More

    ជួប​បញ្ហា​ខ្យង​បំផ្លាញ​ស្រូវ​ដោះស្រាយ​បែប​ណា?​

    - Advertisement -
    Advertisement

    បើ​និយាយ​ពី​ខ្យងពណ៌​​មាស ឬខ្យងស៊ីស្រូវ កសិករ​ផលិត​ស្រូវ​ច្បាស់​ជា​ស្គាល់​មិន​ខាន និង​ដឹង​ថា​ខ្យង​ប្រភេទ​នេះ​​បង្ក​គ្រោះ​ថ្នាក់​ដល់​ដំណាំ​ស្រូវ​កម្រិត​ណា​នោះ​។​

    ខ្យង​ពណ៌​មាស​ មាន​ដើម​កំណើត​នៅ​អាមេរិក​ខាង​ត្បូង និង​បាន​នាំ​មក​តំបន់​អាស៊ី​នៅ​ទសវត្ស​ឆ្នាំ​១៩៨០ ក្នុង​គោល​បំណង​សម្រាប់​ធ្វើ​ជា​អាហារ។ ប៉ុន្តែ​ក្រោយ​មក​ខ្យង​មួយ​ប្រភេទ​នេះ​បាន​ក្លាយ​ជា​ភ្នាក់​ងារ​បំផ្លាញ​ស្រូវ​​ដ៏​គួរ​ឲ្យ​បារម្ភ​មួយ​របស់​កសិករ​។​

    ខ្យង​ពណ៌​មាស​ ​​ស៊ី​ស្រូវ​ដែល​នៅ​សភាព​ខ្ចី ឬ​ស្រូវ​ទើប​ដុះ។ ខ្យង​​ស៊ី​​គល់​ស្រូវ​ដែល​នាំ​ឲ្យ​ដើម​ស្រូវ​ត្រូវ​ខូច​ទាំង​ស្រុង​។​

    ​ខ្យង​នេះ​រស់​នៅ​ដោយ​របៀប​ម៉េច?​

    ​ខ្យង​ប្រភេទ​​នេះ​អាច​ផ្លាស់​ទី​តាម​ប្រព័ន្ធធារាសាស្រ្ត ដូចជា​ប្រឡាយ ឬ​ផ្លូវ​ទឹក​ធម្មជាតិ និង​ពេល​មាន​ទឹក​ជំនន់​ជា​ដើម​។​

    ពេល​ដែល​គ្មាន​ទឹក ខ្យង​ប្រភេទ​នេះ​អាច​កប់​ខ្លួន​ក្នុង​ដី​ភក់ ឬ​ដី​ក្រាំង​ក្រោះ​រហូត​ដល់​ប្រាំ​មួយ​ខែ ហើយ​នៅ​ពេល​មាន​ទឹក​មក​ក្នុង​ដី​ស្រែ​វិញ ខ្យង​នឹង​លេច​ឡើង​មក​វិញ​។​

    ខ្យង​ពណ៌មាស​អាច​បំផ្លាញ​ស្រូវ​ព្រួស ឬ​សន្ទូង​ក្នុង​អាយុ​៣០​ថ្ងៃ​ដំបូង ហើយ​នៅ​ពេល​​សន្ទូង​មាន​អាយុ​ដល់​៣០​ទៅ​៤០​ថ្ងៃ​ នោះ​សន្ទូង​នឹង​មាន​​ដើម​រឹង​គ្រប់​គ្រាន់​ដើម្បី​ទប់​ទល់​នឹង​ខ្យង​បាន​។

    ខ្យង​ពណ៌​មាស​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ភ្នាក់​ងារ​បំផ្លាញ​ស្រូវ​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ​។ បើ​សិន​ជា​មិន​មាន​ការ​គ្រប់​គ្រង​ច្បាស់​លាស់​ទេ ខ្យង​នេះ​នឹង​អាច​បំផ្លាញ​ស្រូវ​ក្នុង​រង្វង់​១ម៉ែត្រ​ការ៉េ​ក្នុង​មួយ​យប់​ ដែល​ការណ៍​នេះ​អាច​បំផ្លាញ​ផល​ដំណាំ​យ៉ាង​ហោច​ណាស់​​៥០​ភាគរយ​។​

    ដោះស្រាយ​បញ្ហា​ខ្យង​ពណ៌​មាស​បំផ្លាញ​ស្រូវ​បែប​ណា?

