More

    ហេតុអ្វីមេគោស្គមក្រោយកើតកូន?

    - Advertisement -
    Advertisement

    ការចិញ្ចឹមគោ គឹតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់មិនថា កូន​គោ​ មេគោ គោជំទង់ ឬក៏គោបាឡើយ។ ដូច្នេះហើយកសិករ ឬអ្នកចិញ្ចឹមគោអាចនឹងជួបបញ្ហាតិចឬច្រើន អាស្រ័យលើការចិញ្ចឹម និងការថែទាំផ្សេងៗ។ ក្នុងចំណោមបញ្ហាទាំងអស់នោះយើងសង្កេតឃើញថា មេគោចុះស្គមក្រោយ​កើតកូនរួច វាជាបញ្ហាចម្បងដែលប្រជាកសិករ និងអ្នកចិញ្ចឹមគោតែតែជួបប្រទះ។​ តើមូលហេតុអ្វីបានជាមេគោស្គមក្រោយ​កើតកូនរួច? តើគួរធ្វើបែបណា?

    + មុនពេលកើត

    • ក្រពះចាប់ផ្តើមដំណើរការកាន់តែច្រើនជាងមុន
    • ដោះចាប់ផ្ដើមឡើងធំ
    •  កូននៅក្នុងពោះលូតលាស់ច្រើនក្នុងអំឡុងពេលនេះ
    •  មុខងារនៃប្រព័ន្ធ​ការពារ​រាងកាយ​ត្រូវ​បាន​ទាញ​ទៅជំរុញ​ដើម្បី​ផលិត​ជាតិ​ទឹកដោះ
    • ការប្រែប្រួលអ័រម៉ូនត្រៀមកើតកូន
    •  គោតានតឹងនៅពេលកើតកូន។

    +បន្ទាប់ពីកើតកូនរួច

    • ការស៊ីចំណីអាហារនឹងតិចជាងធម្មតា​ ឬថយចុះដោយសារតែ៖
    1. ការប្រើប្រភេទចំណីដែលស្ងួតពេកដូចជាចំបើងជាដើម
    2. ការបញ្ចេញអាំងស៊ុយលីនច្រើនជាងមុន
    3. ដំណើរការនៃប្រតិកម្មមេតាប៉ូលីសកើនឡើង ដោយ​សំយោគកោសិកាខ្លាញ់ដែលផ្ទុកថាមពលដែលផ្ដល់ទៅឲ្យក្រពេញទឹកដោះដើម្បីផលិតទឹកដោះ។  
    4. បញ្ហាប្រព័ន្ធរំលាយអាហារ និងបញ្ហាសុខភាពគោ
    • បាត់បង់ជាតិកាល់ស្យូមច្រើន ដោយសារការផលិតទឹកដោះ និងទឹកដោះដំបូង
    • ស្បូន និងអូវែត្រូវចាប់ផ្ដើមត្រឡប់មកដូចដើម និងដំណើរការឡើងវិញ។ ត្រង់ចំណុចមានន័យថាថាមពល សារធាតុចិញ្ចឹម… ផ្សេងៗ ត្រូវបានផ្គត់ផ្គង់ទៅផ្នែក ឬប្រព័ន្ធបន្តពូជដើម្បីឲ្យមានសភាពដូចដើម និងប្រកតីវិញ។
    • បរិមាណទឹកដោះគោនឹងចាប់ផ្តើមកើនឡើងជាលំដាប់

    តើអ្នក​ចិញ្ចឹម​ទាំងអស់​គ្នា​ឃើញទេថាមានរឿងជាច្រើនកើតឡើងមុននិងក្រោយពេលគោកើតកូន?

    ជាទូទៅបញ្ហាទាំងអស់នេះគេអាចមើលឃើញបន្ទាប់ពី ២១ថ្ងៃ ក្រោយកើតកូន គឺមានការរផ្លាស់ប្តូរ ដែលបានកើតឡើងគួរឲ្យកត់សម្គាល់ដែលបង្កបញ្ហាជាច្រើនដល់សត្វគោ។ ដោយសារ​តែ​គោ​​ស៊ី​តិច ប៉ុន្តែ​ត្រូវ​តែ​ផលិត​ទឹកដោះឲ្យបាន​ច្រើន មូលហេតុទាំងនេះហើយដែល​បង្កឲ្យសត្វគោ​ចុះស្គម​បាន​យ៉ាង​ងាយ​​ក្នុង​អំឡុង​​ពេល​នេះ។

    + ដំណោះស្រាយ និងការណែនាំសម្រាប់ការថែទាំសត្វគោក្នុងអំឡុងពេលនេះ

    ១. ត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះសត្វគោក្នុងអំឡុងពេលនេះ​ ដោយផ្ដល់នូវចំណីដែលមានគុណភាព សម្បូរទៅដោយសារធាតុចិញ្ចឹមខ្ពស់ យើងត្រូវដាក់មេគោ និងកូនគោដាច់ដោយឡែកពីហ្វូង ហើយសម្អាតក្រោល​ជាប្រចាំ។

