាលឲ្យកូនជ្រូកមានជំងឺជាតិស្ករក្នុងឈាមដែរ។

    កូនជ្រូកដែលមានជំងឺ បណ្ដាលមលពីរោគ Streptococcus, Colibacille, Salmonella, Erysipelotrix ជាដើម ហើយកូនជ្រូកដែលមានជំងឺរាកក៏បណ្ដាលឲ្យមានជំងឺខ្វះជាតិស្ករក្នុងឈាម។

    ដូចនេះយើងឃើញថាជំងឺខ្វះជាតិស្ករក្នុងឈាមជួនកាលអាចបណ្ដាលមកពីជំងឺផ្សេងៗទៀត។ ជំងឺខ្វះជាតិស្ករក្នុងឈាម កើតឡើងតែលើកូនជ្រូកអាយុប្រហែល​១០ថ្ងៃ ចំណែកឯកូនជ្រូកលើស ១០ថ្ងៃ ចេះលិឍចំណី ដូចនេះការបំលែងជាតិស្ករត្រូវបានសម្រួល។

    ខ.​ រោគសញ្ញា

    តាមធម្មតាកម្រិតជាតិស្ករក្នុងឈាមកូនជ្រូកគឺ ១០០ ទៅ ១៤០ mg/១០០ccឈាម  នៅពេលដែលតួលេខនេះចុះនៅត្រឹមតែ ២០ mg/១០០cc ឈាម នោះជារោគសញ្ញានៃការខ្វះជាតិស្ករនឹងកើតមានឡើង។

    ដំបូងកូនជ្រូកក្តៅ ស្បែកឡើងកន្ទួលក្រហម​ជើងទាំងបួន​ដើរគន្ធីងគន្ធាំង ឬជួនកាល​តែ​ជើងពីរ​ខាងក្រោយទេ ដេកសន្លឹម កន្ត្រាក់ជើងទាំង​បួនដូចស្កន់ជាន់ រឹងខ្លួន រឹងក។ ក្រោយស្គន់ជាន់ប៉ុន្មានម៉ោងស្បែកត្រឡប់មកជាស្លេក​កូនជ្រូកសន្លប់រួចហើយងាប់។

    គ. វិធីការពារ និង ព្យាបាល

    • ព្យាបាលជំងឺឲ្យមេជ្រូក ដើម្បីឲ្យសម្បូរទឹកដោះឡើងវិញទុកដាក់កូនជ្រូកនៅកន្លែងកក់ក្តៅ
    • ប្រើថ្នាំអង់ទីប៊ីយ៉ូទិក ទៅលើកូនជ្រូកដែលមានជំងឺ។

    ៤.ជំងឺមិនរំលាយអាហារចំពោះកូនជ្រូកបៅដោះ

    ក. មូលហេតុ

    ជំងឺនេះកើតមានតែនៅលើកូនជ្រូកអាយុក្រោម ១ខែ ប៉ុណ្ណោះដោយសារតែការប្រែប្រួលអាកាសធាតុ កូនជ្រូករងារ បៅច្រើន កម្រាលទ្រុងសើម ដោយសារត្រជាក់ពោះបានជាបៅហើយមិនរំលាយអាហារ។

    ខ. រោគសញ្ញា

    • កូនជ្រូកឈឺ ស្រងូតស្រងាត់ បៅតិច ក្អួតចេញទឹកដោះទាំងដុំៗ ជួនកាលរាក ក្នុងករណីត្រជាក់ខ្លាំងបណ្ដាលឲ្យប្រកាច់កន្ត្រាក់ជើងរួចហើយងាប់។
    • ជំងឺនេះងាយព្យាបាល ហើយក៏មិនអាចឲ្យយើងច្រឡំនឹងជំងឺដទៃទៀតដូចជាជំងឺប៉េស្ត ឬជំងឺព្រូនទេ។

    គ. ការព្យាបាល

    • បន្ថយកុំឲ្យវាបៅច្រើនពេក រៀបចំទ្រុងឲ្យកក់ក្តៅ និងប្រើថ្នាំទៅតាមការណែនាំ

    សូម​ប្រឹក្សា​ជាមួយ​ពេទ្យ​សត្វជំនាញ ដើម្បី​បាន​ព័ត៌មាន​កាន់តែ​ច្បាស់​បើ​សិន​ជា​បាន​ជួប​អាការៈគួឲ្យ​សង្ស័យ​លើ​កូន​ជ្រូក​របស់​បងប្អូន​។​

    ចែករំលែកដោយ៖ ឡឹក​ គឹមសួរ
    ប្រភព៖ NADIS​, Oxford Sandy and Black Pig Group 

    - Advertisement -
    Advertisement