    ពេល​វេលា​សំខាន់​ក្នុង​ការ​គ្រប់​គ្រង​បញ្ហា​ខ្យង​ពណ៌​មាស​នេះ​គឺ​អំឡុង​ពេល​រៀបចំ​ដី និង​ព្រួស​ស្រូវ ឬ​ស្ទូង ជា​ពិសេស​គឺ​នៅ​១០​ថ្ងៃ​ដំបូង​បន្ទាប់​ពី​ស្ទូង​រួច ឬ​២១​មួយ​ថ្ងៃ​ដំបូង​បន្ទាប់​ពី​ព្រួស​ស្រូវ​រួច​។​បន្ទាប់​ពី​នេះ​ស្រូវ​អាច​មាន​លទ្ធភាព​ទប់​ទប់​នឹង​ការបំផ្លាញ​របស់​ខ្យង​ពណ៌​មាស​បាន​ហើយ​។​​

    ចូល​​រួម​ជា​សហគមន៍​

    ​វិធី​គ្រប់​គ្រង​បញ្ហា​ខ្យង​ពណ៌​មាស​នេះ​ដែល​ល្អ​បំផុត គឺ​ការ​ចូល​រួម​របស់​សហគមន៍​ទាំង​មូល ដោយ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​កាត់​បន្ថយ​ចំនួន​ខ្យង​នៅ​ក្នុង​តំបន់​របស់​ខ្លួន​។​

    អ្នក​ភូមិ​អាច​រួម​គ្នា​ប្រមូល​ខ្យង និង​ពង​ខ្យង​ក្នុង​សហគមន៍​របស់​ខ្លួន​ក្នុង​អំឡុង​ពេល​រៀប​ចំ​ដី​ស្រែ និង​ពេល​ស្ទូង ឬ​ព្រួស​ស្រូវ​។

    ​មួយ​វិញ​ទៀត​ការ​រក្សា​ដីស្រែ​​មិន​ឲ្យ​មាន​ទឹក​ក្នុង​រយៈ​ពេល​​៣០​ថ្ងៃ​បន្ទាប់​ពី​ព្រួស​ស្រូវ ឬ​២៥​ទៅ​៣០​ថ្ងៃ​ក្រោយ​ពី​ស្ទូង​ក៏​អាច​កាត់​បន្ថយ​ការ​បំផ្លាញ​ស្រូវ​ពី​ខ្យង​បាន​ដែរ។ ខ្យង​ទាំង​នេះ​នឹង​ពិបាក​ផ្លាស់​ទី​បើ​គ្មាន​ទឹក ឬ​ទឹក​មាន​កម្ពស់​ទាប​ជាង​២​សង់ទីម៉ែត្រ​​។​ បន្ថែម​ពី​នេះ​ការ​ដាក់​ទា​ឲ្យ​ដើរ​ស៊ី​ខ្យង​នៅ​ពេល​រៀបចំ​ដី​ត្រៀម​ស្ទូង​ក៏​ជា​វិធី​ជួយ​កម្ចាត់​ខ្យង​នេះ​ដែរ។ ទា កណ្ដុរ និង​បក្សី​មួយ​ចំនួន​ទៀត ស៊ី​កូន​ខ្យង​ជា​អាហារ​។

    មួយ​វិញ​ទៀត​ខ្យងពណ៌មាស​ចូល​ចិត្ត​ស្លឹក​ល្ហុង និង​ស្លឹក​ដំឡូង​មី ដូច​នេះ​យើង​អាច​ដាក់​ស្លឹក​ទាំង​នេះ​ក្នុង​ស្រែ​ដើម្បី​ឲ្យ​ខ្យង​មក​តោង​រួច​រើស​ខ្យង​ទាំង​នោះ​ចេញ​ពី​ស្រែ​។ ដូច​គ្នា​ដែរ ស្លឹក​ថ្នាំ​ជក់​​ឬ​ស្លឹក​ក្រូច​ ក៏​អាច​ជួយ​ដេញ​ពពួក​ខ្យងពណ៌មាស​នេះ​ដែរ​។​​​

    គ្រប់​គ្រង​ទឹក​

    ខ្យងពណ៌មាស​នឹង​ពិបាក​ផ្លាស់ទី​បើ​សិន​ជា​ទឹក​ក្នុង​ស្រែ​តិច​ ឬ​មិន​មាន​ទឹក​។ ដូច​នេះ​ដើម្បី​ទប់​ស្កាត់​ខ្យងពណ៌មាស​ស៊ី​ស្រូវ​ទើប​ដុះ ឬ​ទើប​ស្ទូង កសិករ​គួរ​រក្សា​ទឹក​ក្នុង​ស្រែ​ឲ្យ​នៅ​ទាប​ជាង​២សង់ទីម៉ែត្រ កម្ពស់​ទឹក​ទាប​បែប​នេះ​ធ្វើ​ឲ្យ​ខ្យងពណ៌មាស​ពិបាក​ផ្លាស់ទី​។ មួយ​វិញ​ទៀត ការ​ស្ទូង​ស្រូវ ក៏​ជា​វិធី​មួយ​ជួយ​ការ​ពារ​ការ​បំផ្លាញ​ពី​ខ្យងពណ៌មាស​បាន​ល្អ​ជាង​ការ​ព្រួស​ស្រូវ​ផង​ដែរ​។

    បើ​បង​ប្អូន​មាន​វិធីសាស្រ្តល្អៗ​ក្នុង​ការ​កម្ចាត់ពពួកខ្យងស៊ីស្រូវ កុំភ្លេច​ចែក​រំលែក​បទពិសោធ​ជាមួយ កសិ/Kase ណា​។​

    ប្រភព៖ Knowledgebank

    - Advertisement -
    Advertisement