    ២. សត្វគោ ជាធម្មតានឹងស៊ីចំណីតិចក្នុងអំឡុងពេលក្រោយកើតកូនរួច ដូច្នេះយើងគួរតែរកវិធីដើម្បីធានាថា គោនៅតែទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់។

    • ឧបមាថា ពីមុនយើងឲ្យគោស៊ីចំបើង១០គីឡូ តែយើងអាចប្តូរមកដាក់ ដើមពោតស្រស់ ឲ្យគោស៊ីជំនួសវិញត្រឹមតែ ៥គីឡូ​
    • ប្រសិនបើយើងធ្លាប់ប្រើចំណីក្រុមហ៊ុនដែលមានប្រូតេអ៊ីន ១៦% ឲ្យគោស៊ី ៦គីឡូក្រាម​ ក្នុងមួយថ្ងៃ យើងអាចប្តូរទៅជាចំណីក្រុមហ៊ុនដែលមានប្រូតេអ៊ីន ២១% ឲ្យគោស៊ី ៣គីឡូក្រាម ក្នុងមួយថ្ងៃជំនួសវិញ។ 
    • បើយើងធ្លាប់ឲ្យគោស៊ីស្មៅ ៣០គីឡូក្រាម ក្នុងមួយថ្ងៃ យើងអាចបន្ថែមសារធាតុចិញ្ចឹម និងចំណីស្រស់ផ្សេងៗទៀតដូចជា ដើមពោត ស្លឹកដំឡូង និងប្រភេទស្មៅចំណីសត្វបាន។ សរុបមកយើងត្រូវធ្វើយ៉ាងណាដើម្បីឱ្យសត្វគោទទួលបាន ” សារជាតិ​ចិញ្ចឹម ” ច្រើនបំផុតក្នុងអំឡុងពេលនេះ។

    ៣. យើងអាចចាក់ពពួកវីតាមីនដូចជា វីតាមីន ADE, E, ឬសេលេញ៉ូមអាចត្រូវបានផ្តល់ឱ្យក្នុងអំឡុងពេលនេះដើម្បីទប់ស្កាត់បញ្ហាប្រព័ន្ធបន្តពូជដែលនឹងកើតឡើង។ ត្រង់​ចំណុច​នេះ កសិករ​យើង​គួរ​ប្រឹក្សា​ជាមួយ​ពេទ្យ​សត្វ​ជំនាញ​។

    ៤. សង្កេតលើរាងកាយរបស់គោមានដូចជា ឆាប់ស្រកសាច់ ឆ្អឹងជំនីលេចចេញច្បាស់ជាងមុន នៅចន្លោះឆ្អឹងជំនីផ្នែកខាងក្រោយនិងឆ្អឹងត្រកៀកមានលក្ខណៈផតជាងមុន និងយកចិត្តទុកដាក់ការស៊ីចំណីរបស់គោ ព្រមទាំងពិនិត្យសុខភាពរបស់គោជាប្រចាំមានដូចជា បញ្ហារលាកក្បាលដោះ ការរលាកស្បូន អាចមានដំបៅក្នុងមាត់ មិនព្រមស៊ីចំណីជាដើម។

    ដូច​គ្នា​ដែរ ម្ចាស់​ត្រូវតែយកចិត្តទុកដាក់ជាពិសេសក្នុងអំឡុងពេលក្រោយកើតកូន គឺមិន​គ្រាន់​តែ​​ការ​ផ្តល់​ចំណី​ដែល​មាន​បរិមាណ​ច្រើន​​នោះ​ទេ តែចំណីដែលផ្ដល់ឲ្យត្រូវតែមានសារជាតិ​ចិញ្ចឹមគ្រប់គ្រាន់ និងមានគុណភាពផងដែរ។ ដើម្បីឲ្យសុខភាពគោបានប្រសើឡើងវិញ ប្រកបដោយប្រសិទ្ធភាព ហើយក៏ធ្វើឲ្យគោ​មិនងាយ​ឈឺ ឬ​ទ្រុឌទ្រោម​ និងឆាប់បាន​​ដាក់បា ឬបង្កាត់​ពូជផងដែរ ។

    សម្រាប់​អ្នក​ចិញ្ចឹមគោ​ផ្សេង​ទៀត បើ​បង់ចែក​រំលែក​បទ​ពិសោធ​ចិញ្ចឹម​គោ កុំ​ភ្លេច​ទាក់ទង​មក​កសិ/Kakse។ ​

    ចែក​រំលែក​ដោយ៖ ឡឹក គឹមសួរ
    ប្រភព៖ Sciencedirect

    - Advertisement -
    Advertisement